(ព្រះវិហារ)៖ លោក ចាន់ នន់វិទ្យា សមាជិកគណៈកម្មាធិការកណ្តាល គណបក្សប្រជាជនកម្ពុជា និងជាប្រធានក្រុមការងារថ្នាក់កណ្តាល ចុះជួយស្រុកសង្គមថ្មី ខេត្តព្រះវិហារ បានថ្លែងដោយក្តីមោទនភាព និងភាពសប្បាយរីករាយ ចំពោះការអភិវឌ្ឍន៍រីកចំរើន នៅតាមឃុំ សង្កាត់ និយាយដោយឡែកឃុំចម្រើន រយៈពេល៥ឆ្នាំកន្លងមកនេះ ក្រោមការដឹកនាំរបស់ថ្នាក់ដឹកនាំ សមាជិក សមាជិកា គណបក្សប្រជាជនកម្ពុជា ឃុំ។

ការថ្លែងបែបនេះ របស់លោក ចាន់ នន់វិទ្យា បានធ្វើឡើងនៅក្នុងឱកាសដែលលោកចូលរួមសន្និបាតគណៈកម្មាធិការគណបក្សឃុំចំរើន ស្រុកសង្គមថ្មី ខេត្តព្រះវិហារ ដោយមានការចូលរួមពីលោក សំ លាងទ្រី សមាជិកអចិន្ត្រៃយ៍គណៈកម្មាធិការគណបក្សប្រជាជនខេត្តព្រះវិហារ និងជាប្រធានក្រុមការងារគណបក្ស ចុះជួយស្រុកសង្គមថ្មី ព្រមទាំងលោកប្រធាន អនុប្រធាន គណបក្សស្រុក ក្រុមការងារចុះជួយឃុំ និងថ្នាក់ដឹកនាំគណបក្សតាមឃុំ ភូមិ ជាច្រើនរូបទៀត នៅព្រឹកថ្ងៃទី១៥ ខែមករា ឆ្នាំ២០២២នេះ។

នាឱកាសនោះដែរ លោក ចាន់ នន់វិទ្យា បានលើកឡើងដោយធ្វើការកោតសរសើរចំពោះថ្នាក់ដឹកនាំគណបក្សឃុំចម្រើនដែលបានបំពេញការងារទទួលបានជោគជ័យយ៉ាងច្រើន។

លោកថា ៥ឆ្នាំកន្លងទៅនេះ យើងធ្វើកិច្ចការបានច្រើនណាស់ បើគិតតាមរបាយការណ៍ជាង១០សន្លឹកនេះ គឺមិនគ្រប់ទេ ប៉ុន្តែនេះជាខ្លឹមសារគោលៗ ដែលយើងត្រូវធ្វើ ហើយលោកថាកិច្ចការទាំងអស់មិនអាចល្អឥតខ្ចោះនោះទេ ប៉ុន្តែ ចំពោះថ្នាក់ឃុំធ្វើបានប៉ុណ្ណេះគឺលោកសូមកោតសរសើរ និងពេញចិត្តដោយស្មោះ ហើយចំពោះទិសដៅខ្លះមិនសុី និងគោលនយោបាយ ក៏យើងអាចកែតម្រូវបំពេញបន្ថែមបាន និងលើកទិសដៅបន្តទៀត។

លោក ចាន់ នន់វិទ្យា ក៏បានថ្លែងណែនាំដល់ថ្នាក់ដឹកនាំគណបក្សឃុំពិសេសបេក្ខភាពឈរឈ្មោះក្រុមប្រឹក្សាឃុំទាំងអស់ ត្រូវធ្វើខ្លួនឱ្យប្រជាពលរដ្ឋមានទំនុកចិត្តលើយើង ព្រោះជំនឿទំនុកចិត្តនេះសំខាន់ណាស់។ លោកថាការទាញជំនឿទុកចិត្តពីមហាជន គឺពិបាកសំខាន់សតិអារម្មណ៍នយោបាយគឺសំខាន់ណាស់ ហើយបើយើងមិនបង្ហាញពីភាពមុតស្រួច នៃគណបក្សរបស់យើងទេ គឺយើងឈរឈ្មោះក៏ពិបាកដែរ ប៉ុន្តែលោកជឿជាក់ថាបេក្ខភាពទាំងអស់ប្រាកដជាធ្វើបាន ក្នុងការធ្វើឱ្យប្រជាពលរដ្ឋមានជំនឿមកលើគណបក្ស។

សូមបញ្ជាក់ថា សន្និបាតរបស់គណៈកម្មាធិការគណបក្សប្រជាជនកម្ពុជាឃុំចំរើន នាឱកាសនេះ បានដាក់ចេញនូវផែនការជាយុទ្ធសាស្ត្រចំនួន៩ចំណុច សម្រាប់អនុវត្តបន្ត ហើយសន្និបាតគណបក្សឃុំចំរើននេះ ក៏មានការពិភាក្សានិងអនុម័ត្រសេចក្តីសម្រេចស្តីពីគោលនយោបាយរបស់គណៈកម្មាធិការបក្សឃុំចំរើន ដើម្បីអនុវត្តន៍ឃុំសម្រាប់ឆ្នាំ២០២២ ដល់ឆ្នាំ២០២៧ បង្ហាញបេក្ខភាពដែលត្រូវឈរឈ្មោះជាបេក្ខភាពក្រុមប្រឹក្សាឃុំ សង្កាត់ អាណត្តិទី៥។ ក្រោយសន្និបាតគណបក្សឃុំ ក្រុមការងារត្រូវរៀបចំផ្សព្វផ្សាយលទ្ធផលនៃសន្និបាតឱ្យបានជ្រួតជ្រាបដល់សមាជិកបក្សគ្រប់រូប ខ្លឹមសារទាំងស្រុងនៃគោលនយោបាយ ត្រូវផ្សព្វផ្សាយក្នុងជួរគណៈកម្មាធិការបក្សឃុំ និងគណៈកម្មាធិការបក្សភូមិ ប៉ុន្តែសមាជិកទូទៅត្រូវផ្សព្វផ្សាយសេចក្តីសម្រេចចិត្តសន្និបាតដែលមានការបកស្រាយខ្លះៗ ប៉ុណ្ណោះ។

ដោយឡែកលោក សំ លាងទ្រី ក៏បានថ្លែងឯកភាពចំពោះរបាយការណ៍របស់ប្រធានគណបក្សឃុំទាំងស្រុង និងសូមអបអរសារទរចំពោះសមិទ្ធផលរបស់គណបក្សឃុំ ពិសេសស្រុក និងខេត្តព្រះវិហាររបស់យើងធ្វើបានជោគជ័យ ធ្វើឱ្យជីវភាពប្រជាពលរដ្ឋកាន់តែប្រសើរឡើងពីមួយថ្ងៃទៅមួយថ្ងៃ។

លោកក៏បានស្នើរដល់ក្រុមការងារទាំងអស់រួមមានក្រុមការងារខេត្ត ស្រុកនិងឃុំ ត្រូវរួមគ្នាពិនិត្យមើលឡើងវិញនៅកិច្ចការមួយចំនួនដែលមានការចន្លោះប្រហោងកន្លងមក ដើម្បីយើងធ្វើការកែតម្រូវនិងបំពេញបន្ថែមឱ្យការងាររបស់យើងទទួលបានជោគជ័យ៕