(ភ្នំពេញ)៖ លោក អ៉ិត សំហេង រដ្ឋមន្រ្តីក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ បានបញ្ជាក់ថា ក្រុមប្រឹក្សាសហជីពជាតិកម្ពុជា ជាដៃគូក្នុងការចូលរួមចំណែកការការពារសិទ្ធិ ផលប្រយោជន៍ជូនកម្មករនិយោជិត ស្របទៅនឹងគោលដៅចម្បងរបស់រាជរដ្ឋាភិបាល។

ការថ្លែងបែបនេះ គឺក្នុងឱកាសលោកចូលរួមក្នុងពិធីប្រកាសចូលកាន់តំណែងប្រធានក្រុមប្រឹក្សាសហជីពជាតិកម្ពុជា (CCNU) អាណត្តិទី៧ (២០២២-២០២៣) នាព្រឹកថ្ងៃទី៥ ខែមករា ឆ្នាំ២០២២ នៅសណ្ឋាគារទន្លេបាសាក់២។

លោកបានថ្លែងយ៉ាងដូច្នេះថា «ក្រុមប្រឹក្សាសហជីពជាតិកម្ពុជា ជាដៃគូក្នុងការចូលរួមចំណែកការការពារសិទ្ធិ ផលប្រយោជន៍ជូនកម្មករនិយោជិត ស្របទៅនឹងគោលដៅចម្បងរបស់រាជរដ្ឋាភិបាល»។

ក្នុងនាមរដ្ឋមន្រ្តីទទួលបន្ទុកវិស័យការងារ និងជារាមច្បងដែលធ្លាប់ធ្វើការងារសហជីព លោក អ៉ិត សំហេង បានផ្ដល់នូវអនុសាសន៍ចំនួន៥ចំណុចរួមមាន៖

*១៖ ត្រូវគិតពីប្រយោជន៍រួម មានសាមគ្គីភាពផ្ទៃក្នុងល្អ តាមរយៈការដឹកនាំដោយតម្លាភាព មានការចាត់ចែងការងារច្បាស់លាស់ ដើម្បីភាពរីកចម្រើនរួមរបស់អង្គភាព និងបម្រើផលប្រយោជន៍ជូនប្រទេសជាតិមាតុភូមិ។

*២៖ ត្រូវពង្រឹងការផ្សព្វផ្សាយដល់កម្មករនិយោជិតដែលជាសមាជិកឱ្យបានយល់ច្បាស់អំពីច្បាប់ស្ដីពីការងារ និងច្បាប់ស្ដីពីសហជីព ព្រមទាំងប្រកាស និងសេចក្តីណែនាំនានា ដែលក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈដាក់ចេញ។ ជាមួយគ្នានេះ ក៏ត្រូវពង្រីកសមាជិកបន្ថែមទៀត ប៉ុន្តែសូមកុំដណ្ដើមសមាជិកគ្នាដែលជាចំណុចរសើបមួយនាំឲ្យមានទំនាស់បាក់បែកសាមគ្គីគ្នា។

*៣៖ ត្រូវបណ្តុះបណ្តាលណែនាំដល់ថ្នាក់ដឹកនាំសហជីពមូលដ្ឋាន ត្រូវសិក្សាឲ្យបានច្បាស់លាស់អំពីការចុះអនុសញ្ញារួម ថាតើចង់បានលក្ខខណ្ឌអ្វីខ្លះទាក់ទងនឹងការងាររោងចក្រ សហគ្រាស គ្រឹះស្ថាន ដោយមិនឲ្យឃ្លាតឆ្ងាយពីច្បាប់ស្តីពីការងារ និងជៀសវាងការដឹកនាំ និងចូលរួមធ្វើបាតុកម្មខុសច្បាប់។

*៤៖ ត្រូវពង្រឹង និងបន្តពង្រីកកិច្ចសហប្រតិបត្តិការជាមួយអង្គការសហជីព ទាំងក្នុងតំបន់ និងក្រៅតំបន់ ដើម្បីកៀរគរការគាំទ្រទាំងផ្នែកសម្ភារ ថវិកា និងការបណ្តុះបណ្តាលពង្រឹងសមត្ថភាពនានា។

*៥៖ ផ្សព្វផ្សាយឲ្យបានទូលំទូលាយដល់កម្មករនិយោជិតអំពីការរស់នៅជាមួយ COVID-19 ដោយអនុវត្តនូវវិធានសុខាភិបាល និងអនុវត្ត៣កុំនិង៣ការពារ។

លោកបានរដ្ឋមន្ត្រីក៏បានលើកឡើងថា សមិទ្ធផលដែលក្រុមប្រឹក្សាសហជីពជាតិកម្ពុជាសម្រេចបាន ការរៀបចំរចនាសម្ព័ន្ធដឹកនាំច្បាស់លាស់ សកម្មភាពការងារទាំងក្នុងរោងចក្រ សហគ្រាស កិច្ចសហប្រតិបត្តិការក្នុងកម្រិតតំបន់ និងអន្តរជាតិ និងការដាក់ចេញនូវទិសដៅការងារបន្ត ព្រមទាំងការប្តេជាចិត្តរបស់ថ្នាក់ដឹកនាំ CCNU បានឆ្លុះបញ្ចាំងឱ្យកាន់តែច្បាស់អំពីភាពរីកចម្រើន ការយកចិត្តទុកដាក់ ទំនួលខុសត្រូវ និងភាពចាស់ទុំក្នុងការដឹកនាំរបស់ថ្នាក់ដឹកនាំ CCNU ប៉ុន្តែទោះជាយ៉ាងណាក៏ជៀសមិនផុតពីការចូលរួមយ៉ាងសកម្មរបស់សមាជិក-សមាជិកាផងដែរ។

លោក តុល ផាន់មឿង ប្រធានក្រុមប្រឹក្សាសហជីពជាតិកម្ពុជា អាណត្តិទី៦ ឲ្យដឹងថា កន្លងមក CCNU បានដើរតួរសំខាន់ក្នុងការរក្សាបាននូវការលើកកម្ពស់លក្ខខណ្ឌការងារ និងសុខដុមនីយកម្មនៃទំនាក់ទំនងវិជ្ជាជីវៈ ការការពារសិទ្ធិប្រយោជន៍ជូនកម្មករនិយោជិត ការចូលរួមលើកកម្ពស់ការគោរពច្បាប់ស្តីពីការងារ និងច្បាប់ស្តីពីសហជីព ប្រកបដោយមនសិការវិជ្ជាជីវៈ និងស្មារតីទទួលខុសត្រូវខ្ពស់។ មកដល់បច្ចុប្បន្ន CCNU មានសមាជិកជា៖ សហភាពកើនឡើងដល់ចំនួន១៦ គណៈអចិន្ត្រៃយ៍ចំនួន២៧នាក់ សមាជិកក្រុមប្រឹក្សាភិបាលចំនួន១៣៣នាក់ សហព័ន្ធសហជីពចំនួន១១៤ សមាគមចំនួន៩ អង្គការចំនួន៦ សហជីពមូលដ្ឋានចំនួន១០៨៩ និងសមាជិកដែលជាកម្មករកម្មការិនីសរុបចំនួនជាង៧០ម៉ឺននាក់៕