(កំពង់ចាម)៖ លោក សាយ សំអាល់ រដ្ឋមន្ត្រីក្រសួងបរិស្ថាន និងជាប្រធានស្ដីទីសហភាពសហព័ន្ធយុវជនកម្ពុជា (សសយក) នៅព្រឹកថ្ងៃទី១៥ ខែមករា ឆ្នាំ២០២២នេះ បានអញ្ជើញប្រារព្ធពិធីក្រុងពាលី បញ្ចុះបឋមសិលា សាងសង់ស្នាក់ការ ស.ស.យ.ក ខេត្តកំពង់ចាម និងចូលរួមសំណេះសំណាលជាមួយសមាជិក សមាជិកា ស.ស.យ.ក ខេត្តផងដែរ។

ពិធីនេះមានការអញ្ជើញអមដំណើរដោយលោក ខ្លូត ផន ប្រធានក្រុមប្រឹក្សាខេត្តកំពង់ចាម និង លោក អ៊ុន ចាន់ដា អភិបាលខេត្តកំពង់ចាម ព្រមទាំងមន្ត្រីរាជការ និងសមាជិក សមាជិកា ស.ស.យ.ក យ៉ាងច្រើនផងដែរ។

មានប្រសាសន៍សំណេះសំណាលទៅកាន់សមាជិក សមាជិកា ស.ស.យ.ក. ខេត្តកំពង់ចាម លោក សាយ សំអាល់ បានពាំនាំនូវសេចក្តីនឹករឭក ប្រកបដោយមនោសញ្ចេតនា ពីសំណាក់ លោក ហ៊ុន ម៉ានី ដែលជាប្រធាន .ស.ស.យ.ក និងបានវាយតម្លៃខ្ពស់ដល់ការងារដែលសម្រេចបានក្នុងរយៈពេលកន្លងមក របស់សមាជិក សមាជិកា ក្រុមគ្រួសារសហភាពសហព័ន្ធយុវជនកម្ពុជា ខេត្តកំពង់ចាម។

លោក សាយ សំអាល់ ក៏បានលើកទឹកចិត្ត និងជំរុញឱ្យសមាជិក សមាជិកា បន្ដពង្រឹង និងពង្រីកសកម្មការងារបន្ដទៀត ជាពិសេសបន្ដរក្សាស្មារតីសាមគ្គីភាពឱ្យបានកាន់តែល្អបន្ថែមទៀត ដើម្បីចូលរួមជាមួយរាជរដ្ឋាភិបាល ក្នុងការរក្សាសន្តិភាព អភិវឌ្ឍសង្គមជាតិ ឱ្យកាន់តែរីកចម្រើនតទៅទៀត៕