(ភ្នំពេញ)៖ លោក ដន ប្រាម៉ាត់វីណៃ រដ្ឋមន្ត្រីការបរទេសថៃ បានអបអរសាទរយ៉ាងខ្លាំង ចំពោះលទ្ធផលនៃដំណើរទស្សនកិច្ច របស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា នៅប្រទេសមីយ៉ាន់ម៉ា។ នេះបើតាមលោកឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន រដ្ឋមន្ត្រីការបរទេសកម្ពុជា ថ្លែងក្នុងសន្និសីទសារព័ត៌មាន នៅថ្ងៃទី៨ ខែមករា ឆ្នាំ២០២១។

បើតាមប្រមុខការទូតកម្ពុជា, ប្រមុខការទូតថៃ បានរំពឹងថា បទពិសោធន៍ដ៏សម្បូរបែប របស់សម្តេចតេជោ ហ៊ុន សែន ពិតជាមានសារៈសំខាន់ណាស់ ចំពោះការជួយដោះស្រាយបញ្ហានៅប្រទេសមីយ៉ាន់ម៉ា។

លោក ប្រាក់ សុខុន បានបញ្ជាក់យ៉ាងដូច្នេះ៖ «ខ្ញុំបានទទួលសារមួយពី លោក ដន ប្រាម៉ាត់វីណៃ រដ្ឋមន្ត្រីការបរទេសថៃ លោកបានគាំទ្រចំពោះលទ្ធផល [នៃសេចក្តីប្រកាសរួមគ្នា] យ៉ាងខ្លាំង។ គាត់គាំទ្រចំពោះកិច្ចប្រឹងប្រែងរបស់កម្ពុជាតទៅមុខទៀត ហើយគាត់ថា បទពិសោធន៍ដ៏សម្បូរបែប របស់សម្តេចតេជោនាយករដ្ឋមន្ត្រី មានសារៈសំខាន់ខ្លាំងណាស់ ចំពោះការជួយដោះស្រាយបញ្ហានៅមីយ៉ាន់ម៉ា»

លោកក៏បានបញ្ជាក់ផងដែរ សម្តេចតេជោ ហ៊ុន សែន បានចែករំលែកនយោបាយឈ្នះ-ឈ្នះ ដល់លោកនាយឧត្តមសេនីយ៍ មីន អោង ឡាំង មេដឹកនាំរបបយោធាមីយ៉ាន់ម៉ា។ រដ្ឋមន្រ្តីការបរទេសកម្ពុជា បានថ្លែងទៀតថា ការជួយមីយ៉ាន់ម៉ា គឺជាសណ្តានចិត្តសុទ្ធសាធរបស់កម្ពុជា និងសម្រាប់ផលប្រយោជន៍អាស៊ានទាំងមូល។

វិបត្តិនៅមីយ៉ាន់ម៉ា បានកើតឡើងបន្ទាប់ពី លោកនាយឧត្តមសេនីយ៍ មីន អោង ឡាំង ធ្វើរដ្ឋប្រហារទម្លាក់លោកស្រី អង់ សានស៊ូជី ក្រោយលទ្ធផលបោះឆ្នោត កាលពីខែកុម្ភៈ ឆ្នាំ២០២១។ វិបត្តិដែលបានប៉ះពាល់ដល់តំបន់អាស៊ានទាំងមូលនេះ មិនត្រូវបានដោះស្រាយចេញនោះទេ នៅពេលដែលឥណ្ឌូនេស៉ី ធ្វើជាប្រធានអាស៊ាន ក្រោយគោលការណ៍កុងសង់ស៉ីស ៥ចំណុច មិនត្រូវបានអនុវត្ត។

ដំណើរទស្សនកិច្ចសម្តេចតេជោ ហ៊ុន សែន នៅមីយ៉ាន់ម៉ានេះ វឌ្ឍនភាពនៃគោលការណ៍កុងសង់ស៉ីស ៥ចំណុច ចាប់ផ្តើមកើតមាន។

បើតាមសេចក្តីប្រកាសព័ត៌មានរួម រវាងកម្ពុជា និងមីយ៉ាន់ម៉ា បញ្ជាក់ថា វឌ្ឍនភាពធំៗចំនួន២ ដែលគេឃើញមាននោះគឺ មេដឹកនាំយោធាមីយ៉ាន់ម៉ា បានសម្រេចពន្យារពេលបទឈប់បាញ់ រហូតដល់ចុងឆ្នាំ២០២២ ហើយអំពាវនាវភាគីពាក់ព័ន្ធបញ្ឈប់ហិង្សា ខណៈកម្ពុជា-មីយ៉ាន់ម៉ាក៏បានគាំទ្រឱ្យមានកិច្ចប្រជុំរវាងភាគីពាក់ព័ន្ធ ដើម្បីសម្របសម្រួលជំនួយមនុស្សធម៌សម្រាប់មីយ៉ាន់ម៉ា។ បន្ថែមលើនេះ មេដឹកនាំកំពូលយោធាមីយ៉ាន់ម៉ា ក៏បានចេញមុខធានា និងសម្របសម្រួល ដល់ដំណើរទស្សនកិច្ចរបស់ប្រេសិតពិសេសប្រធានអាស៊ាន ឆ្នាំ២០២២ ក្នុងពេលបំពេញភារកិច្ចនៅប្រទេសមីយ៉ាន់ម៉ា ដើម្បីឱ្យបានជួបជាមួយនឹងភាគីពាក់ព័ន្ធទាំងអស់ផងដែរ។

លោក ប្រាក់ សុខុន ក៏បានរំលឹកពីប្រសាសន៍សម្តេចតេជោ ហ៊ុន សែន ដែលសម្តេចញ្ជាក់ថា «បទឈប់បាញ់ និងជំនួយមនុស្សធម៌ ជារឿងចំបាច់របស់ប្រជាជនមីយ៉ាន់។ តើមនុស្សមួយចំនួន ដែលប្រឆាំងនឹង ២ចំណុចនេះ មានសារធាតុជាមនុស្សដែរឬទេ? តើចង់ឲ្យមនុស្សរបួសដោយសារសង្រ្គាម ឬចង់ឃើញមនុស្សស្លាប់ដោយសារអត់បាយ និងថ្នាំសង្កូវមែនទេ?»