(ភ្នំពេញ)៖ លោក ផៃ ស៉ីផាន រដ្ឋមន្ដ្រីប្រតិភូអមនាយករដ្ឋមន្ដ្រី និងជាប្រធានអង្គភាពអ្នកនាំពាក្យរាជរដ្ឋាភិបាល បានប្រាប់ទៅកាន់អ្នកសារព័ត៌មានគ្រប់និន្នាការទាំងអស់ ត្រូវរាយការណ៍ត្រង់មកកាន់អង្គភាពអ្នកនាំពាក្យរាជរដ្ឋាភិបាល ក្នុងករណីអ្នកនាំពាក្យនៅតាមក្រសួង ស្ថាប័នណា ដែលគ្មានពាក្យនាំ ឬមិនឆ្លើយតបជាមួយអ្នកសារព័ត៌មាន ផ្ទុយពីគោលនយោបាយរបស់រាជរដ្ឋាភិបាល។

ការលើកឡើងរបស់លោក ផៃ ស៉ីផាន ធ្វើឡើងនៅព្រឹកថ្ងៃទី០៦ ខែមករា ឆ្នាំ២០២២នេះ ក្នុងជំនួបរវាងលោក ដែលជាប្រធានអង្គភាពអ្នកនាំពាក្យរាជរដ្ឋាភិបាល ជាមួយអ្នកសារព័ត៌មានជាច្រើនស្ថាប័ន ដើម្បីចែករំលែកបទពិសោធន៍ និងផ្លាស់ប្ដូរមតិយោបល់គ្នា ជាពិសេសបញ្ហាប្រឈមដែលកើតមានឡើងកន្លងមក ក្នុងការស្វែងរកព័ត៌មាននៅតាមបណ្ដាក្រសួង ស្ថាប័នរដ្ឋផ្សេងៗ។

ប្រធានអង្គភាពអ្នកនាំពាក្យរាជរដ្ឋាភិបាលរូបនេះ បានកត់សម្គាល់ឃើញថា កន្លងមកលោកតែងតែលឺនូវការរិះគន់ផ្សេងៗ ពីសំណាក់អ្នកសារព័ត៌មានជាតិ និងអន្ដរជាតិ ក្នុងការសាកសួរព័ត៌មានទៅកាន់អ្នកនាំពាក្យក្រសួងស្ថាប័ននានា ពីភាពអសកម្ម ឬមិនឆ្លើយតបជាមួយអ្នកសារព័ត៌មាន ប៉ុន្ដែលោកដែលបានទទួលនូវពាក្យបណ្ដឹងណាមួយពីអ្នកសារព័ត៌មាននោះឡើយ។ លោកថា មធ្យោបាយដែលអាចរាយការណ៍មកនោះ គឺតាមរយៈទូរស័ព្ទលោកផ្ទាល់ក៏បាន និងផេកហ្វេសបុកផ្លូវការរបស់អង្គភាពអ្នកនាំពាក្យរាជរដ្ឋាភិបាលក៏បាន។

លោក ផៃ ស៉ីផាន បានថ្លែងបែបនេះថា «ខ្ញុំជឿជាក់ថា បញ្ហាមួយចំនួនដែលយើងជួប បញ្ហាអ្នកនាំពាក្យក្រសួងថ្នាក់ជាតិ ឬតាមខេត្តមួយចំនួនមិនទាន់ឆ្លើយតបនូវអ្វីដែលជាការចង់បានរបស់រាជរដ្ឋាភិបាលទេ ហើយក៏ជាការលំបាករបស់អ្នកសារព័ត៌មានដែរ។ ហើយអ្នកសារព័ត៌មាន យើងខ្ញុំមិនទាន់បានការតវ៉ាថា តើអ្នកនាំពាក្យក្រសួងណា ខេត្តណា ដែលមិនទាន់បានបំពេញភារកិច្ចរប ស់ខ្លួនមួយសន្លឹក ឬមួយបណ្ដឹងនៅឡើយទេ»

លោកបានអះអាងទៀតថា មន្ដ្រីអ្នកនាំពាក្យ គឺមានភារកិច្ច២សំខាន់ណាស់ ពោលទី១៖ ផ្សព្វផ្សាយឆ្លើយតបអំពីតម្លាភាព និងទី២៖ កាតព្វកិច្ចក្នុងការឆ្លងឆ្លើយ ដែលជាការឆ្លើយតបនឹងគណនេយ្យភាព។ លោកបន្ថែមថា អង្គភាពរបស់លោកមិនមែនជាកន្លែងតាមដានកិច្ចការរបស់អ្នកនាំពាក្យតាមក្រសួង ស្ថាប័ន ឬការងាររបស់អ្នកសារព័ត៌មាននោះទេ ប៉ុន្ដែជាកន្លែងបង្កើតឱកាសដល់អ្នកសារព័ត៌មាន ដើម្បីទទួលបានព័ត៌មាន សម្រាប់ផ្សព្វផ្សាយអ្វីដែលមានផលប្រយោជន៍ជូនសាធារណជន។

លោកបានគូសបញ្ជាក់ទៀតថា ដើម្បីឲ្យអ្នកសារព័ត៌មានអាចឆ្លើយឆ្លងល្អ ជាមួយអ្នកនាំពាក្យនោះ អ្នកសារព័ត៌មានខ្លួនឯងក៏ត្រូវយល់ដឹង និងមានគុណភាព។ លោកថា បើយើងមានអ្នកសារព័ត៌មានប្រកបដោយគុណភាព និងសមត្ថភាព ប្រជាពលរដ្ឋក៏ទទួលបាននូវប្រសិទ្ធភាព និងគុណភាពនៃការទទួលបានព័ត៌មាននោះដែរ ដូច្នេះទាំងអស់នេះជាការយកចិត្តទុកដាក់ខ្លាំងណាស់ របស់អង្គភាពអ្នកនាំពាក្យរាជរដ្ឋាភិបាល។

មានអតីតកាលជាអ្នកសារព័ត៌មានដែរនោះ លោក ផៃ ស៉ីផាន បានអះអាងថា អ្នកសារព័ត៌មាន មានតួនាទីសំខាន់ណាស់ក្នុងចូលរួមកិច្ចការកសាងជាតិ ថែរក្សាសន្ដិភាព។ លោកបានរំលឹកថា កាលពីអំឡុងពេលដែលកម្ពុជា មានបញ្ហាព្រំដែនជាមួយប្រទេសថៃ ទីតាំងមួយចំនួនអ្នកសារព័ត៌មានបានទៅឈរមុនកងទ័ពថែមទៀតផង និងបានរៀបរាប់បញ្ហាដែលកើតមានឡើង ជូនប្រជាពលរដ្ឋកម្ពុជា។

លោកក៏បានរំលឹកដល់អ្នកសារព័ត៌មានទាំងអស់ថា ត្រូវបំពេញតួនាទីរបស់ខ្លួនជាអ្នកសារព័ត៌មានប្រកបដោយវិជ្ជាជីវៈ ជៀសវាងដើរតួជាសកម្មជនគណបក្សនយោបាយ មិនថាតែគណបក្សកាន់អំណាច ឬគណបក្សប្រឆាំងនោះទេ។

ជាមួយគ្នានេះ លោក ផៃ ស៉ីផាន ក៏បានជំរុញដល់អ្នកនាំពាក្យនៅតាមក្រសួង ស្ថាប័នទាំងអស់របស់រដ្ឋ ត្រូវធ្វើជាអ្នកនាំពាក្យ ដែលមានពាក្យនាំ ជៀសវាងធ្វើជាអ្នកនាំពាក្យ ដែលគ្មានពាក្យនាំ។ ក្នុងន័យនេះ លោកចង់បញ្ជាក់ថា អ្នកនាំពាក្យតាមក្រសួង ស្ថាប័ន ត្រូវតែក្ដោបក្ដាប់ឲ្យបានគ្រប់ជ្រុងជ្រោយនូវអ្វីដែលស្ថាប័នខ្លួនសម្រេចបាន នូវអ្វីដែលកើតឡើងចំពោះស្ថាប័នខ្លួន៕