(ប្រទេសថៃ)៖ ដំណើរចុះស្វែងរកកិច្ចសហប្រតិបត្តិការលើវិស័យទេសចរណ៍រវាងកម្ពុជា និងថៃ របស់លោកបណ្ឌិត សុខ សុក្រឹត្យា ទីប្រឹក្សាផ្ទាល់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា និងជារដ្ឋលេខាធិការក្រសួងទេសចរណ៍ ទទួលបានការចាប់អារម្មណ៍ខ្ពស់ពីបណ្តាញផ្សព្វផ្សាយថៃ ហើយត្រូវបានអញ្ជើញទៅធ្វើបទសម្ភាសន៍ជាបន្តបន្ទាប់។

បណ្តាញផ្សព្វផ្សាយល្បីៗរបស់ថៃ ដែលបានអញ្ជើញលោកបណ្ឌិត សុខ សុក្រឹត្យា ទៅធ្វើបទសម្ភាសន៍ជាបន្តបន្ទាប់នោះ មានដូចជា៖ Matichon, Vateekhao, Siamnewstime, Prachachat ជាដេីម។ ក្នុងបទសម្ភាសន៍នោះ ត្រូវបានជជីកសួរលើការវិស័យទេសចរណ៍របស់កម្ពុជា។ បណ្តាញផ្សព្វផ្សាយព័ត៌មានរបស់ថៃ បានហៅលោក សុខ សុក្រឹត្យា ថាជាមន្ត្រីទេសចរណ៍ដែលកំពុងស្វះស្វែងជំរុញវិស័យទេសចរណ៍របស់កម្ពុជាឱ្យខ្លាំងក្លា។

ក្នុងបទសម្ភាសន៍ជាមួយបណ្តាញផ្សព្វផ្សាយរបស់ថៃនេះ លោកបណ្ឌិត សុខ សុក្រឹត្យា បានលើកឡើងពីកិច្ចសហប្រតិបត្តិការល្អរវាងកម្ពុជា-ថៃ ពិសេសបានផ្តោតទៅលើវិស័យពាណិជ្ជកម្មតាមព្រំដែន និងវិស័យទេសចរណ៍បែបវប្បធម៌ ទេសចរណ៍បែបធម្មជាតិ និងទេសចរណ៍សាសនា។ លោកបណ្ឌិត ក៏បានលើកពីចក្ជុវិស័យចង់ឱ្យកម្ពុជា ប្រើប្រាស់ភាពយន្ត និងការផ្សព្វផ្សាយឃ្លីបរឿងខ្លីៗដោយបញ្ចូលសាច់រឿងដូចជា វប្បធម៌ ជំនឿ និងសិល្បៈរបស់កម្ពុជា ដេីម្បីទាក់ទាញភ្ញៀវទេសចរ។ តាមរយៈសាច់រឿងនេះ គេក៏នឹងបញ្ចូលនូវទំនៀមទម្លាប់ប្រពៃណីរបស់កម្ពុជា ដូចជាការចូលទៅបន់ស្រន់ក្នុងវត្តបុរាណ ឬចូលកម្សាន្តភូមិ ដែលមានគ្រូទាយដែលនេះស្ថិតនៅក្នុងចង្កោមនៃជំនឿរបស់កម្ពុជា។

ចំពោះគម្រោងលើវិស័យទេសចរណ៍មួយនេះ ត្រូវបានលោក បណ្ឌិត សុខ សុក្រឹត្យា ចាត់ទុកជាចំណុចសម្រាប់ទាក់ទាញដល់អ្នកទេសចរក្នុងភូមិភាគអាស៊ាន ជាពិសេសជនជាតិថៃ ឱ្យធ្វើដំណើរចូលទៅកម្ពុជាកាន់តែច្រើនឡើង។កាលពីមុនផ្ទុះនៃជំងឺកូវីដ១៩ មានអ្នកទេសចរថៃចូលមកកម្សាន្តកម្ពុជា ជាង ១លាននាក់ក្នុងមួយឆ្នាំ។ ហេតុនេះហើយលោកបណ្ឌិតមានគំនិតរៀបចំគម្រោងទេសចរណ៍បែបថ្មីសំដៅធ្វើយ៉ាងណាឱ្យជនជាតិថៃ ចូលមកកម្សាន្តកម្ពុជាឱ្យបាន ១លាននាក់ក្នុងឆ្នាំ២០២២, ១.៥លាននាក់នៅក្នុងឆ្នាំ២០២៣ និង ៣លាននាក់នៅក្នុងឆ្នាំ២០២៤។

ជាមួយគម្រោងផែនការយុទ្ធសាស្រ្តដើម្បីទាក់ទាញភ្ញៀវទេសចរចូលមកកម្សាន្តនៅកម្ពុជា លោកបណ្ឌិត សុខ សុក្រឹត្យាបានលើកមកបញ្ជាក់ប្រាប់សារព័ត៌មានថៃថា លោកគ្រោងជជែកពិភាក្សារៀបចំផលិតសាច់ភាពយន្តភាគ ដែលមានតួសម្តែងភាពយន្តដែលក្នុងនោះមានទាំងតារាភាពយន្តថៃ និងកម្ពុជា និងក្រុមអ្នកផលិតភាពយន្តមកសម្តែងរួមគ្នាហើយរំពឹងថា នៅក្នុងពាក់កណ្តាលឆ្នាំ២០២២ នឹងអាចចេញជារូបរាងហើយ។

លោក សុខ សុក្រឹត្យា ក៏បានលើកឡើងដែរថា បើក្នុងថ្ងៃខាងមុខខ្សែភាពយន្ត ឬការផលិតឃ្លីបសាច់រឿងខ្លីៗចេញជារូបរាងហើយនោះ លោកនឹងរៀបចំបង្កើតចំណូលដល់ពលរដ្ឋកម្ពុជា តាមរយៈការនិយមចូលចិត្តទស្សនាក្នុងខ្សែភាពយន្ត គឺការលក់កញ្ចប់ទេសចរណ៍តាមរយៈខ្សែភាពយន្ត ឬការរៀបចំដំណើរកម្សាន្តជាមួយតារាភាពយន្កតាមសាច់រឿងទាំងនេះ។ ចំណុចទាំងអស់នេះ គឺសុទ្ធសឹងជាផ្នែកមួយជួយដល់ពលរដ្ឋតាមសហគមន៍ ទទួលបានចំណូលលើវិស័យទេសចរណ៍កាន់តែច្រើនឡើង។

តាមរយៈបទសម្ភាសន៍ទាំងនោះ លោកបណ្ឌិត សុខ សុក្រឹត្យា បានបង្ហាញការប្តេជ្ញាចិត្តខិតខំជំរុញកិច្ចសហការលើវិស័យទេសចរណ៍រវាងខេត្តស្ថិតនៅភាគឦសានរបស់ថៃ ដូចជាបុរីរាំ និងស៊ីសាកេត ជាមួយខេត្តសៀមរាប របស់កម្ពុជាឱ្យកាន់តែប្រសើរ និងជិតស្និទ្ធឡើង។ក្ រៅពីនេះលោកបណ្ឌិតគ្ រោងនឹងផ្តួចផ្តើមបង្កើតឱ្យមានទិដ្ឋាការពិសេស ដែលធ្វើឱ្យពលរដ្ឋអាស៊ាន អាចឆ្លងចូលមកកម្សាន្តបានដោយមានភាពងាយស្រួលដូចគ្នាទៅនឹងបណ្តាប្រទេសសហភាពអឺរ៉ុប។ ការធ្វើបែបនេះ ដើម្បីពង្រឹងលើវិស័យពាណិជ្ជកម្ម និងវិស័យទេសចរណ៍ ពិសេសប្រទេសជិតខាងរវាងកម្ពុជា-ថៃ ឱ្យបានកាន់តែល្អប្រសើរឡើងថែមទៀត។

ជាមួយគ្នានេះកម្ពុជាក្រោមការដឹកនាំរបស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា បានរៀបចំយុទ្ធសាស្រ្តលើការអភិវឌ្ឍន៍តាមតំបន់ទេសទេសចរណ៍ដូចជា ក្រុងសៀមរាប ក្រុងព្រះសីហនុ និងទីក្រុងកែប ដើម្បីផ្តល់ភាពងាយស្រួល និងសុវត្តិភាព ដើម្បីត្រៀមទទួលភ្ញៀវទេសចរផងដែរ ដោយក្នុងនេះរាជរដ្ឋាភិបាលកម្ពុជា បានដាក់ផែនការកែលំអរ កសាងហេដ្ឋារចនាផ្លូវថ្នល់ ព្រលានយន្តហោះជាដើម។ បន្ថែមពីលើនេះនៅថ្ងៃខាងមុខកម្ពុជាគ្រោងនឹងអភិវឌ្ឍន៍ទីក្រុងមួយចំនួនឱ្យក្លាយទៅជាទីកន្លែងគួរជាទីតាំងថតខ្សែភាពយន្ត និងអភិវឌ្ឍន៍ទីក្រុងឆ្លាតវៃថែមទៀត។

សូមបញ្ជាក់ថា ក្នុងដំណើរទស្សនកិច្ចនៅប្រទេសថៃនេះ លោកបណ្ឌិត សុខ សុក្រឹត្យា បានជួបជាមួយមន្ត្រី និងអ្នកធ្វើធុរកិច្ចរបស់ថៃផងដែរ ដើម្បីស្វែងរកកិច្ចសហប្រតិបត្តិការលើវិស័យទេសចរណ៍រវាងថៃ និងកម្ពុជា។ លោក សុខ សុក្រឹត្យា បានជម្រាបដល់អ្នកធ្វើធុរកិច្ចលើវិស័យទេសចរណ៍របស់ថៃថា វាជាឱកាសដ៏ល្អមួយប្រសិនបើពួកគេចាប់អារម្មណ៍ ហើយចូលរួមធ្វើធុរកិច្ច ឬវិនិយោគលើវិស័យទេសចរណ៍នៅក្នុងប្រទេសកម្ពុជា។

លោកបណ្ឌិត សុក្រឹត្យា ក៏បានលើកទឹកចិត្តដល់អ្នកវិនិយោគលើវិស័យទេសចរណ៍របស់ថៃ អញ្ជើញទស្សនកិច្ចនៅកម្ពុជា និងស្វែងរកឱកាសសម្រាប់វិនិយោគលើវិស័យទេសចរណ៍នៅកម្ពុជាផងដែរ៕