(ភ្នំពេញ)៖ វិទ្យាស្ថានបច្ចេកវិទ្យាកម្ពុជា និងសាកលវិទ្យាល័យវិទ្យាសាស្ត្រសុខាភិបាល នៅថ្ងៃទី១៧ ខែមករា ឆ្នាំ២០២២នេះ បានទទួលបានសម្ភារៈពិសោធន៍ពីសាធារណរដ្ឋឆេក សម្រាប់ធ្វើការបណ្តុះបណ្តាលថ្នាក់បរិញ្ញាបត្រជំនាញបច្ចេកទេសវេជ្ជជីវសាស្ត្រ (Technician Program in Biomedical Engineering) ដោយតម្រូវឲ្យនិស្សិតរៀនរយៈពេល៣ឆ្នាំ ដោយបែងចែកការសិក្សាគ្នារវាងគ្រឹះស្ថានឧត្តមសិក្សាកំពូលទាំងពីរ។

ពិធីប្រគល់ទទួលបានបានធ្វើឡើង នៅវិទ្យាស្ថានបច្ចេកវិទ្យាកម្ពុជា ក្រោមអធិបតីភាពលោក Martin VÁVRA ឯកអគ្គរដ្ឋទូតនៃសាធារណរដ្ឋឆេក (Czech Republic) លោកបណ្ឌិត អ៊ុម រម្យណី អគ្គនាយកនៃវិទ្យាស្ថានបច្ចេកវិទ្យាកម្ពុជា និងលោកសាស្រ្តាចារ្យវេជ្ជបណ្ឌិត សាផុន វឌ្ឍនៈ ទីប្រឹក្សាក្រសួងសុខាភិបាល និងជាសាកល វិទ្យាធិការនៃសាកលវិទ្យាល័យវិទ្យាសាស្ត្រសុខាភិបាល។

ការប្រគល់សម្ភារៈពិសោធន៍នេះស្ថិតក្រោមគម្រោង «បង្កើតកម្មវិធីបណ្តុះបណ្តាលប្រកបដោយគុណភាពលើជំនាញបច្ចេកទេសវេជ្ជជីវសាស្ត្រនៅកម្ពុជា» ដែលគម្រោងនេះមានរយៈពេល០៤ឆ្នាំ និងមានថវិកាសរុប ៤០០,៨៨៩អឺរ៉ូ ក្រោមកម្មវិធីអភិវឌ្ឍ និងសហប្រតិបត្តិការនៃសារធារណៈរដ្ឋឆេក។ ជំនួយជាសម្ភារៈ និងអ្នកបច្ចេកទេសនេះគឺកើតចេញពីជំនួប និងកិច្ចសហការជាបន្តបន្ទាប់រវាងប្រតិភូស្ថានទូតឆេក វិទ្យាស្ថានបច្ចេកវិទ្យាកម្ពុជា និងសាកលវិទ្យាល័យវិទ្យាសាស្រ្តសុខាភិបាល ពិភាក្សារួមគ្នា ក្នុងគម្រោងបង្កើតជំនាញបណ្តុះបណ្តាលវិស្វកម្មជីវៈវេជ្ជសាស្រ្ត នៅប្រទេសកម្ពុជាតាំងពីឆ្នាំ២០១៨មក។

សម្ភារៈពិសោធន៍ដែលត្រូវបានប្រគល់ជូននៅក្នុងមន្ទីរពិសោធន៍បច្ចេកទេសវេជ្ជជីវសាស្ត្រ នៅវិទ្យាស្ថានបច្ចេកវិទ្យាកម្ពុជារួមមាន៖ កុំប្រស័រខ្យល់ ចំនួន១គ្រឿង ដែលមានអានុភាព៧.៥សេះ និងសមត្ថភាពបូមខ្យល់បាន ៥៨០លីត្រក្នុង១នាទី, ម៉ាស៊ីនព្រីន (3D printer) ចំនួន១គ្រឿង សម្រាប់ប្រើក្នុងការផលិតបរិក្ខារពិសោធន៍ដែលខូច, សម្ភារៈពិសោធន៍សន្ទនីយ៍ ១កេះធំ ដែលមានផ្ទុកឧបករណ៏ពិសោធន៍ ៨មុខ, សម្ភារៈពិសោធន៍ប្រព័ន្ធព្នើម៉ាទិក និងអ៊ីដ្រូលីក ១កេះធំ ដែលមានផ្ទុក ឧបករណ៏ពិសោធន៍ និងបរិក្ខារពិសោធន៍ ៤២មុខ។

គួរបញ្ជាក់ថា កម្មវិធីបណ្តុះបណ្តាលជំនាញបច្ចេកទេសវេជ្ជជីវសាស្ត្រនេះ តម្រូវឲ្យនិស្សិតរៀនរយៈពេល៣ឆ្នាំ ដោយបែងចែកការសិក្សា នៅវិទ្យាស្ថានបច្ចេកវិទ្យាកម្ពុជា និងនៅសាកលវិទ្យាល័យវិទ្យាសាស្ត្រសុខាភិបាល។ នៅក្នុងជំនាន់ទី១ នៃកម្មវិធីបណ្តុះបណ្តាលនេះមាននិស្សិតកំពុងសិក្សាចំនួន០៨ នាក់ (និស្សិតនារី៥នាក់) ក្នុងនោះនិស្សិតដែលទទួលបានអាហារូបករណ៏ចំនួន២នាក់។

កម្មវិធីបណ្តុះបណ្តាលជំនាញបច្ចេកទេសវេជ្ជជីវសាស្ត្រ ដែលអនុវត្តរួមគ្នាដោយគ្រឹះស្ថានឧត្តមសិក្សាទាំងពីរ ត្រូវបានរំពឹងថា នឹងអាចផ្តល់ជូននិស្សិតនូវគុណភាពខ្ពស់ នៃការបណ្តុះបណ្តាលមួយ ដែលធានាបានធនធានជំនាញបច្ចេកទេសវេជ្ជជីវសាស្ត្រ ដើម្បីបម្រើដល់តម្រូវការអ្នកជំនាញខាងការងារតំហែរទាំឧបករណ៍ និងបរិក្ខា វេជ្ជសាស្ត្រ ទាំងឡាយដែលកំពុងមានតម្រូវការខ្ពស់នៅតាមមន្ទីរពេទ្យរដ្ឋ និងឯកជន មជ្ឈមណ្ឌលដែលផ្តល់សេវាសុខាភិបាល និងថែទាំវេជ្ជសាស្ត្រមន្ទីរពិសោធន៍ និងក្រុមហ៊ុនបរិក្ខារវេជ្ជសាស្ត្រនានាក្នុងព្រះរាជាណាចក្រកម្ពុជា៕