(ភ្នំពេញ)៖ ទេសរដ្ឋមន្ត្រី គន់ គីម អនុប្រធានទី១ នៃគណៈកម្មាធិការជាតិគ្រប់គ្រងគ្រោះមហន្តរាយ និងភរិយា ព្រមទាំងក្រុមគ្រួសារ សាច់ញាតិទាំងអស់ ថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះថ្នាក់ដឹកនាំ មន្ត្រីរាជការ កងកម្លាំងប្រដាប់អាវុធ និងអ្នករាប់អានទាំងអស់ ដែលបានចូលរួមរំលែកមរណទុក្ខដ៏ក្រៀមក្រំចំពោះការទទួលមរណភាពរបស់មហាឧបាសកពុទ្ធសាសនូបត្ថម្ភ ផឹង គឹង។

ក្នុងលិខិតថ្លែងអំណរគុណផ្ញើមកកាន់ Fresh News នៅថ្ងៃទី០៦ ខែមករា ឆ្នាំ២០២២ លោកទេសរដ្ឋមន្ត្រី គន់ គីម បានចាត់ទុកការចូលរួមរំលែកមរណទុក្ខនេះ ជាកាយវិការផ្តល់នូវកម្លាំងចិត្តដ៏មានសារសំខាន់ និងស្តែងឱ្យឃើញនូវសមានចិត្តគោរពស្រឡាញ់រាប់អានដ៏ជ្រាលជ្រៅ ចំពោះសពមហាឧបាសកពុទ្ធសាសនូបត្ថម្ភ ផឹង គឹង និងក្រុមគ្រួសារសព។

លោកទេសរដ្ឋមន្ត្រី គន់ គីម និងភរិយា ព្រមទាំងក្រុមគ្រួសារនៃសព គោរពថ្លែងអំណរគុណ និងគោរពជូនពរដល់អ្នកបានចូលរួមរំលែកនូវភាពក្រៀមក្រំជាមួយគ្រួសាររបស់លោក សូមបានសមប្រកបដោយពុទ្ធពរដ៏ប្រសើរថ្លៃថ្លាទាំងបួនប្រការគឺ អាយុ វណ្ណៈ សុខៈ ពលៈ កុំបីឃ្លៀងឃ្លាតឡើយ។

សូមបញ្ជាក់ថា មហាឧបាសកពុទ្ធសាសនូបត្ថម្ភ ផឹង គឹង ត្រូវជាឪពុកក្មេករបស់លោកទេសរដ្ឋមន្ត្រី គន់ គីម បានទទួលមរណភាពនៅវេលាម៉ោង ១៖៤៥ រំលងអធ្រាត្រ ថ្ងៃព្រហស្បតិ៍ ១១រោច ខែមិគសិរ ឆ្នាំឆ្លូវ ត្រីស័ក ព.ស ២៥៦៥ ត្រូវនឹងថ្ងៃទី៣០ខែធ្នូ ឆ្នាំ២០២១ ក្នុងជន្មាយុ ៩២ឆ្នាំ ដោយជរាពាធ។

សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា, សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ព្រមទាំងថ្នាក់ដឹកនាំកំពូលៗស្ថាប័នជាតិ និងមន្ត្រីរាជការ កងកម្លាំងប្រដាប់អាវុធ បានផ្ញើសារចូលរួមរំលែកមរណទុក្ខ និងចូលរួមដោយគោរពវិញ្ញាណក្ខន្ធសពដោយផ្ទាល់ផងដែរ៕