(ភ្នំពេញ)៖ និស្សិតខ្មែររៀននៅក្រៅប្រទេស ជុំវិញពិភពលោក ចំនួន២១៥នាក់ទៀត មកពីប្រទេសចំនួន១២ នៅថ្ងៃទី០៨ ខែមករា ឆ្នាំ២០២២នេះ បានចេញលិខិតចំហរមួយ ទាមទារឱ្យ លោក សម រង្ស៉ី មេក្រុមប្រឆាំងក្រៅច្បាប់ សុំទោសជាសាធារណៈចំពោះការប្រមាថសញ្ញាបត្រក្រៅប្រទេសរបស់ លោក ហ៊ុន ម៉ាណែត។

នៅក្នុងលិខិតចំហរនេះ បានលើកឡើងថា៖ «យើងខ្ញុំទាំងអស់គ្នាជាអតីតនិស្សិតខ្មែរអ៉ីស្លាមថ្នាក់បណ្ឌិត អនុបណ្ឌិត និងបរិញ្ញាបត្រ ដែលបានបញ្ចប់ការសិក្សា និងកំពុងបន្តការសិក្សានៅក្រៅប្រទេស សូមសម្ដែងនូវការខកចិត្ត និងសោកស្ដាយជាពន់ពេក ចំពោះអ្នកនយោបាយចាស់វស្សាមួយរូប ដែលបាននិយាយវាយតម្លៃបន្ទាបបន្ថោកដល់គុណភាពសញ្ញាបត្រសិក្សា ដែលយើងខ្ញុំទទួលបាននៅឯក្រៅប្រទេស ថាជាសញ្ញាបត្រប្រភេទទីពីរ ឬសញ្ញាបត្រយោគយល់»

ក្រុមបញ្ញវន្តទាំងនេះ បានចាត់ទុកថា ការថ្លែងជាសាធារណៈរបស់អ្នកនយោបាយខាងលើនេះ គឺពិតជាបានប៉ះពាល់យ៉ាងធ្ងន់ធ្ងរដល់កិត្តិយស សេចក្ដីថ្លៃថ្នូរ និងជាការមិនទទួលស្គាល់នូវការខិតខំប្រឹងប្រែងរបស់និស្សិតទាំងអស់គ្នា ដែលបានទៅនៅឆ្ងាយពីមាតុភូមិ បានតស៊ូសិក្សា និងបានជំនះគ្រប់ឧបសគ្គ ដើម្បីទទួលបានជោគជ័យក្នុងការសិក្សា និងយកចំណេះជំនាញមកចូលរួមកសាង និងអភិវឌ្ឍប្រទេសរបស់ខ្លួននៅពេលត្រលប់មកវិញ។

ទន្ទឹមនឹងនេះ នឹងទាមទារឱ្យ លោក សម រង្ស៉ី សុំទោសជាសាធារណៈនេះ ក្រុមបញ្ញវន្តខ្មែរទាំងនោះ ក៏បានប្រកាសគាំទ្រពេញទំហឹងចំពោះសាររបស់ លោក បណ្ឌិត ហ៊ុន ម៉ាណែត ដែលបានបង្ហោះនៅលើទំព័របណ្ដាញសង្គមហ្វេសប៊ុករបស់លោកកាលពីថ្ងៃទី២៨ ខែធ្នូ ឆ្នាំ២០២១ ដោយបានស្នើ អ្នកនយោបាយខាងលើឲ្យធ្វើការបកស្រាយ និងសូមក្លាហានហ៊ានចេញមុខតទល់ ដើម្បីលុបលាងនូវការថ្លែងយ៉ាងអាម៉ាស់របស់ខ្លួននៅចំពោះមុខកូនខ្មែរទាំងនៅក្នុងប្រទេស និងក្រៅប្រទេស៕