(មណ្ឌលគិរី)៖ ទេសរដ្ឋមន្ត្រី អូស្មាន ហាស្សាន់ ប្រធានគណៈចលនាសាសនិកឥស្លាមរបស់គណបក្សប្រជាជនកម្ពុជា នៅថ្ងៃទី១៤ ខែមករា ឆ្នាំ២០២២នេះ បានអញ្ជើញជួបសំណេះសំណាលជាមួយថ្នាក់ដឹកនាំ និងសមាជិក សមាជិកា គណៈចលនាសាសនិកឥស្លាមខេត្តមណ្ឌលគិរី។ ពិធីនេះធ្វើឡើងនៅភូមិពូជ្រៃ ឃុំមេប៉ៃ ស្រុកពេជ្រាដា ខេត្តមណ្ឌលគិរី។

ថ្លែងក្នុងឱកាសនោះ លោក អូស្មាន ហាស្សាន់ បានជំរុញលើកទឹកចិត្តថ្នាក់ដឹកនាំ សមាជិក សមាជិកា គណៈចលនាសាសនិកឥស្លាមខេត្តមណ្ឌលគិរី ឲ្យបង្កើនសកម្មភាពផ្សព្វផ្សាយគោលនយោបាយ និងសមិទ្ធផលនានារបស់គណបក្ស ជំរុញការចូលរួមឲ្យកាន់តែសកម្មក្នុងសហគមន៍ខ្មែរឥស្លាមទូទាំងខេត្តមណ្ឌលគិរី ក្នុងការត្រៀមលក្ខណៈឲ្យបានគ្រប់គ្រាន់ សម្រាប់ការបោះឆ្នោតឃុំសង្កាត់ ដែលនឹងប្រព្រឹត្តទៅនៅថ្ងៃទី៥ ខែមិថុនា ឆ្នាំ២០២២នេះ ជាពិសេសជំរុញឲ្យប្រជាពលរដ្ឋដែលគ្រប់អាយុទៅបោះឆ្នោតឲ្យបានគ្រប់គ្នា។

លោកក៏បានក្រើនរំលឹក ដល់សកម្មជនគណៈចលនា ត្រូវបញ្ជាក់ឲ្យច្បាស់ថា គ្រប់គ្នានៅមូលដ្ឋានរបស់ខ្លួន គឺពិតជាមានឯកសារពាក់ព័ន្ធគ្រប់គ្រប់គ្រាន់ដើម្បីបានបោះឆ្នោត ហើយប្រសិនមានប្រជាពលរដ្ឋណាម្នាក់មានបញ្ហាពាក់ព័ន្ធនឹងឯកសារ សូមជួយសម្រួលជូនគាត់ ពន្លឿនការងារឲ្យពួកគាត់បានទទួលឯកសារសមស្របគ្រប់គ្រាន់ ដូចជាអត្តសញ្ញាណបណ្ណសេរីចាស់ជាដើម គឺតម្រូវឲ្យមានសេរីថ្មី និងមានឈីបជាដើម។

លោកបានសង្កត់ធ្ងន់ចុងក្រោយថា ត្រូវចងចាំថា សមាជិកគណបក្សប្រជាជនកម្ពុជាម្នាក់ គឺជាសន្លឹកឆ្នោត ១សន្លឹក៕