(ភ្នំពេញ)៖ ក្នុងគោលដៅដូចគ្នា រួមចំណែកលើកស្ទួយវិស័យអប់រំ ជាមួយរាជរដ្ឋាភិបាលកម្ពុជានោះ បុរី ពិភពថ្មី និងសាលាបញ្ញាសាស្ត្រអន្តរជាតិ នៅថ្ងៃទី០៧ ខែមករា ឆ្នាំ២០២២នេះ បានចុះកិច្ចព្រមព្រៀងសហប្រតិបត្តិការ លើការបើកដំណើរការសាលារៀន ចាប់ពីថ្នាក់មត្តេយ្យ ដល់ថ្នាក់ទី១២ នៅក្នុងបុរីពិភពថ្មីជាផ្លូវការ។

ពិធីចុះហត្ថលេខាបានធ្វើឡើងក្រោមអធិបតីភាព អ្នកឧកញ៉ា ហុង ពីវ ម្ចាស់បុរីពិភពថ្មី និងបណ្ឌិត កុល ផេង ស្ថាបនិក និងជាប្រធានសាកលវិទ្យាល័យបញ្ញាសាស្ត្រកម្ពុជា និងសាលាបញ្ញាសាស្ត្រអន្តរជាតិ ព្រមទាំងមានការចូលរួមពីសហការី ភ្ញៀវកិត្តិយស បុរី ពិភពថ្មី សាកលវិទ្យាល័យបញ្ញាសាស្ត្រកម្ពុជា និងសាលាបញ្ញាសាស្ត្រអន្តរជាតិជាច្រើនរូបទៀត។

ក្នុងពិធីនេះ អ្នកឧកញ៉ា ហុង ពីវ បានថ្លែងថា តាមរយៈសមិទ្ធផលថ្មីមួយនេះ សាលាបញ្ញាសាស្ត្រអន្តរជាតិ នឹងបើកដំណើរការក្នុង ៤ទីតាំង នៃបុរី ពិភពថ្មី រួមមាន បុរី ពិភពថ្មី ឈូកវ៉ា, បុរី ពិភពថ្មី កួរស្រូវ, បុរី ពិភពថ្មី កំបូល, និងបុរី ពិភពថ្មី ផ្លូវជាតិលេខ៣ ចាប់ពីថ្នាក់មត្តេយ្យ ដល់ថ្នាក់ទី១២។ អតិថិជន ដែលរស់នៅក្នុងបុរីពិភពថ្មី នឹងទទួលបានការបញ្ចុះតម្លៃយ៉ាងពិសេស។

អ្នកឧកញ៉ា ហុង ពីវ បានបញ្ជាក់យ៉ាងដូច្នេះថា៖ «ចាប់ពីថ្ងៃនេះទៅ គ្រប់ទីតាំងថ្មី របស់បុរី ពិភពថ្មី ទាំងអស់ នឹងមានសាលាបញ្ញាសាស្ត្រអន្តរជាតិ។ មិនតែប៉ុណ្ណោះ ខ្ញុំនឹងបញ្ចុះតម្លៃយ៉ាងពិសេស ជូនដល់អតិថិជន ដែលរស់នៅក្នុងបុរីពិភពថ្មីទាំងអស់»

គោលបំណងចម្បងៗ ក្នុងការសម្រេចធ្វើកិច្ចសហប្រតិបត្តិការនេះឡើង រួមមាន៖

១៖ ដោយមានការស្នើសុំពីអតិថិជន ដែលរស់នៅក្នុងបុរី ពិភពថ្មី ចង់ឲ្យកូនៗរៀននៅសាលាបញ្ញាសាស្ត្រអន្តរជាតិ
២៖ ដោយមានចក្ខុវិស័យវែងឆ្ងាយ រួមគ្នា រវាងបុរី ពិភពថ្មី និងសាលាបញ្ញាសាស្ត្រអន្តរជាតិ
៣៖ ដោយសង្កេតឃើញថា សាលាបញ្ញាសាស្ត្រអន្តរជាតិ ជាសាលាដែលមានគុណតម្លៃខ្ពស់ឈានមុខគេ នៅក្នុងប្រទេស ហើយសិស្សានុសិស្ស ដែលរៀនចប់មានសមត្ថភាពពេញលេញ ទាំងចំណេះវិជ្ជា និងចរិយាសម្បត្តិ។

បើតាមបណ្ឌិត កុល ផេង បញ្ជាក់ថា ក្រោយពីរាជរដ្ឋាភិបាលសម្រេចឲ្យមានស្ថាប័នអប់រំដោយវិស័យឯកជន គឺសាកលវិទ្យាល័យបញ្ញាសាស្ត្រ ក៏បានបង្កើតឡើងនៅឆ្នាំ២០០០ ហើយក្រោយមកបាន ១ឆ្នាំ សាលាបញ្ញាសាស្ត្រអន្តរជាតិ ក៏ត្រូវបានបង្កើតឡើង។

«សម្រាប់ថ្នាក់មតេ្តយ្យ ដល់ថ្នាក់ទី១២ ដែលត្រូវបង្កើតឡើងទាំង ៤ទីតាំង នៅក្នុងបុរី ពិភពថ្មី យើងបានត្រៀមបុគ្គលិករួចរាល់ហើយ ដើម្បីដំណើរការសាលារៀនរបស់ពួកយើង»។ នេះជាការបញ្ជាក់បន្ថែម របស់បណ្ឌិត កុល ផេង ដែលជាអតីតរដ្ឋមន្ត្រីក្រសួងអប់រំ យុវជន និងកីឡា។

សូមជម្រាបថា គិតមកដល់ពេលនេះ បុរី ពិភពថ្មី មានបទពិសោធន៍សាងសង់លំនៅដ្ឋានរយៈពេលជាង ១៨ឆ្នាំហើយ និងបានសង់សម្រេចបាន ចំនួន ៤៣ទីតាំង នៅទូទាំងរាជធានី-ខេត្ត សរុបចំនួន ៥៧,០០០ផ្ទះ មានអតិថិជនរស់នៅជាង ២២ម៉ឺននាក់។ ក្រៅពីនេះ បុរី ពិភពថ្មី ក៏មានសមិទ្ធផលជាច្រើនទៀត ដូចជា អាគាររៀបអាពាហ៍ពិពាហ៍ ផ្សារ សាលារៀន អាគារស្នាក់នៅ ថែមទាំងកំពុងសាងសង់នូវផ្សារទំនើប និងខុនដូផងដែរ៕