(កំពង់ធំ)៖ លោកស្រី ឃួន ឃុនឌី សមាជិកព្រឹទ្ធសភា ប្រធានក្រុមការងារចុះមូលដ្ឋានស្រុកកំពង់ស្វាយ និងជាអនុប្រធានគណៈកម្មការកិត្តិយសនៃគណៈកម្មការសាខាសមាគមនារីកម្ពុជា ដើម្បីសន្តិភាព និងអភិវឌ្ឍន៍ ខេត្តកំពង់ធំ បានថ្លែងស្នើឲ្យមានការលើកកម្ពស់ស្ត្រី ដើម្បីធ្វើឲ្យមានសមភាពនិងសមធម៌រវាងបុរសនិងនារី។

លោកស្រីបានថ្លែងយ៉ាងដូច្នេះក្នុងពិធីប្រកាសទទួលស្គាល់ការកែសម្រួលសមាសភាពអនុសាខាសមាគមនារីកម្ពុជា ដើម្បីសន្តិភាពនិងអភិវឌ្ឍន៍ ស្រុកកំពង់ស្វាយ នៅថ្ងៃទី១៦ ខែ មករា ឆ្នាំ២០២២។

លោកស្រីបានថ្លែងអំណរគុណដល់សមាជិកាទាំងអស់ ដែលបានខិតខំចូលរួមយ៉ាងសម្មក្នុងការអនុវត្តនូវកម្មវិធីនយោបាយឈ្នះ ឈ្នះ របស់សម្តេចតេជោ ហ៊ុន សែន ដើម្បីពង្រឹងនូវសុខសន្តិភាព ស្ថិរភាពនយោបាយ និងធ្វើឲ្យស្ថានភាពជីវភាពឋានៈ និងតួនាទីរបស់ស្ត្រីកាន់តែប្រសើរឡើង។

លោកស្រីបានជំរុញដល់ស្រ្តីទាំងអស់ត្រូវបន្តផ្សព្វផ្សាយដល់ប្រជាពលរដ្ឋនៅក្នុងមូលដ្ឋាន និងបន្តពង្រឹងសាមគ្គីភាពឯកភាពផ្ទៃក្នុងសមាគមស្រុក និងមានតម្លាភាព ដែលជាគ្រឹះរឹងមាំក្នុងការធ្វើសកម្មភាព ដោយបន្តគៀងគរកម្លាំងធនធាន ថវិកា និងសម្ភារៈ គ្រប់កម្រិតដើម្បីចូលរួមចំណែកជួយដល់ស្ត្រី និងកុមារដែលជួបប្រទះបញ្ហានៅមូលដ្ឋាន ខិតខំស្វែងយល់លើកកម្ពស់ការយល់ដឹងបង្កើនសមត្ថភាពក្នុងការបំពេញការងារឲ្យទទួលបានលទ្ធផលល្អ និងជោគជ័យ។

ស្ត្រីត្រូវចូលរួមក្នុងការអនុវត្តច្បាប់ និងសេចក្តីសម្រេចចិត្តនានា ដើម្បីអភិវឌ្ឍសហគមន៍ និងសង្គមប្រកបដោយសមធម៌និងសមភាព ខិតខំពង្រីកសមាជិកសមាគមនារីឲ្យបានច្រើនបន្ថែមទៀត ដើម្បីពង្រឹងកម្លាំងសមាគមនារីឲ្យក្លាយជាកម្លាំងចលករក្នុងការការពារ និងអភិវឌ្ឍប្រទេសជាតិ ហើយបន្តផ្សព្វផ្សាយអប់រំនិងជំរុញប្រជាពលរដ្ឋជាពិសេសបងប្អូននារី ដែលដល់អាយុត្រូវធ្វើអត្តសញ្ញាណប័ណ្ណ និងអ្នកមិនទាន់ធ្វើអត្តសញ្ញាណប័ណ្ណឲ្យទៅធ្វើអត្តសញ្ញាណប័ណ្ណអ្នកដល់អាយុបោះឆ្នោត និងមិនទាន់ទៅចុះឈ្មោះបោះឆ្នោត ត្រូវទៅចុះឈ្មោះបោះឆ្នោតនិងទៅបោះឆ្នោត ដើម្បីបំពេញសិទ្ធិជាពលរដ្ឋក្នុងការជ្រើសរើសអ្នកដឹកនាំ ដែលនាំប្រទេសមានសុខសន្តិភាពនិងការអភិវឌ្ឍរីកចម្រើន ។

លោកស្រី ឃួន ឃុនឌី ក៏បានផ្តាំផ្ញើដល់សមាជិក សមាជិកាទាំងអស់ ត្រូវខិតខំបម្រើប្រជាពលរដ្ឋដោយយកចិត្តទុកដាក់ និងទាន់ពេលវេលា ព្រមទាំងថែរក្សាសុខភាពមានអនាម័យ ដោយអនុវត្តឲ្យបានខ្ជាប់ខ្ជួនតាមការណែនាំរបស់ក្រសួងសុខាភិបាល៕