(ភ្នំពេញ)៖ ខួបអនុស្សាវរីយ៍លើកទី៤៣ ទិវាបុណ្យជ័យជម្នះ ៧ មករា ១៩៧៩-៧ មករា ២០២២ ជាថៃ្ងបុណ្យជាតិដ៏ធំមួយ ត្រូវរំលឹកដល់គុណបំណាច់របស់យុទ្ធជន យុទ្ធនារី ដែលបានពលីជីវិតដើម្បីរំដោះប្រទេសជាតិ និងប្រជាជនចេញពីរបបប្រល័យពូជសាសន៍ ប៉ុល ពត ដែលបានកាប់សម្លាប់ជាតិសាសន៍ខ្លួនឯងយ៉ាងព្រៃផ្សៃអស់ជាង ៣លាននាក់ ដែលគ្មានទេនៅក្នុងប្រវត្តិសាស្ត្រមនុស្សជាតិលើពិភពលោក។

ដោយមើលឃើញការធ្វើទារុណកម្ម ការឈឺចាប់ និរាស្តព្រាត់ប្រាស់របស់ប្រជាពលរដ្ឋខ្មែរ និងគ្រោះថ្នាក់របស់ប្រទេសជាតិសម្ដេចតេជោ ហ៊ុន សែន ដែលកាលនោះគេហៅថាសមមិត្ត ហ៊ុន សែន នោះ បានសម្រេចចិត្តចាកចេញ ពីប្រទេសកម្ពុជានៅវេលាម៉ោង២១ ថ្ងៃទី២០ ខែមិថុនា ឆ្នាំ១៩៧៧ ត្រូវនឹងថ្ងៃ៥កើត ខែអាសាឋ ឆ្នាំម្សាញ់ នបស័ក ព.ស ២៥២១ ទាំងក្តីអាឡោះអាល័យ ទឹកភ្នែក ចាកចោលភរិយាជាទីស្រឡាញ់ គឺសម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី កំពុងពរពោះកូនក្នុងផ្ទៃ៥ខែ គឺលោក ហ៊ុន ម៉ាណែត។ ការចាកចេញក្នុងស្ថានភាពដ៏គ្រោះថ្នាក់បំផុត ស្ទើរតែមិនមានសង្ឃឹមដោយផ្តើមចេញពីការយកអាយុជីវិត ធ្វើជាដើមទុនរបស់ថ្នាក់ដឹកនាំ ទើបជាតិ និងប្រជាជនកម្ពុជា រស់នៅក្រោមដំបូលសន្តិភាពដូចបច្ចុប្បន្ននេះ វាមិនមែនជារឿងសាមញ្ញពេកនោះទេ ហើយក៏មិនប្រាកដដែលថាអ្នកណាៗក៏អាចធ្វើបានគ្រប់តែគ្នានោះដែរ។

វេលាម៉ោង ១២៖៣០នាទីថ្ងៃអាទិត្យ ៩កើត ខែបុស្ស ឆ្នាំមមី ត្រូវនឹងថ្ងៃទី៧ ខែមករា ឆ្នាំ១៩៧៩ សម្រែកជយោខ្ទារខ្ទរពេញប្រឹថពីក នៅលើទឹកដីអង្គរដ៏កម្សត់ រួមជាមួយការរំភើបញាប់ញ័រ ញញឹមទាំងទឹកភ្នែក ប្រទេសជាតិ និងប្រជាជនកម្ពុជាទាំងអស់ត្រូវបានរំដោះឱ្យរស់រានមានជីវិត ទទួលបាននូវកំណើតទី២ គ្រប់ៗគ្នា។

បន្ទាប់ពីការដួលរលំនៃរបបអាវខ្មៅរបស់ខ្មែរក្រហម នៅថ្ងៃទី៧ ខែមករា បាននាំនាវាកម្ពុជា ទៅកាន់សករាជថ្មីមួយជារៀងរាល់ឆ្នាំគឺថ្ងៃ៧ មករា ប្រជាពលរដ្ឋកម្ពុជាបានចូលរួមអបអរសាទរ នូវថ្ងៃប្រវត្តិសាស្ត្រដែលកូនខ្មែរគ្រប់ៗរូប និងអនុជនជំនាន់ក្រោយៗបានចងចាំ និងកត់ត្រាទុក ថ្ងៃដែលមានអត្ថន័យបំផុតសម្រាប់មនុស្សចាស់ដែលនៅរស់រានមានជីវិត និងអ្នកនយោបាយរបស់គណបក្សប្រជាជនកម្ពុជា។

ដោយមើលឃើញគ្រោះថ្នាក់របស់ជាតិ ដែលបង្កឡើងដោយអ្នកនយោបាយជំនាន់មុន សម្ដេចតេជោ ហ៊ុន សែន រួមទាំងឥស្សរជនខ្មែរដទៃទៀត បានខិតខំបង្កើតចលនាតស៊ូរំដោះប្រទេសជាតិដោយយកអាយុជីវិតធ្វើដើមទុន រហូតសម្រេចបានជ័យជម្នះនៅថ្ងៃទី៧ ខែមករា ឆ្នាំ១៩៧៩ ដែលធ្វើឱ្យប្រជាជាតិខ្មែរទាំងមូលបានរស់រានមានជីវិតថ្មីពីរបបប្រល័យសាសន៍ ប៉ុល ពត។ ក៏ប៉ុន្តែទោះបីប្រទេសកម្ពុជាត្រូវបានរំដោះឱ្យរួច ផុតពីរបបប្រល័យពូជសាសន៍ ប៉ុល ពត យ៉ាងណាក៏ដោយ ក៏ក្រុមមេដឹកនាំខ្មែរក្រហម បានរត់ភៀសខ្លួនទៅជាយដែនខ្មែរថៃដោយបង្កើតជាតំបន់តស៊ូប្រដាប់អាវុធ រួមទាំងចលនាតស៊ូខ្មែរដទៃទៀតដែលធ្វើឱ្យប្រទេសកម្ពុជា នាសម័យនោះស្ថិតក្នុងដំណាក់កាលសង្គ្រាមផង និងកសាងផង។

ក្រោមការដឹកនាំរបស់សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី ក្នុងស្មារតីស្រឡាញ់សន្តិភាពដ៏ជ្រាលជ្រៅ និងគិតពីឧត្តមប្រយោជន៍ជាតិជាធំសម្ដេចតេជោ ហ៊ុន សែន បានចាប់ផ្តើមចរចាស្វែងរកសន្តិភាពនៅឆ្នាំ១៩៨៧ នៅពេលនោះតួអង្គសំខាន់ដែលបានផ្ដួចផ្ដើមការចរចារកសន្តិភាពគឺ សម្ដេចតេជោ ហ៊ុន សែន និងព្រះករុណា ព្រះបាទ សម្ដេច ព្រះនរោត្តម សីហនុ ព្រះបរមរតនកោដ្ឋ។

យុទ្ធសាស្ត្រឌីហ្វីដ ទទួលបានជោគជ័យដ៏ធំធេង និងនយោបាយឈ្នះ-ឈ្នះ ដែលបានផ្តួចផ្តើមគំនិត និងចង្អុលបង្ហាញដោយសម្តេចតេជោ ហ៊ុន សែន នៅក្នុងការំលាយអង្គការចាត់តាំងនយោបាយ និងយោធារបស់ខ្មែរក្រហម ដែលមានអាយុជាងកន្លះសតវត្សរ៍ នាំយកសុខសន្តិភាព ការបង្រួបបង្រួមជាតិ ការផ្សះផ្សាជាតិ ឯកភាពជាតិ និងឯកភាពទឹកដីជូនជាតិ និងប្រជាជនកម្ពុជា នៅក្នុងរយៈពេល៥០០ ឆ្នាំចុងក្រោយនៅក្នុងប្រវត្តិសាស្ត្រកម្ពុជា។

ការចូលរួមពីភាគីពាក់ព័ន្ធពិសេសបងប្អូនអតីតទាហានខ្មែរក្រហម និងចុងក្រោយមេដឹកនាំខ្មែរក្រហម ដែលបានមកដល់ផ្ទះសម្តេចនាយករដ្ឋមន្ត្រី នៅថ្ងៃទី២៩ ខែធ្នូ ឆ្នាំ១៩៩៦ ហើយជាករណីតែមួយគត់នៅលើពិភពលោកនេះ។ មិនទាន់មានសង្គ្រាមណាមួយដែលបានបញ្ចប់ទៅដោយការធ្វើដំណើរមកផ្ទះនាយករដ្ឋមន្ត្រីរបស់ថ្នាក់ប្រមុខរដ្ឋ ប្រមុខរដ្ឋាភិបាល ប្រធានសភា គណៈរដ្ឋមន្ត្រីបានមកដល់ផ្ទះនាយករដ្ឋមន្ត្រីនោះទេ។ ដូច្នេះចំណុចនេះ បង្ហាញយ៉ាងច្បាស់ពីការមិនចង់បន្តសង្គ្រាមនៃបងប្អូននាយទាហាន នាយទាហានរង និងពលទាហានរបស់ខ្មែរក្រហម។

រយៈពេល៤៣ឆ្នាំនេះផ្តើមចេញពីជ័យជម្នះ ៧ មករា ប្រជាជនកម្ពុជា បានសម្រេចផ្លាស់ប្តូរសង្គមយ៉ាងធំធេង ដែលប្រទេសនៅលើពិភពលោកទាំងមូល នឹកស្មានមិនដល់ថាកម្ពុជា បានប្រែក្លាយពីវាលពិឃាដនៃរបបប្រល័យពូជសាសន៍ ពីសង្រ្គាមស៊ីវិល រ៉ាំរ៉ៃរាប់ទស្សវត្សរ៍ ការបាក់បែកជាតិ បែងចែកទឹកដីដែលមានតំបន់ត្រួតត្រាច្រើន បានក្លាយជាប្រទេសមួយដែលមានសុខសន្តិភាព ស្ថេរភាព និងការអភិវឌ្ឍតាំងពីបាតដៃទទេរហូត ដល់មានការរីកចម្រើនលើគ្រប់វិស័យ ធ្វើឱ្យប្រជាជនមានជីវភាពធូធារ និងមានកំណើនសេដ្ឋកិច្ច កើនឡើងឥតឈប់ឈរពីមួយឆ្នាំទៅមួយឆ្នាំ ដែលធ្វើឱ្យប្រទេសនៅលើពិភពលោកមានការកោតសរសើរ គ្រប់ៗគ្នាក្រោមការដឹកនាំដ៏ប៉ិនប្រសប់ និងទន់ភ្លន់ ប្រកបដោយព្រហ្មវិរធម៌ គុណធម៌ របស់ប្រមុខរាជរដ្ឋាភិបាលសម្តេចជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃកម្ពុជា។

ថៃ្ងជ័យជម្នះ៧ មករា គឺជាថៃ្ងប្រវត្តិសាស្រ្តដែលគណបក្សប្រជាជនកម្ពុជា បានផ្តល់កំណើតលើកទី២ដល់ប្រជាជនកម្ពុជាគ្រប់ៗរូប គ្មានអ្នកណាអាចបដិសេធបានឡើយបើគ្មានរដ្ឋប្រហារថៃ្ង១៨ មីនា ឆ្នាំ១៩៧០ ក៏គ្មានរបបប្រល័យពូជសាសន៍ ប៉ុល ពត បើគ្មានរបបប្រល័យ ពូជសាសន៍ ប៉ុល ពត ក៏គ្មានថ្ងៃ៧ មករា បើគ្មានថៃ្ង៧ មករា ក៏គ្មានអ្វីៗដូចសព្វថៃ្ងនេះដែររួមទាំងសិទ្ធិនៃការរស់រានក៏កើតព្រមៗគ្នាដែរ។

ថ្ងៃទី៧ ខែមករា ឆ្នាំ២០២២ បានផ្តល់នូវកំណើតទី៣ ជូនដល់ប្រជាជនគ្រប់ៗរូប ទាំងក្មេងចាស់ ប្រុសស្រីម្តងទៀត ដោយប្រជាជនទទួលបានការចាក់វ៉ាក់សាំងជំងឺកូវីដ១៩ រាជរដ្ឋាភិបាលកម្ពុជាដឹកនាំដោយសម្តេចនាយករដ្ឋមន្ត្រី ហ៊ុន សែន មិនត្រឹមតែបាននាំសុខសន្តិភាពមកជូនប្រជាជនកម្ពុជាប៉ុណ្ណោះទេ សម្តេចតែងតែគិតគូរ និងយកចិត្តទុកដាក់ខ្ពស់ទៅលើជីវភាពរស់នៅរបស់ប្រជាពលរដ្ឋទាំងអស់ ជាពិសេសជាងនេះទៅទៀត សម្តេចបានយកចិត្តទុកដាក់ទៅលើសុខមាលភាព និងសុខភាពសាធារណៈ ដល់ប្រជាពលរដ្ឋគ្រប់រូបដោយគ្មានប្រកាន់និន្នាការនោយោបាយអ្វីឡើយ។ ជាក់ស្តែងក្នុងអំឡុងការឆ្លងរាលដាលនៅជំងឺកូវីដ១៩ នៅលើពិភពលោក និងនៅប្រទេសកម្ពុជាផងដែរនោះ ប្រមុខរាជរដ្ឋាភិបាលបានចេញនូវវិធានការចាំបាច់ជាច្រើនណែនាំដល់ប្រជាពលរដ្ឋ ដើម្បីឆ្លើយតបឱ្យបានទាន់ពេលវេលាទៅនឹង ការឆ្លងរាលដាលធ្ងន់ធ្ងរនៃជំងឺកូវីដ១៩ នៅក្នុង «ព្រឹត្តិការណ៍សហគមន៍ ២០ កុម្ភៈ ២០២១»។

ទោះបីស្ថិតក្នុងស្ថានភាពការណ៍ដ៏លំបាកយ៉ាងនេះក្តី សម្តេចតេជោ ហ៊ុន សែន រួមជាមួយថ្នាក់ដឹកនាំគ្រប់ជាន់ថ្នាក់រាជរដ្ឋាភិបាល និងថ្នាក់ដឹកនាំគ្រប់ជាន់ថ្នាក់របស់ «គណបក្សប្រជាជនកម្ពុជា» តែងតែនៅរួមសុខរួមទុក្ខជាមួយបងប្អូនប្រជាពលរដ្ឋជានិច្ច និងនៅគ្រប់គ្រងស្ថានការណ៍ជាមួយកងទ័ពអាវស ធ្វើការប្រយុទ្ធប្រឆាំងជាមួយជំងឺកូវីដ១៩ គ្មានក្លិន គ្មានព័ត៌ គ្មានរូបរាង និងបានដាក់ចេញនូវវិធានការណ៍ «៣កុំ និង៣ការពារ» ដ៏មានប្រសិទ្ធភាព។

ប្រមុខរាជរដ្ឋាភិបាលកម្ពុជា បានដាក់ចេញជាយុទ្ធសាស្ត្រស្រោចវ៉ាក់សាំងជូនប្រជាពលរដ្ឋតាមរបៀបផ្ការីក រហូតបានចាក់បានដូសទី៣ និងឈានទៅដូសទី៤ សម្រាប់មន្ត្រីសុខាភិបាលជួរមុខថែមទៀតផង ប្រទេសកម្ពុជាបានទទួលជោគជ័យក្នុងការចាក់វ៉ាក់សាំង ដែលនាំមុខនៅក្នុងតំបន់ និងលើពិភពលោកផងដែរ ខណៈដែលប្រទេសជាច្រើនបាននឹងកំពុងជួបប្រទះនូវបញ្ហាកង្វះខាតវ៉ាក់សាំងប្រឆាំងជំងឺកូវីដ១៩ កម្ពុជាបើទោះមិនមែនជាប្រទេសអ្នកមានស្តុកស្តម្ភ បាននឹងកំពុងជំរុញយន្តការចាក់វ៉ាក់សាំងទូទាំងប្រទេស ដែលយន្តការនេះ ថែមទាំងមាននូវការលើកទឹកចិត្តដល់ប្រជាពលរដ្ឋខ្លួន ដើម្បីបានមកទទួលយកវ៉ាក់សាំងដោយមិនគិតថ្លៃ។ បើទោះជាមានឧបសគ្គយ៉ាងណាយន្តការនេះសម្រេចបានលទ្ធផលគួរជាទីមោទនៈ និងបានកំណើតទី៣ ជូនប្រជាជន។

មានកត្តា៤ យ៉ាងដែលនាំឱ្យមានភាពជោគជ័យលើការបើកប្រទេសឡើងវិញ៖

* កត្តាទី១៖ ភាពជោគជ័យលើការចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ១៩
* កត្តាទី២៖ រាជរដ្ឋាភិបាល បានខិតខំពង្រីក និងពង្រឹងការព្យាបាលអ្នកជំងឺកូវីដ១៩ ប្រកបដោយការទទួលខុសត្រូវ
* កត្តាទី៣៖ បទពិសោធន៍នៃការទប់ស្កាត់ការរីករាលដាលនៃជំងឺកូវីដ១៩ បានល្អប្រសើរ
* កត្តាទី៤៖ ប្រជាពលរដ្ឋយើងមានការយល់ដឹងកាន់តែច្បាស់អំពីការការពារខ្លួនពីជំងឺកូវីដ១៩។

វាមិនមែនជារឿងចៃដន្យទេ រាជរដ្ឋាភិបាលកម្ពុជាដែលដឹកនាំដោយ «គណបក្សប្រជាជនកម្ពុជា» គ្រប់ពេលវេលា នៅជាប់នឹងប្រជាជន ស្គាល់សុខទុក្ខប្រជាជន និងធ្វើអ្វីគ្រប់យ៉ាងដើម្បីប្រជាជន។ ការបង្កើតច្បាប់គ្រប់គ្រង ជំងឺកាចសាហាវ ការដាក់បទបញ្ជាក្នុងការបិទខ្ទប់តំបន់ហានិភ័យ និងការអនុវត្តច្បាប់ជាបន្តបន្ទាប់ទៅលើជនល្មើសមួយចំនួនតូច សុទ្ធសឹងតែជាការអនុវត្តដើម្បីភាពសុខសាន្តរបស់ប្រជាពលរដ្ឋទូទៅ មកដល់ពេលនេះមនុស្សកាន់តែច្រើនបានយល់ច្បាស់ពីរឿងនេះ។

សរុបសេចក្តីមកប្រជាពលរដ្ឋកម្ពុជាទូរទាំងបរទេសទទួលបានផលប្រយោជន៍ពីថ្ងៃ ៧ មករានេះទាំងអស់ ទទួលបានកំណើតទី២ និងកំណើតទី៣ ពីការកាប់សម្លាប់យ៉ាងរង្គាល និងពីការឆ្លងរីករាលដាលពីជំងឺកូវីដ១៩ ប្រសិនបើរាជរដ្ឋាភិបាលមិនបានដាក់ចេញនូវយុទ្ធសាស្ត្របានទាល់ពេល វេលាទេនោះ មិនដឹងជាប្រជាពលរដ្ឋកម្ពុជាបានឆ្លង និងស្លាប់ច្រើនយ៉ាងណានោះដែរ នេះជាចំណុច ដែលយើងមិនអាចបំភ្លេចនូវគុណ ៧ មករា បានទេ និងកែប្រែប្រវត្តិសាស្ត្របានដែរ។

នៅពេលនេះ កម្ពុជាបានងើបឈរយ៉ាងរឹងមាំ លទ្ធិប្រជាធិបតេយ្យ និងការគោរពសិទ្ធិមនុស្សបានចាក់គ្រឹះយ៉ាងរឹងមាំ សេរីភាពនិងការបញ្ចេញមតិ រួមនឹងបានចូលរួមយ៉ាងសកម្មក្នុងកិច្ចការថ្នាក់តំបន់និងពិភពលោក។ កម្ពុជាបានក្រោកឈរក្នុងការកសាងសេដ្ឋកិច្ចជាតិរបស់ខ្លួនរហូតដល់មានកំណើនសេដ្ឋកិច្ចរង្វង់ ៧%ក្នុង១ឆ្នាំ រយៈពេល២០ ឆ្នាំជាប់គ្នា និងប្រែក្លាយពីប្រទេសដែលទទួលយកកងទ័ពមួកខៀវ អង្គការសហប្រជាជាតិ មកជាការចូលរួមយ៉ាងសកម្មក្នុងតួនាទីថែរក្សាសន្តិភាពក្រោមឆ័ត្រអង្គការសហប្រជាជាតិ។ ទន្ទឹមនឹងនេះ រាជរដ្ឋាភិបាលកម្ពុជាដឹកនាំដោយសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី បានដាក់ចេញនូវវិធានការកំណែ ទម្រង់ថ្មីៗទៀតក្រោមបាវចនា «កែទម្រង់ខាងក្នុង កសាងមិត្តខាងក្រៅដោយឈរលើមូលដ្ឋានឯករាជ្យ»។

ទាំងនេះគឺជាសក្ខីភាពនៃកិច្ចខិតខំប្រឹងប្រែងរបស់រាជរដ្ឋាភិបាលកម្ពុជា ដែលមិនខ្លាចនឿយហត់ ចេញពីដំណាក់កាលនៃការខំប្រឹងត្រដររស់ក្រោមសម្ពាធនយោបាយ និងសេដ្ឋកិច្ចរបស់បច្ចឹមប្រទេស មកជាប្រទេសដែលរស់ដោយខ្លួនឯង និងជារដ្ឋឯករាជ្យ និងអធិបតេយ្យភាពមួយ។

កម្ពុជាក៏សូមអរគុណចំពោះបណ្តាប្រទេសជាមិត្តទាំងឡាយ ដែលបានជួយកម្ពុជាក្នុងការអភិវឌ្ឍប្រទេសរហូតឈានដល់ការរីកចម្រើនដូចសព្វថ្ងៃនេះ និងបានកំណត់ចក្ខុវិស័យ ដើម្បីប្រែក្លាយកម្ពុជាជាប្រទេស ចំណូលមធ្យមកម្រិតខ្ពស់នៅឆ្នាំ២០៣០ និងប្រទេសមានចំណូលខ្ពស់នៅឆ្នាំ២០៥០។

រដ្ឋាភិបាលកម្ពុជាសម្រេចបន្ថែមទិវាបុណ្យជាតិចំនួន២ គឺទិវាជ័យជម្នះលើរបបប្រល័យពូជសាសន៍ ៧ មករា និងពិធីបុណ្យឯករាជ្យជាតិ ជាថ្ងៃបុណ្យដែលអាចស្នើសុំការបន្ធូរបន្ថយទោស និងលើកលែងទោសដល់ទណ្ឌិតនៅកម្ពុជា ដើម្បីពង្រឹងលើកស្ទួយការគោរពសិទ្ធិមនុស្សនៅកម្ពុជា ឱ្យកាន់តែល្អប្រសើរ ដែលមានគណៈកម្មាធិការសិទ្ទិមនុស្សកម្ពុជាជាសេនាធិការឱ្យរាជរដ្ឋាភិបាល និងមានលោក កែវ រ៉េមី រដ្ឋមន្ត្រីប្រតិភូអបនាយករដ្ឋមន្ត្រី ជាប្រធានដឹកនាំ។ សេចក្តីសម្រេចនេះធ្វើឡើង ដើម្បីបន្ថែមទៅលើទិវាបុណ្យជាតិដែលមានស្រាប់ដែលរដ្ឋាភិបាលកម្ពុជា តែងអនុវត្តក្នុងការស្នើសុំការបន្ថូរបន្ថយ និងលើកលែងទោសដល់ទណ្ឌិតពីព្រះមហាក្សត្រជារៀងរាល់ឆ្នាំកន្លងមក៕

ដោយអនុបណ្ឌិត រស់ សាវី (យុវជនគំរូកម្ពុជា)