(បាត់ដំបង)៖ រដ្ឋមន្រ្តីក្រសួងធនធានទឹក និងឧតុនិយម លោក លឹម គានហោ នៅថ្ងៃទី២៥ ខែមេសា ឆ្នាំ២០១៦នេះ បានដឹកនាំក្រុមការងារចុះទៅបញ្ជា និងនាំទឹកផ្ទាល់ចេញពីអាងទឹកកំពីងពួយ ប្រមាណ៥លានម៉ែត្រគូប ឆ្ពោះទៅកាន់ស្ទឹងសិរីសោភ័ណ ដើម្បីផ្គត់ផ្គង់ជូន ប្រជាពលរដ្ឋនៅទីនោះ ក្រោយពីបានដាច់ទឹកប្រើប្រាស់ជាបន្តបន្ទាប់។

លោក ចាន់ យុត្ថា អ្នកនាំពាក្យក្រសួងធនធានទឹក បានប្រាប់ Fresh News នៅល្ងាចថ្ងៃនេះថា «ថ្ងៃនេះលោករដ្ឋមន្រ្តី បាននិងកំពុងដឹកនាំយកទឹកចេញពីអាងទឹកកំពីងពួយ ចាក់បញ្ចូលទៅស្ទឹងបវេល ដែលមានប្រវែងពីមាត់អាត់ជិត២២គីឡូម៉ែត្រ តែក្រុមការងារយើងបានធ្វើទំនប់ ចំនួន៥កន្លែង ដែលគិតត្រឹមម៉ោងប្រមាណ៦៖៤០នាទី ទឹកបានធ្លាក់ចូលទំនប់ទី៣ហើយ និងកំពុងនាំចូលទំនប់ទី៤ រួចទៅ៥ មុនចាក់បញ្ចូលស្ទឹងបវេល»។ លោក ចាន់ យុត្ថា បានបញ្ជាក់ទៀតថា សម្រាប់ការងារនេះ មានការលំបាកខ្លាំងដោយកន្លែងខ្លះ ខ្ពស់យើងត្រូវជីកកាយដើម្បីឲ្យហូរទឹកពីទំនប់មួយទៅទំនប់មួយ។

ជាមួយគ្នានេះ សម្រាប់ការងារនៅថ្ងៃនេះផងដែរ ក៏មានវត្តមានលោកអភិបាលខេត្តបន្ទាយមានជ័យ សួន បវរ ដោយមកថ្លែងអំណរគុណយ៉ាងខ្លាំង ជូនចំពោះលោករដ្ឋមន្រ្តី ជំនួសឲ្យក្រុមប្រឹក្សា ថ្នាក់ដឹកនាំខេត្ត និងប្រជាពលរដ្ឋចំពោះការចេញមកជួយអន្តរាគមន៍ភ្លាមៗចំពោះបញ្ហាធម្មជាតិមួយនេះ។

លោកអភិបាលខេត្ត ក៏បាននាំយកថវិកាចំនួន២លានរៀលជូនក្រុមការងារក្រសួងធនធានទឹកផងដែរ ដែលជាអំណោយរបស់លោកឧបនាយករដ្ឋមន្រ្តី កែ គឹមយ៉ាន។ បើតាមលោក ចាន់ យុត្ថា ការបញ្ជូនទឹកចេញពីអាងទឹកកំពីងពួយ ចាក់តាមប្រឡាយមេអូដនពៅ ដើម្បីទម្លាក់ចូលស្ទឹងមង្គលបូរី រួចបញ្ចាល់ទឹកចាក់ចូលស្ទឹងសិរីសោភ័យនោះ គឺត្រូវប្រើពេលប្រមាណ១អាទិត្យ។ លោក ចាន់ យុត្ថា ថា «យុទ្ធសាស្រ្តសម្រាប់ជួយសង្គ្រោះលើបញ្ហាទឹក ជូនប្រជាពលរដ្ឋ នៅក្រុងសិរីសោភ័ណ គឺមានយូរហើយ មិនមែនទើបតែកើត មានបញ្ហានេះកើតឡើងឡើយ»៕