(ភ្នំពេញ)៖ រដ្ឋាភិបាលអូស្ត្រាលី បានស្នើដោយផ្ទាល់តាមរយៈសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា ឲ្យមេដឹកនាំមីយ៉ាន់ម៉ា លោកឧត្តមសេនីយ៍ មីន អោងឡាំង ដោះលែងសាស្ត្រាចារ្យជនជាតិអូស្ត្រាលីមួយរូប ដែលកំពុងជាប់ឃុំនៅប្រទេសមីយ៉ាន់ម៉ា។

ក្នុងជំនួបរបស់សម្តេចតេជោ ហ៊ុន សែន ជាមួយលោក មីន អោងឡាំង កាលពីថ្ងៃទី៧ ខែមករា ឆ្នាំ២០២២, សម្តេចតេជោបានលើកយកសំណើរបស់អូស្ត្រាលី ទៅកាន់មេដឹកនាំមីយ៉ាន់ម៉ា ជាលទ្ធផលលោក មីន អោងឡាំង ទទួលយកសំណើនេះ និងសន្យាដោះស្រាយជាវិជ្ជមាន ជូនសម្តេចតេជោ។

នេះបើតាមលោក ប្រាក់ សុខុន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងការបរទេស និងប្រតិបត្តិការអន្តរជាតិ ថ្លែងក្នុងសន្និសីទសារព័ត៌មាន អំពីលទ្ធផល នៃដំណើរទស្សនកិច្ចរបស់សម្ដេចតេជោ ហ៊ុន សែន នៅប្រទេសមីយ៉ាន់ម៉ា នៅព្រឹកថ្ងៃទី៨ ខែមករា ឆ្នាំ២០២២ នាព្រលានយន្តអន្តរជាតិភ្នំពេញ។

លោកឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន បានថ្លែងយ៉ាងដូច្នេះថា «តបតាមសំណើជាលាយលក្ខណ៍អក្សររបស់រដ្ឋមន្ត្រីការបរទេសអូស្ត្រាលី គឺលោកជំទាវ ម៉ារី ផេន សរសេរផ្ទាល់ផ្ញើជូនសម្តេចតេជោនាយករដ្ឋមន្ត្រី គឺសម្តេចបានលើកករណីការឃាត់ឃុំ របស់សាស្ត្រាចារ្យជនជាតិអូស្ត្រាលី នៅមីយ៉ាន់ម៉ានេះ ជាមួយលោកឧត្តមសេនីយ៍ មីន អោងឡាំង ហើយជាចម្លើយមកវិញ គឺថាដោយសារតែករណីនេះជាប់នៅក្នុងដំណើរការតុលាការនៅឡើយ ប៉ុន្តែលោកបានអះអាងថានៅពេលដែលដំណើរការតុលាការ បានចប់សព្វគ្រប់ លោកឧត្តមសេនីយ៍ នឹងពិនិត្យពិចារណាករណីនេះឡើងវិញ បានន័យថាគាត់សន្យានឹងផ្តល់ចម្លើយជាវិជ្ជមានជូនសម្តេចតេជោពីករណីនេះ»

សូមបញ្ជាក់ថា សម្ដេចតេជោ ហ៊ុន សែន បានដឹកនាំគណៈប្រតិភូជាន់ខ្ពស់ ទៅបំពេញទស្សនកិច្ច នៅប្រទេសមីយ៉ាន់ម៉ា នៅថ្ងៃទី៧-៨ ខែមករា ឆ្នាំ២០២២ ដើម្បីសម្របសម្រួលជួយដោះស្រាយវិបត្តិនៅប្រទេសមីយ៉ាន់ម៉ា និងក្នុងគោលដៅដើម្បីពង្រឹងដល់មិត្តភាពរបស់អាស៊ានផងដែរ។

នៅក្នុងឱកាសបំពេញទស្សនកិច្ចនេះ មេដឹកនាំកំពូលយោធាមីយ៉ាន់ម៉ា បានសម្រេចពន្យារពេលបទឈប់បាញ់រហូតដល់ចុងឆ្នាំ២០២២ ហើយលោកបានអំពាវនាវ ដល់ភាគីពាក់ព័ន្ធទាំងអស់បញ្ឈប់អំពើហិង្សា។ បន្ថែមពីនេះលោកគាំទ្រឲ្យមានកិច្ចប្រជុំដើម្បីសម្របសម្រួលដល់ការផ្ដល់ជំនួយ ព្រមទាំងធានា និងសម្របសម្រួលដល់ដំណើរទស្សនកិច្ចរបស់ប្រេសិតពិសេសប្រធានអាស៊ានឆ្នាំ២០២២ នៅក្នុងប្រទេសមីយ៉ាន់ម៉ា ដើម្បីបានជួបភាគីពាក់ព័ន្ធទាំងអស់ផងដែរ៕