(កំពង់ធំ)៖ លោក ម៉ែន លី សមាជិកអចិន្ត្រៃយ៍គណបក្សប្រជាជនកម្ពុជាខេត្តកំពង់ធំ និងជាអនុប្រធានក្រុមការងារចុះមូលដ្ឋានស្រុកសន្ទុក បានថ្លែងថា ក្រុមការងារទាំងអស់ត្រូវមានឆន្ទៈ និងមានការទទួលខុសត្រូវចំពោះការងារក្នុងការបម្រើប្រយោជន៍ប្រជាពលរដ្ឋ។

លោក ម៉ែន លី បានថ្លែងយ៉ាងដូច្នេះ ក្នុងពេលអញ្ជើញជាអធិបតីក្នុងពិធីសន្និបាតគណៈកម្មាធិការគណបក្សឃុំទីពោ ស្រុកសន្ទុក ខេត្តកំពង់ធំ ថ្ងៃទី៨ ខែមករា ឆ្នាំ២០២២។ កម្មវិធីនេះមានការអញ្ជើញចូលរួមពីលោក ខេន ឈុនគ័រ ប្រធានក្រុមការងារចុះមូលដ្ឋានឃុំទីពោ លោក លោកស្រីអនុប្រធាន សមាជិកសមាជិកាជាង១៥០នាក់។

លោកបានជំរុញមន្ត្រីគណបក្សទាំងអស់ ត្រូវខិតខំពង្រឹងកម្មវិធីនយោបាយរបស់គណបក្សមកអនុវត្តក្នុងឃុំរបស់ខ្លួន តាមតថភាពជាក់ស្តែងឲ្យបានត្រឹមត្រូវក៏ដូចជាខិតខំកសាង និងពង្រឹងគណបក្សលើវិស័យសតិអារម្មណ៍ ដោយគាំទ្រ និងចូលរួមការចាត់តាំងគណបក្សនៅមូលដ្ឋាន ក្នុងការឃោសនាអប់រំប្រជាជនពីសភាពការណ៍រីកចម្រើន។

លោកក៏បានជំរុញមន្ត្រីគណបក្ស ត្រូវធ្វើជាស្នូលនៃសាមគ្គីភាព ឯកភាពផ្ទៃក្នុងរបស់គណបក្ស និងធ្វើជាគម្រូដល់សមាជិកគណបក្ស និងអ្នកគាំទ្រគណបក្ស ក៏ដូចមហាជនទូទៅ ក៏ដូចជាខិតខំកសាងទំនាក់ទំនងល្អជាមួយមហាជន សហការជួយឧបត្ថម្ភគាំទ្រគ្នាទៅវិញទៅមក និងធ្វើអំពើល្អជាមួយប្រជាជនគ្រប់មូលដ្ឋាន សំដៅលើកកម្ពស់ប្រជាប្រិយភាពរបស់គណបក្សនិងទទួលបានការគាំទ្របន្ថែមទៀតចំពោះគណបក្សប្រជាជនកម្ពុជា ត្រូវមានស្មារតីនៅកៀកថែទាំ ទ្រព្យ សមប្បត្តិរបស់ប្រជាពលរដ្ឋឲ្យបានល្អ។

ក្រុមការងារទាំងអស់ត្រូវគ្រប់គ្រប់មុខសញ្ញាឲ្យបានច្បាស់លាស់ដើម្បីជួយពួកគាត់ឲ្យចំគោលដៅដោយមានការលើកទឹកចិត្ត។ ជាចុងក្រោយ លោក ម៉ែន លី បានជំរុញក្រុមការងារចុះជួយត្រូវគ្រប់គ្រងថែទាំសមាជិក សមាជិកា គណបក្សបន្តអនុវត្តសម្រេចស្ដីពីផែនការរួមឆ្ពោះទៅកាន់ការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំសង្កាត់អាណត្តិទី០៥ ឆ្នាំ២០២២មុខនេះ៕