(បាត់ដំបង)៖ នៅក្នុងឱកាសអបអរសាទរខួបរយៈពេល៤៣ឆ្នាំ នៃទិវាជ័យជម្នះ ៧ មករា នៅថ្ងៃទី០៧ ខែមករា ឆ្នាំ២០២២នេះ លោក កុល វីរក្ស សមាជិកគណៈកម្មាធិការកណ្តាលគណបក្សប្រជាជនកម្ពុជា បានផ្សព្វផ្សាយនូវលទ្ធផលនៃសន្និបាតគណៈកម្មាធិការកណ្តាលគណបក្សប្រជាជនកម្ពុជា លើកទី៤៣ កាលពីថ្ងៃទី២៤ ខែធ្នូ ឆ្នាំ២០២១ ជូនដល់សមាជិក សមាជិក នៅមូលដ្ឋានឱ្យបានជ្រួតជ្រាបទាំងអស់គ្នា។

សម្រាប់ខ្លឹមសារសំខាន់ៗ ដែលបានលើកយកមកផ្សព្វផ្សាយនាពេលនេះរួមមានគឺ៖ គាំទ្រសម្តេចតេជោ ហ៊ុន សែន ជានាយករដ្ឋមន្ត្រីនៃកម្ពុជា ជាបន្តទៅទៀត បោះឆ្នោតជ្រើសតាំងលោកបណ្ឌិត ហ៊ុន ម៉ាណែត ជាបេក្ខភាពនាយករដ្ឋមន្ត្រីរបស់គណបក្សប្រជាជនកម្ពុជា នាពេលអនាគតបោះឆ្នោតជ្រើសតាំង, សម្តេចពិជ័យសេនា ទៀ បាញ់ ជាអនុប្រធានគណបក្សប្រជាជនកម្ពុជា និងសម្រេចជ្រើសតាំង លោកស្រីកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ជាអនុប្រធានគណបក្សប្រជាជនកម្ពុជា។

ការពាំនាំនូវសារផ្សព្វផ្សាយរបស់លោក កុល វីរក្ស បានធ្វើឡើងនៅក្នុងឱកាសដែលលោកបានអញ្ជើញជាគណៈអធិបតីក្នុងសន្និបាតគណបក្សឃុំតាប៉ុន ស្រុកសង្កែ ខេត្តបាត់ដំបង និងបើកសន្និបាតបូកសរុបលទ្ធផលការអនុវត្តគោលនយោបាយ៥ឆ្នាំ អាណត្តិទី៤ និងកំណត់គោលនយោបាយគណបក្សសម្រាប់ការអភិវឌ្ឍ ៥ឆ្នាំ (២០២២.២០២៧)។ ពិធីនេះក៏មានចូលរួមពីសំណាក់ក្រុមការងារចុះជួយឃុំ, ប្រធានគណបក្សឃុំ, លោកស្រី ប្រធានក្រុមប្រឹក្សាឃុំ និងសមាជិកសមាជិកាមកពីបណ្តាសាខាបក្សភូមិទាំងអស់ក្នុងឃុំតាប៉ុន។

សន្និបាតបក្សឃុំតាប៉ុន បានសម្រេចអនុម័តយល់ព្រមជាឯកច្ឆ័ន្ទលើរបាយការណ៍លទ្ធផលការងាររបស់ក្រុមប្រឹក្សាឃុំតាប៉ុន និងបានសម្រេចអនុម័តយល់ព្រមជាឯកច្ឆ័ន្ទលើទិសដៅអភិវឌ្ឍសម្រាប់អាណត្តិ ៥ឆ្នាំ នាពេលខាងមុខ។

អង្គសន្និបាតបានធ្វើការឧទ្ទេសនាមបេក្ខជនឈរឈ្មោះបោះឆ្នោតរបស់គណបក្សប្រជាជនកម្ពុជា ឃុំតាប៉ុន បន្ទាប់ពីបានធ្វើការស្ទាបស្ទង់មតិនាពេលកន្លងទៅ សរុបចំនួន ២៣រូប ដឹកនាំដោយលោកស្រី លឿម យាប់ ប្រធានក្រុមប្រឹក្សាឃុំអាណត្តិចាស់ ដើម្បីចូលរួមប្រកួតប្រជែងដណ្តើមប្រៀបឈ្នះ ក្នុងការបោះឆ្នោតជ្រើសរើសសមាជិកក្រុមប្រឹក្សាឃុំ ក្នុងអាណត្តិខាងមុខនេះ។

នាឱកាសនោះដែរ លោក កុល វីរក្ស បានពាំនាំនូវបណ្តាំផ្ញើសួរសុខទុក្ខដោយសេចក្តីនឹករលឹកពីថ្នាក់ដឹកនាំគណបក្សប្រជាជនកម្ពុជា សម្តេចតេជោ ហ៊ុន សែន ប្រធានគណបក្ស, សម្តេចអគ្គមហាពញាចក្រី ហេង សំរិន ប្រធានកិត្តិយសគណបក្ស , សម្តេចក្រឡាហោម ស ខេង អនុប្រធានគណបក្ស និងសម្តេចវិបុលសេនាភក្តី សាយ ឈុំ អនុប្រធានគណបក្ស, សម្តេចពិជ័យសេនា ទៀ បាញ់ អនុប្រធានគណបក្ស និងលោកស្រី កិត្តិសង្គហបណ្ឌិត ម៉ែន សំអន ជាអនុប្រធានគណបក្ស ជូនចំពោះសមាជិកសមាជិកាគណបក្សឃុំតាប៉ុន ស្រុកសង្កែ ខេត្តបាត់ដំបង នៅក្នុងឱកាសសន្និបាតដ៏ឱឡាឫកនេះ។

លោក កុល វីរក្ស ក៏បានក្រើនរំលឹកនូវការអនុវត្តវិធានការសុខាភិបាល «៣កុំ និង៣ការពារ» ពីព្រោះមេរោគកូវីដ១៩ មិនទាន់ទៅណាឆ្ងាយនៅឡើយទេ ទោះបីយើងមានវ៉ាក់សាំងស្ទើរគ្របដណ្តប់ទូទាំងប្រទេសហើយក៏ដោយ ប្រសិនបើយើងធ្វេសប្រហែស នោះសោកនាដកម្មអាចធ្លាក់មកចំលើក្រុមគ្រួសាររបស់យើង។ ហេតុនេះត្រូវបន្ត និងបង្កើនការប្រុងប្រយ័ត្ន ព្រមទាំងនាំគ្នាទៅចាក់វ៉ាក់សាំងដូសមូលដ្ឋានឱ្យបានគ្រប់គ្នា និងត្រូវចូលរួមចាក់វ៉ាក់សាំងដូសជំរុញលើកទី៣ ឬលើកបន្តបន្ទាប់ទៀត តាមការកំណត់របស់អាជ្ញាធរ៕