(កំពត)៖ ប្រជាពលរដ្ឋជាច្រើនគ្រួសារ រស់នៅសង្កាត់ត្រើយកោះ ក្រុង-ខេត្តកំពត ភាគច្រើនជាបងប្អូនខ្មែរឥស្លាម បាននិងកំពុងដាច់ទឹកប្រើប្រាស់ ដោយសារតែទឹកអណ្តូងរបស់ពួកគាត់ នៅក្នុងភូមិបានរីងស្ងួត ខណៈទឹកអូរត្រូវបានទឹកប្រៃហូរចូល ពីព្រោះតែមាននីវ៉ូទាបជាងទឹកសមុទ្រ។ ប្រឈមនឹងបញ្ហានេះ កម្លាំងនគរបាលខេត្តកំពត ក្រោមការបញ្ជាពីលោកអភិបាលខេត្ត និងស្នងការខេត្ត បាននិងកំពុងដឹកជញ្ជូនទឹកយកទៅឲ្យប្រជាពលរដ្ឋ ដើម្បីប្រើប្រាស់ប្រចាំថ្ងៃ។

ស្នងការនគរបាលខេត្តកំពត លោកឧត្តមសេនីយ៍ ម៉ៅ ច័ន្ទមធុរិទ្ធ បានប្រាប់ Fresh News ថា «នៅព្រឹកថ្ងៃនេះ កម្លាំងរបស់យើងបានបន្តដឹកទឹកជូនប្រជាពលរដ្ឋភាគច្រើន ជាបងប្អូនខ្មែរឥស្លាម ជាង៥០០គ្រួសារ បន្តទៀត ក្រោយពេលដែលពួកគាត់ បានដាច់ទឹកប្រើប្រាស់ ព្រោះតែទឹកអណ្តូងបានរីងស្ងួត ហើយទឹកអូរ មាននីវ៉ូទាបជាងទឹកសមុទ្រនាំឲ្យទឹកប្រៃហូរចូល ប្រើលែងកើត»

លោកស្នងការបានបន្តទៀតថា យុទ្ធនាការនេះកម្លាំងរបស់យើង បានធ្វើឡើងតាំងពីថ្ងៃម្សិលមិញ ហើយនៅថ្ងៃស្អែកទី២៧ ខែមេសា ឆ្នាំ២០១៦ យើងនឹងបន្តដឹកទឹកយកទៅជូនប្រជាពលរដ្ឋជាង៧០០គ្រួសារ នៅស្រុកដងទង់ ដែលកំពុងខ្វះខាតទឹកប្រើប្រាស់ផងដែរ។ នៅព្រឹកថ្ងៃនេះ ពីស្រុកថ្មពួក ខេត្តបន្ទាយមានជ័យ សម្តេចតេជោ ហ៊ុន សែន បានចេញបញ្ជាដាច់ណាត់ឲ្យមន្រ្តីទាំងអស់ ប្រើយុទ្ធនាការដឹកទឹកចែកជូនប្រជាពលរដ្ឋ មិនត្រូវឲ្យប្រជាពលរដ្ឋរងគ្រោះ ដោយសារខ្វះទឹកនោះទេ ហើយសម្តេចប្រកាសមិនឲ្យក្រសួងនានា កោះហៅអភិបាលខេត្តឡើងទៅប្រជុំនោះ ដោយទុកពេលវេលាឲ្យអភិបាលខេត្តទាំងអស់ ប្រើយុទ្ធនាការដឹកទឹកចែកជូនប្រជាពលរដ្ឋ៕