(ភ្នំពេញ)៖ អធិការដ្ឋាននគរបាលខណ្ឌសែន ដឹកនាំដោយលោក វរសេនីយ៍ឯក ម៉ក់ ហុង អធិការនគរបាលខណ្ឌ  នាព្រឹកថ្ងៃទី ២៦ មេសា ឆ្នាំ២០១៦នេះ  បានធ្វើការបង្ហាញ​មុខក្រុមចោរ ឆក់ ប្លន់ និងប្រើប្រាស់គ្រឿងញៀន​៧នាក់ មុនបញ្ជូន​ឡើងតុលាការ។

លោក ម៉ក់ ហុង បានថ្លែងប្រាប់អ្នកយកព័ត៌មាន​ថា មុខសញ្ញាឆក់ ប្លន់ និងប្រើប្រាស់គ្រឿងញៀន​ទាំង៧នាក់ ដែលត្រូវបានបង្ហាញ​មុខនាព្រឹកនេះ គឺកម្លាំងនគរបាលប៉ុស្តិ៍ភ្នំពេញថ្មី សហការជាមួយ​កម្លាំង​អត្តរាគមន៍​ខណ្ឌសែនសុខ បង្ក្រាបបាន ខណៈពួកក្រុមល្មើសទាំងនេះ ណាត់គ្នាបំរុង​មកលេងហ្គេមបាញ់ត្រីមួយកន្លែង កាលពីម៉ោង១២៖៣០នាទី រំលងអាធ្រាត្រ​ឈានចូល​ថ្ងៃទី២៤ ខែមេសា ឆ្នាំ២០១៦ នៅចំណុចផ្លូវលំ ក្រុម១២ ភូមិគោកឃ្លាង សង្កាត់ភ្នំពេញថ្មី ខណ្ឌសែនសុខ ។

លោកអធិការបន្តទៀតថា មុនការឃាត់ខ្លួនក្រុមសង្ស័យខាងលើ គឺកម្លាំងរបស់លោកបានធ្វើការស្រាវជ្រាវនិងតាមដាន រាប់ខែមកហើយ លុះ​ដល់ពេលកម្លាំង​សម្ងាត់​បានរាយការណ៍​មកប្រាប់​ថា ក្រុមនេះ មកប្រមូលផ្តុំគ្នា​លេងហ្គេមបាញ់​ត្រី​នៅចំណុច​កើតហេតុខាងលើ ទើបកម្លាំងនគរបាល​របស់លោក ចេញតាមច្បាម និងឃាត់ខ្លួនបាន៧នាក់ យកមកសាកសួរនៅ​ប៉ុស្តិ៍ភ្នំពេញថ្មី តែម្តង។

ជនសង្ស័យទាំង ៧នាក់ រួមមាន៖
ទី១. ឈ្មោះ ឃុន សុខន អាយុ២២ឆ្នាំ
ទី២. ឈ្មោះ ម៉ៅ ចាន់វាសនា អាយុ២៤ឆ្នាំ
ទី៣. ឈ្មោះ ភឿង យា អាយុ២៦ឆ្នាំ
ទី៤. ឈ្មោះ សូរ សារ៉ាត់ អាយុ២៦ឆ្នាំ
ទី៥. ឈ្មោះ មឿន ដែនឧត្តម អាយុ១៩
ទី៦. ឈ្មោះ ស៊ឹម ពិសិដ្ឋ អាយុ២៨ឆ្នាំ
និងទី៧. ឈ្មោះ សុខ ខមរា អាយុ១៩ឆ្នាំ។

ជនសង្ស័យទាំង៧នាក់ បន្ទាប់ពីការបង្ហាញមុខជាសាធារណៈហើយ និងបញ្ជូនទៅកាន់សាលា​ដំបូង​ទាំងអស់​ ដើម្បី​ចាត់ការបន្តតាម​នីតិវិធីច្បាប់៕