(ពោធិ៍សាត់)៖ ក្នុងតួនាទី ជាជំនួយការឱ្យអាជ្ញាធរសាធារណៈ ក្នុងវិស័យមនុស្សធម៌ កាកបាទក្រហមកម្ពុជា ដែលមានសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ជាប្រធាន បានយកចិត្តទុកដាក់ណែនាំ និងតម្រង់ទិស ជាពិសេសអ្នកស្ម័គ្រចិត្ត ដែលជាប្រតិបត្តិករនៅមូលដ្ឋានផ្ទាល់ និងជាកម្លាំងស្ម័គ្រចិត្តចូលរួមបំពេញការងារដោយក្ដីស្រឡាញ់ និងដោយស្នាមញញឹម។

ជាក់ស្តែងនាថ្ងៃទី០៦ ខែមករា ឆ្នាំ២០២២នេះ នៅសាលប្រជុំសាខាកាកបាទក្រហមកម្ពុជា ខេត្តពោធិ៍សាត់ បានប្រារព្ធទិវាអន្តរជាតិ នៃអ្នកស្ម័គ្រចិត្ត ៥ ធ្នូ ២០២១ ក្រោមប្រធានបទ «ស្ម័គ្រចិត្តពេលនេះ ដើម្បីអនាគតរបស់យើង - ទាំងអស់គ្នាបន្តធ្វើសកម្មភាព ដោយមិនឈប់ឈរឡើយ» ក្រោមអធិបតីភាពលោក ជាវ តាយ ប្រធានគណ:កម្មាធិការ សាខាកាកបាទក្រហមកម្ពុជា ខេត្តពោធិ៍សាត់ និងដោយមានការចូលរួមពីសំណាក់ ឯកឧត្តម លោកជំទាវ សមាជិក សមាជិកាគណៈកម្មាធិការសាខា ក្រុមប្រតិបត្តិសាខា អនុសាខា និងអ្នកស្ម័គ្រចិត្តជាច្រើនរូបទៀត។

បន្ទាប់ពីលោក ខូយ រីដា អនុប្រធានអចិន្រ្តៃយ៍ គណៈកម្មាធិការសាខា បានមានមតិស្វាគមន៍ និងអានរបាយការណ៍សកម្មភាព និងប្រវត្តិរបស់សាខាជូនអង្គពិធីទទួលស្តាប់នោះរួចមក, លោក ជាវ តាយ ប្រធានគណៈកម្មាធិការ សាខាកាកបាទក្រហមកម្ពុជា ខេត្តពោធិ៍សាត់ ក៏បានអានសារលិខិតទាំងស្រុង របស់សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា ដែលមានខ្លឹមសារ និងអត្ថន័យយ៉ាងជ្រាលជ្រៅ ក្នុងទិវាអន្តរជាតិ នៃអ្នកស្ម័គ្រចិត្ត ៥ ធ្នូ ដ៏ប្រសើរថ្លៃថ្នានេះ។

លោកក៏បានពាំនាំមកនូវ ការផ្តាំផ្ញើសួរសុខទុក្ខ និងក្តីនឹករលឹក ពីសំណាក់សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា ជូនថ្នាក់ដឹកនាំ មន្ត្រីពាក់ព័ន្ធនានា បងប្អូនអ្នកស្ម័គ្រចិត្តទាំងអស់ ដែលកំពុងបម្រើការងារផ្នែកមនុស្សធម៌ នៅទូទាំងខេត្តពោធិ៍សាត់។

លោកបានលើកឡើងថា ទិវាអន្តរជាតិ នៃអ្នកស្ម័គ្រចិត្ត ៥ ធ្នូ ធ្វើឡើងក្នុងគោលបំណង កោតសរសើរ និងថ្លែងអំណរគុណ ដល់ការខិតខំប្រឹងប្រែង របស់អ្នកស្ម័គ្រចិត្តទាំងអស់ និងគ្រប់ស្ថាប័ននានា ដែលបានបំពេញភារកិច្ច ជួយដល់ជនរងគ្រោះ និងងាយរងគ្រោះ។ អ្នកស្ម័គ្រចិត្តកាកបាទក្រហមកម្ពុជា មិនត្រឹមមាននៅតាមសហគមន៍នោះទេ ថ្នាក់ដឹកនាំគណៈកម្មាធិការសាខា និងថ្នាក់ដឹកនាំគណៈកម្មាធិការ អនុសាខាក្រុង ស្រុក ទាំង៧ទូទាំងខេត្ត ក៏ជាអ្នកស្ម័គ្រចិត្ត ដែលបានប្រឹងប្រែងទំាងកម្លាំងកាយចិត្ត និងចំណាយពេលវេលាផ្ទាល់ខ្លួន ដោយមិនខ្លាចនឿយហត់ ដោយគ្មានប្រាក់បៀវត្សនោះទេ ហើយមិនត្រឹមតែប៉ុណ្ណោះ បានចំណាយថវិកាផ្ទាល់ខ្លួន សម្រាប់ការងារមនុស្សធម៌ថែមទៀតផង។ លោកក៏សូមអធ្យាស្រ័យ ចំពោះការយឺតយ៉ាង ក្នុងការប្រារព្ធពិធីខាងលើ ព្រោះដោយសារតែរដ្ឋបាលខេត្ត មានការមមាញឹកខ្លាំង និងជាប់វរល់ពេលវេលាជាច្រើន។

ឆ្លៀតក្នុងឱកាសនោះ ដើម្បីជាការលើកទឹកចិត្តលោក ជាវ តាយ បានប្រគល់ប័ណ្ណសរសើរ ជូនដល់អ្នកស្ម័គ្រចិត្ត ទាំង៧សង្កាត់ ក្នុងក្រុងពោធិ៍សាត់ និងបានឧបត្ថម្ភដល់អ្នកស្ម័គ្រចិត្ត ទីប្រឹក្សាយុវជន និងយុវជន ចំនួន៨១រូប ក្នុងម្នាក់ៗទទួលបាន អាវយឺតកាកបាទក្រហមមួយ និងថវិកា៤ម៉ឺនរៀល៕