(ត្បូងឃ្មុំ)៖ នារសៀលថ្ងៃទី៨ ខែមករា ឆ្នាំ២០២១ លោក វង សូត រដ្ឋមន្ត្រីក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា និងជាប្រធានក្រុមការងារថ្នាក់ជាតិចុះជួយស្រុកពញាក្រែក ខេត្តត្បូងឃ្មុំ និងឃុំជាច ស្រុកកំចាយមារ ខេត្តព្រៃវែង បានអញ្ជើញសន្និបាតបូកសរុបលទ្ធផលការងារយៈពេល៥ឆ្នាំ២០១៧-២០២២ និងផ្សព្វផ្សាយគោលនយោបាយអភិវឌ្ឍន៍ឃុំអាណត្តិទី៥ ឆ្នាំ ២០២២-២០២៧ របស់គណៈកម្មាធិការបក្សមូលដ្ឋានឃុំវាលម្លូរ ស្រុកពញាក្រែក។

ឆ្លៀតឱកាសនោះលោក វង សូត បានជំរុញសមាជិកសមាជិកា នៃគណបក្សប្រជាជនកម្ពុជាតាមមូលដ្ឋានត្រូវខិតខំប្រឹងប្រែងយកចិត្តទុកដាក់លើការថែរទាំសមាជិកបក្សរបស់យើង និងពង្រឹង ពង្រីកសមាជិកឲ្យបានច្រើន។

ទន្ទឹមនឹងនេះ មន្ត្រីគណបក្សប្រជាជនកម្ពុជា ត្រូវមានសមត្ថភាព ចំណេះដឹង បទពិសោធន៍ និងពង្រឹងសាមគ្គីភាពផ្ទៃក្នុងឲ្យបានរឹងមាំ ដើម្បីឈានទៅយកជ័យជំនះឈ្នះក្នុងការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំសង្កាត់អាណត្តិទី៥ ខាងមុខនេះ។

លោក វង សូត បញ្ជាក់ថា «មន្ត្រីគណបក្សប្រជាជនកម្ពុជា ត្រូវតែលះបង់ពេលវេលា សមត្ថភាព បម្រើ និងការពារជូនប្រជាពលរដ្ឋតាមត្រូវការប្រចាំថ្ងៃ ពោលធ្វើយ៉ាងណា លើកស្ទួយជីវភាពគ្រួសារដែលជួបការលំបាក និងក្រីក្រឲ្យកាន់តែល្អប្រសើរ»

ជាចុងបញ្ចប់ នៃសន្និបាត លោក វង សូត បានអំពាវនាវមន្ត្រីគណបក្សប្រជាជនទាំងអស់ ត្រូវយកចិត្តទុកដាក់ការពារ ទប់ស្កាត់ ការឆ្លងរីករាលដាលជំងឺកូវីដ១៩ ព្រោះថាកូវីដមិនភ្លេចយើងទេ ដោយត្រូវបន្តអនុវត្តន៍ «៣កុំ និង៣ការពារ» និងត្រូវរៀនរស់តាមគន្លងថ្មី ហើយជាពិសេសនោះ ត្រូវរួមគ្នាអនុវត្តន៍គោលនយោបាយភូមិ-ឃុំ មានសុវត្ថិភាពឲ្យបានល្អប្រសើរ៕