(ភ្នំពេញ)៖ សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា មានប្រសាសន៍ឲ្យដឹងថា សឹង្ហបុរីបានបើកមជ្ឈមណ្ឌល​បណ្ដុះបណ្ដាល​ធនធានមនុស្ស នៅកម្ពុជា ក្នុងនោះមាន ផ្នែកព័ត៌មានវិទ្យា, ពាណិជ្ជកម្ម និងផ្នែកផ្សេងៗទៀត ហើយមកដល់​ពេលនេះ គឺបានហ្វឹកហ្វឺនសិស្ស-និស្សិតប្រមាណ​ជាង១ម៉ឺន២ពាន់នាក់។ 

សម្ដេចតេជោ បន្តថា ខណៈនេះប្រទេសសឹង្ហបុរី កំពុងពិចារណាពង្រីកមជ្ឈមណ្ឌលនេះថែមទៀត សម្រាប់គ្របដណ្ដប់លើមុខ​វិជ្ជាផ្សេងៗទៀតដើម្បីជួយ ដល់យុវជនកម្ពុជា។ ប្រមុខដឹកនាំនៃរាជ​រដ្ឋាភិ​បាល​កម្ពុជា មានប្រសាសន៍បែបនេះ ខណៈដែល ជួបពិភាក្សាការងារ ជាមួយ លោក Kevin Cheok ឯកអគ្គរដ្ឋទូតសិង្ហបុរីនៅវិមានសន្ដិភាព រាជធានីភ្នំពេញ នៅព្រឹកថ្ងៃទី ២៥ ខែមេសា ឆ្នាំ២០១៦​នេះ។ ក្នុងអំឡុងជួបពិភាក្សានោះ លោក Kevin Cheok បានសំដែងការអរគុណយ៉ាងជ្រាលជ្រៅ ដល់សម្ដេចតេជោនាយករដ្ឋមន្រ្ដី ដែលតែងតែគាំទ្របេសកកម្មការ ទូតរបស់លោក​ទទួលបានជោគ​ជ័យនៅកម្ពុជា។ លោក Kevin Cheok បាន មើលឃើញអំពីការអភិវឌ្ឍន៍​នៅកម្ពុជាដែលកំពុង​បោះជំហានទៅមុខ ទាំងនៅ ទីក្រុង និងបណ្តាខេត្ត។ ទន្ទឹមនឹងនោះ លោក Kevin Cheok បានអរ​គុណ​សម្ដេចតេជោ ដែលបានអញ្ជើញបំពេញទស្សនកិច្ច នៅសឹង្ហបុរីចំនួនពីរលើកក្នុងមួយឆ្នាំ ដែលទីមួយចូលរួមគោរពវិញ្ញាណក្ខន្ធ លោក លី ក្វាន់យ៉ូ និងទីពីរ គឺចូលរួមបុណ្យឯករាជ្យជាតិរបស់​សឹង្ហបុរី។

ជាការឆ្លើយតប សម្ដេចតេជោ ហ៊ុន សែន បានបញ្ជាក់ថា សម្តេច មានមោទនភាពណាស់ ដែលបាន​ធ្វើជាដៃ​គូជាមួយរដ្ឋាភិបាល និងប្រជាជនសឹង្ហបុរី។  សម្ដេចតេជោគាំទ្រ និងស្នើឲ្យសឹង្ហបុរីបន្ដជួយ​ជំរុញការបណ្ដុះបណ្ដាល​ធនធានមនុស្ស​នៅក្នុងតំបន់​អាស៊ាន​ទាំងមូល។ សម្តេចតេជោ ក៏បានកោតសរសើរ ចំពោះការរីកចម្រើនលើវិស័យ​សុខាភិបាល​នៅសឹង្ហបុរី ដែលប្រទេស​នេះមានមន្ទីរ ពេទ្យទំនើប​ព្យាបាលប្រកបដោយ​ការទទួល​ខុសត្រូវ​លើវិជ្ជាជីវៈ​ខ្ពស់។ សម្ដេចតេជោ ហ៊ុន សែន បានថ្លែងអំរគុណ លោក Kevin Cheok ដែលបាន​មកបំពេញ​បេសកកម្ម និងបានរឹតចំណង​មិត្តភាព និងសហប្រតិ​បត្តិការ​ល្អ រវាងប្រទេស​ទាំងពីរ និងជូនពរលោកទទួល​បានជោគជ័យក្នុង​បេសក​កម្មថ្មីៗជាបន្ដទៀត។ សម្តេចបាន​បញ្ជាក់ថា នឹងរង់ចាំស្វាគមន៍​ទទួល​ការអញ្ជើញមកបំពេញ​ទស្សនកិច្ច​របស់​រដ្ឋមន្រ្តី​ការបរទេស​​សឹង្ហបូរី នៅកម្ពុជានាពេលឆាប់ៗ​ខាងមុខនេះ​ផងដែរ៕