(ភ្នំពេញ)៖ អតីតនិស្សិតខ្មែរថ្នាក់អនុបណ្ឌិត ដែលបានទៅសិក្សានៅសាធារណរដ្ឋកូរ៉េ (កូរ៉េខាងត្បូង) ចំនួន១៨រូប នៅថ្ងៃនេះ បានចេញលិខិតចំហរទាមទារឱ្យ លោកសម រង្ស៉ី ធ្វើការកែតម្រូវជាបន្ទាន់ និងសុំទោសជាសាធារណៈ ចំពោះការប្រមាថដល់សញ្ញាបត្រក្រៅប្រទេសរបស់ លោកបណ្ឌិត ហ៊ុន ម៉ាណែត។

ក្រុមបញ្ញវន្តទាំងនោះ បានសម្ដែងនូវការសោកស្ដាយជាពន់ពេក ចំពោះការលើកឡើងជាសាធារណៈ និងការវាយតម្លៃក្នុងន័យបង្អាប់របស់ លោកសម រង្ស៉ី ដែលជាអ្នកនយោបាយចាស់វស្សាមួយរូប អំពីគុណភាពសញ្ញាបត្រសិក្សានៅបរទេសរបស់និស្សិតកម្ពុជាថាជាសញ្ញាបត ប្រភេទទីពីរ ឬក៏សញ្ញាបត្រយោគយល់ ដែលប៉ះពាល់យ៉ាងធ្ងន់ធ្ងរដល់កិត្តិយស សេចក្តីថ្លៃថ្នូរ និងកិច្ចខិតខំប្រឹងប្រែង របស់ពួកគេ ក៏ដូចជានិស្សិតខ្មែរ ដែលបានបញ្ចប់ និងកំពុងបន្តការសិក្សានៅបរទេសដទៃទៀត ដែលបាន ជំនះគ្រប់ឧបសគ្គនានាដើម្បីទទួលបានសញ្ញាបត្រកម្រិតនេះ ។

អតីតនិស្សិតខ្មែរថ្នាក់អនុបណ្ឌិតនៅកូរ៉េខាងត្បូង បានលើកឡើងដូច្នេះថា៖ «ការលើកឡើងនេះ បានប្រមាថ និងធ្វើឱ្យប៉ះពាល់យ៉ាងធ្ងន់ធ្ងរដល់គុណភាពអប់រំ និងប្រព័ន្ធអប់រំនៅកម្ពុជា ជាពិសេសដល់បញ្ញវ័ន្ត និងថ្នាក់ដឹកនាំកម្ពុជាដែលបានខិតខំរួមចំណែកអភិវឌ្ឍធនធានមនុស្ស និងធនធានបញ្ញវន្តជាតិ ក្នុងកិច្ចលើកស្ទួយកិច្ចអភិវឌ្ឍន៍ជាតិ និងកិត្តិស័ព្ទប្រទេសកម្ពុជាលើឆាកអន្តរជាតិ»

«ក្នុងន័យនេះ យើងខ្ញុំទាំងអស់គ្នា សូមស្នើឱ្យលោកសម រង្ស៊ី ធ្វើការកែតម្រូវជាបន្ទាន់ និងសុំទោសជាសាធារណៈចំពោះការថ្លែងរបស់ខ្លួន ដោយគ្មានទំនួល ខុសត្រូវអំពីគុណភាពអប់រំដែលយើងខ្ញុំ និងនិស្សិតខ្មែរដទៃទៀតទទួលបាននៅបរទេស ដើម្បីបង្ហាញពីការទទួលខុសត្រូវ និងគំរូដល់អ្នកដឹកនាំជំនាន់ក្រោយ»

ជាមួយគ្នានេះ អតីតនិស្សិតខ្មែរថ្នាក់អនុបណ្ឌិតនៅកូរ៉េខាងត្បូង បានប្រកាសគាំទ្រយ៉ាងពេញទំហឹង និងអស់ពីដួងចិត្ត ចំពោះសារ លោក ហ៊ុន ម៉ាណែត ដែលបានលើកឡើងក្នុងគេហទំព័រ Facebook ផ្លូវការ កាលពីថ្ងៃទី២៨ ខែធ្នូ ឆ្នាំ២០២១ កន្លងទៅ ដោយស្នើឱ្យអ្នកនយោបាយចាស់វស្សារូបនោះ លើកបង្ហាញពីភស្តុតាង និងអំណះអំណាង ដើម្បីផ្ដល់ជាភាព ត្រឹមត្រូវជូននិស្សិតកម្ពុជាទាំងអស់ដែលកំពុងសិក្សា និងបានបញ្ចប់ការសិក្សាគ្រប់កម្រិតនៅបរទេស៕

ខាងក្រោមនេះជាលិខិតចំហររបស់ អតីតនិស្សិតខ្មែរថ្នាក់អនុបណ្ឌិតនៅកូរ៉េខាងត្បូង៖