(ពោធិ៍សាត់)៖ ស្រុកក្រគរ នៃខេត្តពោធិ៍សាត់ បានក្លាយជាទីតាំងស្ថានីយ៍ ដែលផលិតអគ្គិសនី ដើរដោយពន្លឺព្រះអាទិត្យ ធំជាងគេបំផុតនៅក្នុងប្រទេសកម្ពុជា ដែលបច្ចុប្បន្នត្រូវបានក្រុមហ៊ុន SchneiTec Co.,Ltd ធ្វើការអភិវឌ្ឍ និងបានបញ្ចេញថាមពលចូលបណ្តាញជាតិរួចមកហើយ រហូតទៅដល់៩០មេកាវ៉ាត់ ហើយនាពេលឆាប់ៗខាងមុខ នឹងពង្រីកអានុភាពបន្ថែម១៥០មេកាវ៉ាត់ទៀត សរុបទៅដល់២៤០មេកាវ៉ាត់។

ទីតាំងស្ថានីយ៍ផលិតអគ្គិសនី ដើរដោយពន្លឺព្រះអាទិត្យ (Solar Station) បច្ចុប្បន្នត្រូវបានសាងសង់ឡើង នៅលើផ្ទៃដីចំនួន១៣៥ហិកតា ស្ថិតក្នុងភូមិអន្សរក្តាម ឃុំស្នាអន្សា ស្រុកក្រគរ ខេត្តពោធិ៍សាត់ ដែលតម្លៃប្រមាណ២៨លានដុល្លារអាមេរិក។

នេះបើតាមការបញ្ជាក់ឲ្យដឹងពីលោក កែវ រតនៈ រដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្ត្រី អគ្គនាយកអគ្គិសនីកម្ពុជា និងជាប្រធានក្រុមការងាររាជរដ្ឋាភិបាល ចុះមូលដ្ឋានស្រុកក្រគរ និងស្រុកកណ្តៀង ក្នុងឱកាសអញ្ជើញជួបសំណេះសំណាល និងនិមន្តព្រះសង្ឃប្រោះព្រំ ចម្រើនព្រះជន្មឆ្នាំថ្មី ជូនដល់លោកយាយ លោកតា ចាស់ព្រឹទ្ធាចារ្យ ក្នុងឃុំស្នាអន្សា ស្រុកក្រគរ ប្រមាណ៤០០នាក់ នាថ្ងៃទី១៦ ខែមករា ឆ្នាំ២០២២។

លោក កែវ រតនៈ បានបញ្ជាក់យ៉ាងដូច្នេះថា «តាមការស្នើសុំរបស់ខ្ញុំ គោរពជូនសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា កាលពីពេលកន្លងទៅ សម្តេចបានឯកភាពឲ្យបន្តតម្លើងស្ថានីយ៍ថាមពលអគ្គិសនី ដើរដោយពន្លឺព្រះអាទិត្យ ក្នុងឃុំស្នាអន្សា ស្រុកក្រគរ ដែលសព្វថ្ងៃនេះវាធំជាងគេរួចមកហើយ នៅក្នុងព្រះរាជាណាចក្រកម្ពុជា ដែលមានអានុភាពផលិត៩០មេកាវ៉ាត់, ប៉ុន្តែនាពេលខាងមុខ នឹងបន្ថែមអានុភាពដល់ទៅ១៥០មេកាវ៉ាត់ទៀត អញ្ជឹងវានឹងក្លាយជាស្ថានីយ៍ផលិតថាមពលអគ្គិសនី ដើរដោយពន្លឺព្រះអាទិត្យស្អាតឥតមានផ្សែង រហូតដល់ទៅដល់២៤០មេកាវ៉ាត់ ដែលនឹងបន្តក្លាយជាស្ថានីយ៍ធំជាងគេបង្អស់ របស់ប្រទេសកម្ពុជាយើង»

លោកបានបន្ថែមថា ទីតាំងនេះ ក៏នឹងក្លាយជាកម្មវត្ថុនៃការមកលេង និងការមកសិក្សាស្រាវជ្រាវ របស់ក្រុមសិស្សានុសិស្ស អ្នកបច្ចេកទេស ក៏ដូចជាអ្នកវិទ្យាសាស្ត្រមួយចំនួនផងដែរ, ហើយនេះក៏ជាមោទនភាពបំផុតសម្រាប់ប្រជាជនក្នុងស្រុកក្រគរ និយាយជារួមនឹងនិយាយដោយឡែក សម្រាប់ប្រជាជនក្នុងខេត្តពោធិ៍សាត់ទាំងមូល ដែលត្រូវបានរាជរដ្ឋាភិបាល ជ្រើសរើសទីតាំងនេះ សម្រាប់ធ្វើការអភិវឌ្ឍបង្កើតទីផ្សារការងារ កាត់បន្ថយការធ្វើចំណាកស្រុក និងបាននៅជិតជួបជុំក្រុមគ្រួសារ។

ទីតាំងនេះដែរ ក៏ស្ថិតក្នុងតំបន់សេដ្ឋកិច្ចពិសេសក្រគរ ដែលបច្ចុប្បន្នត្រូវបានអភិវឌ្ឍន៍រួចរាល់ និងកំពុងអភិវឌ្ឍន៍ រួមមាន៖ មានរោងក្រកាត់ដេរ, រោងចក្រតម្លើងត្រង់ស្វូរ, រោងចក្រផ្គុំ និងតម្លើងរថយន្ត Ford របស់សហរដ្ឋអាមេរិក, ពហុកីឡដ្ឋានសម្តេចតេជោ ហ៊ុន សែន (SAMDACH HUN SEN SPORT CENTER) ជាដើម៕