(ភ្នំពេញ)៖ រាជរដ្ឋាភិបាលកម្ពុជា បានឯកភាពសម្រេចតាមសំណើរបស់គណៈកម្មការអន្តរក្រសួង ដោយអនុញ្ញាតឱ្យមានការផ្តល់ទិដ្ឋាការ ប្រភេទទេសចរច្រើនដង ដល់ភ្ញៀវទេសចរ ចិន-កូរ៉េ ហើយទិដ្ឋាការនេះ មានសុពលភាពរយៈពេល៣ឆ្នាំ។ នេះបើតាមលិខិតរបស់ ទីស្តីការគណៈរដ្ឋមន្រ្តី ផ្ញើទៅកាន់ លោក ថោង ខុន រដ្ឋមន្រ្តីក្រសួងទេសចរណ៍ និងជាប្រធានគណៈកម្មការអន្តរក្រសួង

មន្រ្តីក្រសួងទេសចរណ៍ បាននិយាយថា ភ្ញៀវទេសចរចិន និងកូរ៉េ អាចចេញចូលកម្ពុជាច្រើនដង ដោយគ្រាន់តែមានទិដ្ឋការថ្មីនេះប៉ុណ្ណោះ ប៉ុន្តែទោះជាយ៉ាងណា សម្រាប់តម្លៃទិដ្ឋការនេះ នៅមិនទាន់កំណត់នៅឡើយទេ ដោយរង់ចាំកិច្ចពិភាក្សាអន្តរក្រសួងសិន។

លិខិតរបស់ទីស្តីការគណៈរដ្ឋមន្រ្តី បានបញ្ជាក់ថា ក្រៅពីការអនុញ្ញាតឱ្យមានការផ្តល់ទិដ្ឋាការប្រភេទទេសចរច្រើនដង ដល់ភ្ញៀវទេសចរ ចិន-កូរ៉េ រាជរដ្ឋាភិបាលក៏បានឯកភាព លើការជំរុញការរៀបចំ កែសម្រួលហេដ្ឋារចនាសម្ព័ន្ធ និងសាងសង់អគារទទួលអ្នកដំណើរថ្មី នៅក្រុងប៉ោយប៉ែត ផងដែរ៕

ខាងក្រោមនេះ ជាលិខិតរបស់ទីស្តីការគណៈរដ្ឋមន្រ្តី៖