(ភ្នំពេញ)៖ ដើម្បីត្រៀមអបអរសាទរវេទិកាទេសចរណ៍អាស៊ានឆ្នាំ២០២២ (ATF 2022) និងដើម្បីក្រើនរំលឹកអំពីស្មារតីប្រុងប្រយ័ត្នរបស់អាជីវកម្មទេសចរណ៍ ក្រសួងទេសចរណ៍ និងក្រុមការងាររាជរដ្ឋាភិបាល និងឯកជន ដើម្បីស្តារនិងលើកស្ទួយវិស័យទេសចរណ៍កម្ពុជាក្នុងនិងក្រោយវិបត្តិជំងឺកូវីដ-១៩ បានចេញផ្សាយវីដេអូណែនាំអំពីការអនុវត្តវិធានសុវត្ថិភាពទេសចរណ៍ និងការត្រៀមខ្លួនរបស់សេវាកម្មទេសចរណ៍ក្នុងឱកាសវេទិកាទេសចរណ៍អាស៊ានឆ្នាំ២០២២។

ការចេញផ្សាយវីដេអូណែនាំនេះ គឺក្នុងគោលបំណងឱ្យម្ចាស់អាជីវកម្ម និងអ្នកគ្រប់គ្រងអាជីវកម្មទេសចរណ៍ទាំងអស់យកចិត្តទុកដាក់បន្ថែមទៀត ក្នុងការរៀបចំទីតាំងរបស់ខ្លួនឱ្យបានសមស្របនឹងគន្លងប្រក្រតីភាពថ្មី ដើម្បីផ្ដល់សេវាកម្មដល់ភ្ញៀវទេសចរជាតិ និងអន្តរជាតិ ដែលមកកម្សាន្តនៅព្រះរាជាណាចក្រកម្ពុជា ប្រកបដោយភាពកក់ក្ដៅ និងមិនបារម្ភពីការឆ្លងមេរោគកូវីដ១៩។

គួរជម្រាបថា កម្ពុជានឹងធ្វើជាម្ចាស់ផ្ទះរៀបចំវេទិកាទេសចរណ៍អាស៊ានលើកទី៤០ (ATF 2022) ដែលនឹងត្រូវរៀបចំចាប់ពីថ្ងៃទី១៦-២២ ខែមករា ឆ្នាំ២០២២ នៅក្រុងព្រះសីហនុ ខេត្តព្រះសីហនុ ដែលជាគោលដៅទេសចរណ៍សុវត្ថិភាព និងបៃតងមួយរបស់កម្ពុជា៕