(ពោធិ៍សាត់)៖ រយៈពេល១ថ្ងៃ នៃថ្ងៃឈប់សម្រាក ដើម្បីអបអរសាទរទិវាជ័យជម្នះ លើរបបប្រល័យពូជសាសន៍ ប៉ុល ពត ខួបលើកទី៤៣ (៧ មករា ១៩៧៩-៧ មករា ២០២២) មានភ្ញៀវទេសចរផ្ទៃក្នុងចំនួន ៩,៨៦៣នាក់ បានដើរកម្សាន្តតាមរមណីយដ្ឋាននានា នៅទូទាំងខេត្តពោធិ៍សាត់ ក្នុងនោះមានភ្ញៀវជាតិ ចំនួន៩,៨៦៣នាក់ និងភ្ញៀវបរទេសផ្ទៃក្នុង ចំនួន០នាក់។

លោក សំ ឃីម ប្រធានមន្ទីរទេសចរណ៍ខេត្តពោធិ៍សាត់ បានប្រាប់ភ្នាក់ងារ Fresh News ឱ្យដឹងនាល្ងាចថ្ងៃទី០៨ ខែមករា ឆ្នាំ២០២២នេះថា ក្នុងចំណោមតំបន់ទេសចរណ៍ ទាំង៧ក្រុង ស្រុក តំបន់ទេសចរណ៍ដែលមានអ្នក ទៅលេងកម្សាន្តច្រើនជាងគេ គឺស្រុកវាលវែង នៅផ្លូវបុប្ផាលាក់ខ្លួន (ភ្នំ១៥០០) តំបន់អូរសោម និងតំបន់ភ្នំខ្នងព្រះ, ចំពោះស្រុកក្រគរ គឺនៅទឹកធ្លាក់ច្រកល្អៀង, ស្រុកតាលោសែនជ័យ គឺនៅសួនកម្សាន្តតាលោសែនជ័យ។

លោក សំ ឃីម បន្តថា មន្ទីរនៅតែបន្តយកចិត្តទុកដាក់ ក្នុងការពង្រឹងការអនុវត្តវិធានសុវត្ថិភាពទេសចរណ៍ និងនីតិវិធីប្រតិបត្តិស្តង់ដា អប្បបរមា (SOP) តាមគោលដៅទេសចរណ៍ និងគោរពតាមការណែនាំរបស់ក្រសួងសុខាភិបាល ព្រមទាំងវិធានការការពារ «៣កុំ និង៣ការពារ» របស់ប្រមុខរាជរដ្ឋាភិបាលជាប្រចាំ។

បើកតាមលោកប្រធានមន្ទីរ បានបញ្ជាក់ថា ភ្ញៀវទេសចរដែលមានការកើតឡើងនេះ គឺដោយសារក្រោមការដឹកនាំរបស់លោក ជាវ តាយ អភិបាលនៃគណៈអភិបាលខេត្ត លោកបានចាប់ខ្ពស់ក្នុងជម្រុញការផ្សព្វផ្សាយ តាមបណ្តាញសង្គម និងតាមប្រព័ន្ធផ្សព្វផ្សាយនានា ពិសេសទូរទស្សន៍ព័ត៌មាន Fresh News ជុំវិញគោលដៅ និងទីតាំងទេសចរណ៍សំខាន់ៗ ដើម្បីឱ្យភ្ញៀវជាតិ និងអន្តរជាតិបានដឹង បានស្គាល់ និងចូលមកទស្សនាកម្សាន្ត ក្នុងទឹកដីខេត្តដ៏សម្បូរបែបមួយនេះ។

សូមបញ្ជាក់ថា គោលដៅទេសចរណ៍ទូទាំងប្រទេស ដែលមានភ្ញៀវទេសចរ ទៅលេងកម្សាន្តច្រើន ក្នុងថ្ងៃ០៧ ខែមករា ឆ្នាំ២០២២ម្សិលមិញ រួមមាន៖

*រាជធានីភ្នំពេញ ៥៥,៨៤២នាក់
*ខេត្តព្រះសីហនុ ១២,៥៨៥នាក់
*ខេត្តសៀមរាប ១០,១៤៨នាក់
*ខេត្តពោធិ៍សាត់ ៩,៨៦៣នាក់
*ខេត្តមណ្ឌលគិរី ៩,៤៩៧នាក់
*ខេត្តបាត់ដំបង ៨,៣៦៥នាក់
*ខេត្តស្ទឹងត្រែង ៨,៣១០នាក់
*ខេត្តកែប ៨,១៣៥នាក់
*ខេត្តកំពត ៨,០៨២នាក់៕