(កំពង់ធំ)៖ លោក ថោង ខុន រដ្ឋមន្ត្រីក្រសួងទេសចរណ៍ និងជាប្រធានក្រុមការងារចុះជួយស្រុកបារាយណ៍ និងស្រុកតាំងគោក ខេត្តកំពង់ធំ នៅព្រឹកថ្ងៃទី០៧ ខែធ្នូ ឆ្នាំ២០២១នេះ ចំថ្ងៃដែលត្រូវបានប្រជាជនកម្ពុជាប្រសិទ្ធនាមថា «ជាថ្ងៃកំណើតទី២ របស់ខ្លួន» បានដឹកនាំក្រុមការងារចុះសម្ពោធដាក់ឱ្យប្រើប្រាស់ទីស្នាក់ការគណបក្ស ប្រជាជនឃុំបល្ល័ង្ក ក្នុងស្រុកបារាយណ៍ ខេត្តកំពង់ធំ។

លើកឡើងក្នុងឱកាសនោះលោករដ្ឋមន្ត្រី ថោង ខុន បានបញ្ជាក់ថា សមិទ្ធផលនានាដែលកើតមាននៅថ្ងៃនេះ គឺកើតចេញពីថ្ងៃ៧ មករា ១៩៧៩ ដែលមានសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា ដោយសម្តេចបានយកចិត្តទុកដាក់ខ្ពស់លើគ្រប់វិស័យ និងបានធ្វើឱ្យប្រទេសជាតិមានសុខសន្តិភាព ពេញផ្ទៃប្រទេស ដែលបង្កបរិយាកាស ដល់ការសហការជាមួយដៃគូនានា ដោយស្មើមុខស្មើមាត់លើឆាកអន្តរជាតិ និងបានខិតខំប្រឹងប្រែងដោះស្រាយ នូវរាល់ការលំបាក និងសំណូមពររបស់ប្រជាពលរដ្ឋ ព្រមទាំងបានធ្វើឱ្យប្រទេសជាតិរីកចម្រើនលើគ្រប់វិស័យ ជាពិសេសហេដ្ឋារចនាសម័ន្ធរូបវ័ននានាដូចជា៖ ផ្លូវ ស្ពាន សាលារៀន មន្ទីរពេទ្យ ប្រព័ន្ធធារាសាស្ត្រជាដើម។

លោក ថោង ខុន បានឲ្យដឹងថា ដោយសារការខិតខំប្រឹងប្រែងរបស់ថ្នាក់ដឹកនាំ និងការដើរតាមគោលនយោបាយរបស់គណបក្សប្រជាជនកម្ពុជា រួមជាមួយជម្រុញការ អភិវឌ្ឍន៍ឥតឈប់ឈរនោះ សមិទ្ធផលនានានៅតាមមូលដ្ឋានជាច្រើន បានកំពុងកើតចេញជាបណ្តើរៗ មិនថានៅតាមមូលដ្ឋាន ឬតំបន់ដាច់ស្រយ៉ាលនោះឡើយ។

ប្រធានក្រុមការងាររូបនេះបានលើកឡើងទៀតថា ជាក់ស្តែងសមិទ្ធផល ដែលបានកើតឡើងនៅក្នុងថ្ងៃនេះបានកើតឡើង ដោយការខិតខំប្រឹងប្រែងរបស់គណបក្ស ប្រជាជនកម្ពុជា ជម្រុញធ្វើយ៉ាងណាឲ្យមន្រ្តីឬអាជ្ញាធរ នៅតាមមូលដ្ឋានមានកន្លែងធ្វើការងារសមរម្យ ក្នុងការផ្តល់បម្រើសេវានៅតាមមូលដ្ឋានឲ្យបានយ៉ាងឆាប់រហ័ស ដើម្បីជម្រុញពិនិត្យមើលលើចំណុចខ្វះខាតឲ្យបានគ្រប់ជ្រុងជ្រោយ សំដៅជម្រុញរួមគ្នាដោះស្រាយរាល់បញ្ហាកើតឡើងទាំងនោះឲ្យបានទាន់ពេលវេលា ដើម្បីបង្កើន ការជឿជាក់ កាន់តែខ្លាំងខ្លាចំពោះប្រជាពលរដ្ឋនៅតាមមូលដ្ឋាន។

ជាមួយគ្នានោះលោករដ្ឋមន្ត្រី ថោង ខុន ក៏បានជំរុញឱ្យប្រធានគណបក្សប្រជាជនឃុំបល្ល័ង្ក បន្តការងារចាក់វ៉ាក់សាំងដូសជំរុញ (ដូសទី៣) ជូនប្រជាពលរដ្ឋឱ្យបានគ្រប់គ្នា និងត្រូវបន្តចុះជួយមូលដ្ឋាន ឱ្យបានសកម្មបន្ថែមទៀតក្នុងនោះត្រូវបន្តចុះអប់រំផ្សព្វផ្សាយនូវវិធានសុខាភិបាល ពិសេសត្រូវពង្រឹងវិធានការ «៣-ការពារ ៣-កុំ» ឱ្យខាងតែបាននិងជំរុញឱ្យប្រជាពលរដ្ឋត្រូវពាក់ម៉ាស់ឱ្យបានជាប្រចាំ។

ជាចុងក្រោយ លោក ថោង ខុន ក៏បាននាំយកនូវរបស់កំដរដៃបន្តិចបន្តួចជាថវិកាចំនួន ២លានរៀល ប្រគល់ជូនដល់ទីស្នាក់ការគណបក្សប្រជាជនឃុំបល្ល័ង្កផងដែរ៕