(ព្រះសីហនុ)៖ គណៈកម្មការគ្រប់គ្រងគម្រោងហូកានៃក្រសួងទេសចរណ៍ នឹងរៀបចំពិព័រណ៍ជំនាញវិជ្ជាជីវៈទេសចរណ៍នាឱកាសពិរណ៌អន្តរជាតិ TRAVEX ដែលប្រព្រឹត្តទៅក្នុងឱកាសវេទិការទេសចរណ៍អាស៊ានចាប់ពីថ្ងៃទី១៨-២១ ខែមករា ឆ្នាំ២០២១ នៅខេត្តព្រះសីហនុ។

ពិព័រណ៍ជំនាញវិជ្ជាជីវៈទេសចរណ៍ (Tourism Skills Show) ផ្តោតលើជំនាញផ្នែកសេវាកម្មម្ហូបអាហារ និងភេសជ្ជៈ (Food and Beverage Services) គេហកិច្ច (Housekeeping) និងជំនាញស្រាក្រឡុក (Cocktail and Mocktail) ដែលអ្នកចូលរួមអាចសិក្សារៀនសូត្របន្ថែម ទទួលបានឱកាសហ្វឹកហាត់ជំនាញផ្ទាល់ និងចូលរួមការប្រកួតជំនាញខ្នាតតូចក្នុងកម្មវិធីខាងលើផងដែរ។

គណៈកម្មការគ្រប់គ្រងគម្រោងហូកាជំរុញការផ្សព្វផ្សាយ និងលើកកម្ពស់ជំនាញវិជ្ជាជីវៈទេសចរណ៍កម្ពុជា ជាពិសេសឆ្លើយតបទៅនឹងពាក្យស្លោករបស់លោក ថោង ខុន រដ្ឋមន្ត្រីក្រសួងទេសចរណ៍ ដែលតែងតែលើកឡើងថា «ជំនាញវិជ្ជាជីវៈទេសចរណ៍ ជាអាយុជីវិតរបស់អ្នក (Tourism Skills is Your Life!)»៕