(កំពង់ស្ពឺ)៖ លោក វ៉ី សំណាង អភិបាលខេត្តកំពង់ស្ពឺ នៅរសៀលថ្ងៃទី២៥ ខែមេសា ឆ្នាំ២០១៦នេះ បានចុះពិនិត្យស្ថានភាពជួបការលំបាក ជាពិសេសការខ្វះខាតទឹកប្រើប្រាស់ប្រចាំថ្ងៃរបស់ប្រជាពលរដ្ឋ នៅភូមិសំរោងរស្មី ឃុំអង្គពពេល ស្រុកគងពិសី ដើម្បីជួយអន្តរាគមន៍ជួយផ្គត់ផ្គង់ទឹក ជូនប្រជាពលរដ្ឋនៅតំបន់នោះ។ លោកអភិបាលខេត្តកំពង់ស្ពឺ ក៏បានបន្តទៅមើលការស្តារស្រះទឹក និងជួសជុលផ្លូវក្នុង ភូមិក្រាំងឡង ឃុំជង្រុក ស្រុកគងពិសីផងដែរ។

លោក វ៉ី សំណាង បានណែនាំ និងជំរុញដល់ថ្នាក់ដឹកនាំ និងអាជ្ញាធរ មូលដ្ឋានត្រូវតាមដានរាល់បញ្ហាជាក់ស្តែង ជាប្រចាំដែលកើតមានឡើងទៅលើប្រជាពលរដ្ឋ ជាពិសេសបញ្ហាខ្វះខាតទឹក ត្រូវធ្វើយ៉ាងណាជួយអន្តរាគមន៍ទាន់ពេលវេលា កុំឲ្យពួកគាត់ដាច់ទឹកតទៅទៀត។

ប្រជាពលរដ្ឋបានបង្ហាញក្តីសប្បាយរីករាយយ៉ាងខ្លាំង និងថ្លែងអំណរគុណដល់លោកអភិបាលខេត្ត ដែលបានចុះមកជួយអន្តរាគមន៍ភ្លាមៗ ក្រោយពេលដែលពួកគេជួបគ្រោះធម្មជាតិមួយនេះ៕