(ភ្នំពេញ)៖ ហេតុការណ៍ភ្ញាក់ផ្អើលមួយ បានកើតឡើងនៅការដ្ឋានស្ថាបនា ផ្លូវស្របនឹងជាតិលេខ៦A ជាប់នឹងតំបន់អភិវឌ្ឍន៍ ជ្រោយចង្វារ ដោយមន្ត្រីយោធាមួយរូប បានបើករថយន្ត Lexus 570 ពណ៌ខ្មៅ ពាក់ស្លាកលេខ 2L-9779 មកឃាត់គ្រឿងចក្រ ស្ថាបនាផ្លូវ របស់អាជ្ញាធររាជធានីភ្នំពេញ ដោយមន្ត្រីយោធារូបនេះអះអាងថា ធ្វើការឈូសឆាយរបស់គាត់។

ហេតុការណ៍ភ្ញាក់ផ្អើលនេះ បានកើតឡើងនៅម៉ោងប្រមាណ១០៖០០នាទីព្រឹកថ្ងៃទី២៦ ខែមេសា ឆ្នាំ២០១៦ ស្ថិតនៅភូមិគៀនឃ្លាំង សង្កាត់ជ្រោយចង្វារ ខណ្ឌជ្រោយចង្វារ។ មន្ត្រីយោធានោះ ត្រូវបានគេស្គាល់ថា ឈ្មោះ​វ័​ន្ត គឹ​ម​ឡេ​ង ​។

មន្ត្រីសាលារាជធានីភ្នំពេញ បានបញ្ជាក់ថា បន្ទាប់ពីមានការភ្ញាក់ផ្អើល អាជ្ញាធរបានចុះជួបជាមួយមន្ត្រីយោធានោះដោយបាន សម្របសម្រួល។ មន្ត្រីយោធាដដែលនោះ បានចាកចេញពីការដ្ឋានសាងសង់វិញ នៅម៉ោងប្រមាណជា១០៖៥០នាទីព្រឹកថ្ងៃដដែល ហើយដោយការស្ថាបនាដំណើរការដូចធម្មតាផងដែរ។

មន្ត្រីសាលារាជធានីភ្នំពេញ បានបញ្ជាក់ថា ការស្ថាបនាផ្លូវនេះស្របតាមគោលការណ៍ របស់សាលារាជធានី ដែលបាននឹងកំពុង ពន្លឿនការស្ថាបនាផ្លូវនេះ ឲ្យបានរួចរាល់មុនរដូវវស្សាមកដល់ ដើម្បីការពារការលិចលង់ផ្ទះប្រជាពលរដ្ឋ ដែលនៅស្ថិតស្រប នឹងផ្លូវជាតិលេខ៦A។ ជាមួយគ្នានេះ អាជ្ញាធរក៏បានអំពាវនាវ សូមឲ្យប្រជាពលរដ្ឋធ្វើការចួលរួមសហការ ដើម្បីសម្រេចឲ្យបាន នៅផ្លូវ ប្រវែង៦គីឡូម៉ែត្រនេះ ដើម្បីសម្រួលដល់ចរាចរ និងការពារការលិចលង់នៅរដូវវស្សាផងដែរ។

គួរបញ្ជាក់ថា មុននឹងឈានដល់ការបើកស្ថាបនា អាជ្ញាធរខណ្ឌជ្រោយចង្វារ បានប្រកាសជូនដំណឹងជាច្រើនលើកមកហើយ ពាក់ព័ន្ធនិងគម្រោងស្ថាបនាផ្លូវស្របផ្លូវជាតិ៦A ចាប់ពីចំណុចស្ពានជ្រោយចង្វារដល់ផ្លូវសម្តេចជាស៊ីម៕