(បន្ទាយមានជ័យ)៖ នៅវេលាម៉ោង៧៖៤០នាទីព្រឹកថ្ងៃទី២៦ ខែមេសា ឆ្នាំ២០១៦នេះ ឱកាសសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី នៃកម្ពុជា អញ្ជើញសម្ពោធដាក់ឲ្យប្រើប្រាស់ផ្លូវលេខ៥៦ និងផ្លូវចូលទៅប្រាសាទបន្ទាយឆ្មារ ចង់ភ្ជាប់ពីខេត្តបន្ទាយមានជ័យ ដល់ខេត្តឧត្តរមានជ័យប្រវែងជាង១២៤គីឡូម៉ែត្រ។

សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី នៃកម្ពុជា បានអញ្ជើញចែកទឹកជូនប្រជាពលរដ្ឋ ជាង១២០០០គ្រួសារ ដែលស្មើនឹងជាង៣០លានលីត្រ (១០០រថយន្ត) មុនពេលសម្តេចអញ្ជើញជាអធិបតីភាព នៅក្នុងពិធីសម្ពោធដាក់ឲ្យប្រើប្រាស់ផ្លូវជាតិលេខ៥៦ ចាប់ពីក្រុងសេរីសោភ័ណ្ឌ ខេត្តបន្ទាយមានជ័យ ទៅក្រុងសំរោង ខេត្តឧត្តរមានជ័យ។

គម្រោងស្ថាបនាផ្លូវទិសពាយ័ព្យផ្លូវជាតិលេខ៥៦ ចំណាយថវិកាសរុប ប្រមាណ៤៥លានដុល្លារអាមេរិក ដែលក្នុងនោះ ១៦លានដុល្លារអាមេរិក ជាថវិកាកម្ចីឥណទានពីធនាគារអភិវឌ្ឍអាស៊ី ADB និង ២៩លានដុល្លារអាមេរិកទៀត ជាកម្ចីឥណទានពីរដ្ឋាភិបាល នៃសាធារណរដ្ឋកូរ៉េរួមជាមួយ ថវិកាបដិភាគរាជរដ្ឋាភិបាលកម្ពុជាមួយចំនួន សម្រាប់ការដោះមីនយុទ្ធភ័ណ្ឌមិនទាន់ផ្ទុះ និងដោះស្រាយផលប៉ះពាល់។ ផ្លូវនេះបានចាប់ផ្តើមសាងសង់ នៅចុងឆ្នាំ២០១១ ហើយបញ្ចប់ការសាងសង់ទាំងស្រុងនៅចុងឆ្នាំ២០១៥។

សូមជំរាបថា ផ្លូវជាតិលេខ៥៦ និងផ្លូវចូលប្រាសាទបន្ទាយឆ្មារ ប្រវែងសរុប១២៤,២០គីឡូម៉ែត្រ ដែលក្នុងនោះមានផ្លូវជាតិលេខ៥៦ (តាមគន្លងវាងប្រាសាទ) ប្រវែង១១៣,៤៥គីឡូម៉ែត្រ ចាប់ពីក្រុងសិរី-សោភ័ណ ខេត្តបន្ទាយមានជ័យ ដល់ក្រុងសំរោង ខេត្តឧត្តរមានជ័យ និងផ្លូវចូលប្រាសាទ ប្រវែង១០,៧៥គីឡូម៉ែត្រ មានទទឹងសរុប១១ម៉ែត្រ ផ្ទៃនៃទ្រូងផ្លូវជាប្រភេទកំរាលថ្មស្រោចកៅស៊ូស្តើងពីរស្រទាប់ DBST មានទទឺង១០ម៉ែត្រ មានគន្លងផ្លូវ២ សម្រាប់រថយន្ត គន្លងនីមួយៗ មានទទឹង៣,៥០ម៉ែត្រ គន្លងពីរសម្រាប់ទោចក្រយានយន្ត គន្លងនីមួយៗមានទទឹង១,៥០ម៉ែត្រ និងចិញ្ចើមដីក្រហម សងខាងទទឹង០,៥០ម៉ែត្រ សាងសង់ស្ពាន២កន្លែង ប្រវែងសរុប៦៦ម និងសាងសង់លូគ្រប់ប្រភេទចំនួន១៦៨កន្លែង ប្រវែងសរុប២៤១៧ម៉ែត្រ៕