(ថៃ)៖ នៅក្នុងបេសកកម្មបំពេញការងារនៅប្រទេសថៃ លោកបណ្ឌិតសុខ សុក្រឹត្យា ទីប្រឹក្សាសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា និងជារដ្ឋលេខាធិការក្រសួងទេសចរណ៍ បានចូលជួបពិភាក្សាការងារជាមួយលោក Jirayut Supsrisopha ប្រធាន និងជាអគ្គនាយកក្រុមហ៊ុន Bitkub Capital Group Holdings Co., LTD. (Thailand) ដែលជាក្រុមហ៊ុនឈានមុខផ្នែកបច្ចេកវិទ្យាឌីជីថល Blockchain Financial ក្នុងប្រទេសប្រទេសថៃ។ ជំនួបពិភាក្សានេះ ធ្វើឡើងដើម្បីផ្លាស់ប្តូរបទពិសោធន៍ ទាក់ទងការប្រើប្រាស់ប្រព័ន្ធឌីជីថលប្រកបដោយសក្តានុពល និងប្រសិទ្ធភាពខ្ពស់នៅក្នុងក្រុមហ៊ុនឈានមុខមួយនេះ។

ក្នុងជំនួបដែលធ្វើឡើងកាលពីពេលថ្មីៗនេះ លោកបណ្ឌិត សុខ សុក្រឹត្យា បានឱ្យដឹងថា ជំនួបពិភាក្សានោះ លោកបានសិក្សាស្វែងយល់ អំពីការប្រើប្រាស់ប្រព័ន្ធឌីជីថល ហើយបានលោកមានបំណងនាំយកប្រព័ន្ធបច្ចេកវិទ្យាដ៏ទំនើបនេះទៅប្រើប្រាស់ក្នុងឧស្សាហកម្មទេសចរណ៍នៅកម្ពុជានាពេលខាងមុខ។ លោកបណ្ឌិតថ្លែងបន្តថា បើតាមការបញ្ជាក់របស់ក្រុមហ៊ុនឈានមុខ Bitkub របស់ប្រទេសថៃមួយនេះ ការប្រេីប្រាស់ប្រព័ន្ធឌីជីថលសម្រាប់អាជីវកម្មគឺងាយស្រួលហើយទទួលបានប្រសិទ្ធភាពខ្ពស់។

លោកបណ្ឌិត បានឲ្យដឹងផងដែរថា ក្រុមហ៊ុន Bitkub Capital Group Holdings Co., LTD. (Thailand) គឺជាក្រុមហ៊ុនបម្រើការងារផ្តល់សេវាទិញ លក់ ប្តូរ Digital Crypto Currency Exchange ដ៏ធំមួយរបស់ថៃ។ បច្ចុប្បន្នក្រុមហ៊ុននេះ មានបុគ្គលិកបម្រើការងារចំនួន ១,៤៧៨នាក់ និងមានការិយាល័យទំនើបបំផុតនៅទីក្រុងបាងកក។ ក្នុងអំទ្បុងពេលជំងឺកូវីដ១៩ រាតត្បាតក្នុងប្រទេសថៃ ក្រុមហ៊ុនបានអនុញ្ញាតឱ្យបុគ្គលិកទាំងអស់ធ្វើការងារពីផ្ទះ តែនៅរក្សាប្រសិទ្ធភាពការងារខ្ពស់ដដែល។

ក្រោយដំណើរទស្សនកិច្ចនៅក្រុមហ៊ុននេះ លោកបណ្ឌិត សុខ សុក្រឹត្យា បានបង្ហាញការចាប់អារម្មណ៍យ៉ាងខ្លាំងលើការប្រើប្រាស់ប្រព័ន្ធបច្ចេកវិទ្យាឌីជីថលទំនើបនៅក្នុងក្រុមហ៊ុនថៃមួយនេះ។ លោក សុក្រឹត្យា បានអះអាងថា លោកនឹងខិតខំនាំយកប្រព័ន្ធបច្ចេកវិទ្យាដ៏ទំនើបនេះ ទៅប្រើប្រាស់ក្នុងឧស្សាហកម្មទេសចរណ៍នៅកម្ពុជា។

លោកបណ្ឌិតរំពឹងយ៉ាងមុតមាំថា «តាមរយៈការប្រើប្រាស់ប្រព័ន្ធឌីជីថលនេះ យើងនឹងមានសមត្ថភាព និងលទ្ធភាពខ្ពស់ក្នុងការទាក់ទាញភ្ញៀវទេសចរបរទេសមកកម្ពុជាកាន់តែច្រើនបន្ថែមទៀតនាពេលខាងមុខ។ អ្វីដែលសំខាន់នោះ យើងនឹងទទួលបានការចាប់អារម្មណ៍កាន់តែច្រើនពីវិនិយោគិន ហើយគេនឹងមកវិនិយោគច្រើនថែមទៀតនៅកម្ពុជាផងដែរ»

នៅក្នុងជំនួបនោះ លោកអគ្គនាយកក្រុមហ៊ុន Bitkub Capital Group Holdings Co., LTD. (Thailand) ដែលជាយុវជនវ័យក្មេង និងមានបទពិសោធន៍ម្នាក់ក្នុងប្រព័ន្ធបច្ចេកវិទ្យាទំនើបនេះ ក៏បានផ្តល់បទពិសោធន៍រួមទាំងចំណេះដឹងសំខាន់ៗទាក់ទងហេដ្ឋារចនាសម្ព័ន្ធដ៏ទំនើបនេះ ហើយបានបង្ហាញពីសក្តានុពល និងសារៈសំខាន់របស់ប្រព័ន្ធឌីជីថលនេះផងដែរ។

លោកនាយកក្រុមហ៊ុនបានលេីកឡេីងថា ក្រុមហ៊ុន Bitkub រីករាយ និងត្រៀមសហការជាមួយរាជរដ្ឋាភិបាលកម្ពុជាក៏ដូចជាវិសយ័ឯកជនដទៃទៀត ក្នុងការនាំយកប្រពន្ធ័បច្ចេកវិទ្យាទំនើបនេះទៅប្រើប្រាស់ក្នុងការអភិវឌ្ឍន៍កម្ពុជា។

លោកប្រធានបន្ថែមថា ក្រុមហ៊ុនលោកមានប្រពន្ធ័បច្ចេកវិទ្យារឹងមាំមួយ ដែលមិនអាចលួចយកព័ត៌មានសម្ងាត់បានពីក្រុម Hacker មានន័យថាក្រុមហ៊ុននេះមានប្រព័ន្ធសន្តិសុខឌីជីថលល្អក្នុងការរក្សាទិន្នន័យរបស់អតិថិជន។

ក្នុងឱកាសនោះលោកបណ្ឌិត សុខ សុក្រឹត្យា ក៏បានអបអរសាទរ និងថ្លែងអំណរគុណដល់ប្រធានក្រុមហ៊ុន Bitkub ដែលទទួលស្វាគមន៍លោកបណ្ឌិត ហើយផ្តល់ឱកាសបានសិក្សាស្វែងយល់អំពីក្រុមហ៊ុនថែមទៀត។ លោកបណ្ឌិត ក៏បង្ហាញនូវក្តីសង្ឃឹមថា នៅថ្ងៃអនាគតរាជរដ្ឋាភិបាលកម្ពុជា និងវិសយ័ឯកជននៅកម្ពុជា នឹងនាំយកប្រពន្ធ័បច្ចេកវិជ្ជាទំនើបនេះទៅប្រើប្រាស់ក្នុងឧស្សាហកម្មណាមួយមិនខានទ្បើយ។

លោកបណ្ឌិតក៏បានបញ្ជាក់បន្ថែមទៅប្រធានក្រុមហ៊ុនអំពីសារៈសំខាន់នៃការប្រើប្រាស់ប្រពន្ធ័ឌីជីថលទំនើបនេះ នៅក្នុងការពង្រឹង និងអភិវឌ្ឍឧស្សាហកម្មទេសចរណ៍នៅថ្ងៃអនាគត ព្រោះលោកបណ្ឌិតបានមើលឃើញអំពីសារៈសំខាន់ក្នុងការប្រើប្រាស់ឌីជីថល ដើម្បីធ្វើកំណែទម្រង់វិសយ័ទេសចរណ៍ឱ្យកាន់តែស៊ីជម្រៅថែមទៀតនៅថ្ងៃអនាគត។ទន្ទឹមនោះរាជរដ្ឋាភិបាលកម្ពុជាដែលមានសម្តេចតេជោ ហ៊ុន សែន ក៏បានជំរុញឱ្យស្ថាបន័នានានាំយកប្រពន្ធ័ឌីជីថលមកប្រើប្រាស់ដើម្បីអភិវឌ្ឍន៍ និងធ្វើកំណែទម្រង់ស្ថាប័នឱ្យប្រែក្លាយជាស្ថាប័នឌីជីថលសម័យទំនេីបផងដែរ។

ក្រោយបញ្ចប់កិច្ចពិភាក្សានោះលោកប្រធានក្រុមហ៊ុន Bitkub ក៏បាននាំលោកបណ្ឌិត សុខ សុក្រឹត្យា ពិនិត្យមើលការិយាលយ័តាមបែបសម័យទំនើបរបស់ក្រុមហ៊ុន។ ទន្ទឹមនិងនោះលោកបណ្ឌិត ក៏បានប្រគល់ជូនលោកប្រធានក្រុមហ៊ុន និងសហការីក្រុមហ៊ុននូវសៀវភៅផ្សព្វផ្សាយអំពីវិស័យទេសចរណ៍នៅកម្ពុជា និងបានស្នើឲ្យលោកប្រធានក្រុមហ៊ុនជួយផ្សព្វផ្សាយបន្ត ព្រមទាំងជំរុញភ្ញៀវទេសចរដែលជាសមាជិករបស់ក្រុមហ៊ុន Bitkub ងាកមកទស្សនាប្រទេសកម្ពូជា៕