(តាកែវ)៖ ក្រុមការងារ សមាគម សិស្សនិស្សិត បញ្ញវន្តក្មេងវត្តប្រចាំខេត្តតាកែវ ដឹកនាំដោយលោក លី សាវេត អភិបាលរងខេត្តតាកែវ និងជាប្រធានសមាគម សិស្ស និស្សិតបញ្ញវន្តក្មេងវត្ត ប្រចាំខេត្តតាកែវ នៅព្រឹកថ្ងៃទី១៧ ខែមករា ឆ្នាំ២០២២នេះ បាននាំយកអំណោយរបស់លោក ហ៊ុន ម៉ានិត និងលោកស្រី។

ក្នុងនោះ ក៏មានអញ្ជើញចូលរួមផងដែរ ពីសមាជិក សមាជិកា សមាគមទៅប្រគល់ជូនក្មេងៗ កុមារកំព្រានៅមណ្ឌលកុមារកំព្រា ខេត្តតាកែវ រួមនឹងម៉ែដោះ គ្រូបង្គោល គណៈគ្រប់គ្រងមណ្ឌលទៀតផង។

តាមរបាយការណ៍ ដែលលោកប្រធានមណ្ឌលបង្ហាញឲ្យដឹងថា បច្ចុប្បន្ន កុមារក្នុងមណ្ឌលទាំងអស់ មានចំនួន៨១នាក់ ស្រី៤៧នាក់។ កុមារស្នាក់នៅក្នុងមណ្ឌល មាន៥៦នាក់ ស្រី៣០នាក់។ កុមារសុំទៅបន្តការសិក្សាស្នាក់នៅខាងក្រៅមណ្ឌលមាន២៥នាក់ ស្រី១០នាក់។

លោកប្រធានមណ្ឌល បានបន្តទៀតថា ក្មេងៗមណ្ឌលកុមារកំព្រាខេត្តតាកែវ មានការសិក្សាចាប់ពីថ្នាក់បឋមសិក្សា រហូតដល់ឧត្តមសិក្សា និងជំនាញវិជ្ជាជីវៈផងដែរ ហើយត្រូវបានផ្គត់ផ្គង់ពីមណ្ឌលជារៀងរាល់តាមលទ្ធភាពដែលអាចធ្វើបាន។

ក្នុងឱកាសនោះដែរ លោក លី សាវេត បានថ្លែងថា មណ្ឌលកុមារកំព្រានេះហើយ ជាឪពុកម្តាយទី២ របស់ក្មួយៗ ហើយសូមឲ្យក្មួយៗ ខិតខំប្រឹងប្រែងរៀនសូត្រ ទើបធ្វើឲ្យជីវិតសម្រាប់អនាគតមានភាពរុងរឿង។

លោក លី សាវេត ក៏សូមកុំឲ្យពួកគាត់ដែលកំព្រារស់នៅក្នុងមណ្ឌលនេះ មានការអន់ចិត្តថា ខ្លួនគ្មានឪពុកម្តាយ និងគេឲ្យសោះ គឺត្រូវគិតថា ខ្លួនបានចាប់យកសំណាងថ្មីមួយទៀត បន្ទាប់ពីឪពុកម្តាយបង្កើតយើង ដែលបានបែកបាក់ ឬចែកឋានទៅ។

ក្នុងកម្មវិធីនោះ ក៏មានការចូលរួមពីកម្មសិក្សាការី មន្ត្រីគ្រប់គ្រងរដ្ឋបាល មន្ត្រីមធ្យម មន្ត្រីក្រមការ នៃសាលាភូមិន្ទរដ្ឋបាល ឆ្នាំ២០២១ផងដែរ។

លោក លី សាវេត បានបន្តថា យើងទាំងអស់គ្នា ទាំងលោកគ្រូ អុ្នកគ្រូ ដែលជាមន្ត្រី និងម៉ែដោះ ព្រមទាំងក្មួយ រួមនឹងប្រទេសជាតិយើងទាំងមូលមានថ្ងៃនេះ គឺដោយសារយើងមានភ័ព្វសំណាងទទួលបានថ្នាក់ដឹកនាំដ៏ឈ្លាវៃប្រកបដោយគតិបណ្ឌិគឺសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា ដែលបានដឹកនាំកម្ពុជា ឲ្យមានភាពរីកចម្រើនរុងរឿង នឹងមានសុខសន្តិភាព ព្រមការអភិវឌ្ឍគ្រប់វិស័យមកដល់ថ្ងៃនេះ។

លោកបន្ដថា ម្យ៉ាងទៀត សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា គឺជាស្ថាបនិកផ្តួចផ្តើមបង្កើតឡើងនូវសមាគម សិស្សនិស្សិតបញ្ញវន្តក្មេងវត្តនេះឡើង ហើយមកដល់បច្ចុប្បន្ននេះ សមាគមក៏ត្រូវបានដឹកនាំមើលការខុសត្រូវទាំងស្រុងដោយលោក ហ៊ុន ម៉ានិត ដែលជាបុត្ររបស់សម្តេចផ្ទាល់នៅទូទាំងប្រទេស។

សូមបញ្ជាក់ថា អំណោយរបស់ក្រុមការងារសមាគមសិស្សនិស្សិតបញ្ញវន្តក្មេងវត្ត ប្រចាំខេត្តតាកែវ យកទៅប្រគល់ក្មេងៗនោះមាន៖ កាតាបសិក្សា រួមជាមួយសម្ភាររួមមាន៖ កាតាបស្ពាយ១ សៀវភៅ៦ ក្បាល ប៊ិច៦ដើម ខ្មៅដៃ៦ដើម នំ១ប្រអប់ សំលៀកបំពាក់ក្មេងៗ៥ថង់ធំ និងសម្ភារសិក្សាមួយចំនួនទៀត និងថវិកាសម្រាប់កុមារក្នុងម្នាក់ៗ ១ម៉ឺនរៀល ដែលមានកុមារសរុប៨១នាក់។

ដោយឡែក ក្រុមការងារក៏បានឧបត្ថម្ភដល់អ្នកគ្រប់គ្រងមណ្ឌលកុមារកំព្រាចំនួន១០ម៉ឺន គ្រូចំនួន១១នាក់ ក្នុងម្នាក់ៗទទួលបាន៤ម៉ឺនរៀល ដោយសរុបជាទឹកប្រាក់ អស់ចំនួន ៥,១២៥,១០០រៀល៕