(ភ្នំពេញ)៖ មេដឹកនាំកម្ពុជា-ឥណ្ឌូនេស៊ី បានគូសបញ្ជាក់ពីសារសំខាន់ក្នុងការពង្រឹងកិច្ចខិតខំប្រឹងប្រែងរបស់អាស៊ាន ដើម្បីជួយមីយ៉ាន់ម៉ា ក្នុងការស្វែងរកដំណោះស្រាយសមស្រប សំដៅឈានទៅសម្រេចបាននូវការបង្រួបបង្រួមជាតិ សន្តិភាព និងស្ថិរភាពយូរអង្វែង និងការអភិវឌ្ឍ។ នេះបើតាមសេចក្តីប្រកាសរបស់ក្រសួងការបរទេស ដែលបណ្តាញព័ត៌មាន Fresh News ទទួលបាន។

ការផ្លាស់ប្តូរទស្សនៈជុំវិញបញ្ហាមីយ៉ាន់ម៉ា បានធ្វើឡើងក្នុងជំនួបសន្ទនាតាមទូរស័ព្ទរវាង សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា ជាមួយ លោក ចូកូ វីដូដូ (Joko Widodo) ប្រធានាធិបតីនៃសាធារណរដ្ឋឥណ្ឌូនេស៊ី ដែលធ្វើឡើងនៅម៉ោង៩៖៣០នាទីព្រឹក ថ្ងៃទី០៤ ខែមករា ឆ្នាំ២០២២។

ក្រសួងការបរទេសកម្ពុជា បានអះអាងដូច្នេះថា៖ «ពាក់ព័ន្ធនឹងស្ថានការណ៍បច្ចុប្បន្ននៅប្រទេសមីយ៉ាន់ម៉ា ថ្នាក់ដឹកនាំទាំងពីរក៏បានផ្លាស់ប្ដូរ ទស្សនៈអំពីវិវឌ្ឍន៍ថ្មីៗនៅមីយ៉ាន់ម៉ា និងបានគូសបញ្ជាក់ពីសារសំខាន់ក្នុងការពង្រឹងកិច្ចខិតខំប្រឹងប្រែងរបស់អាស៊ាន ដើម្បីជួយមីយ៉ាន់ម៉ា ក្នុងការស្វែងរកដំណោះស្រាយសមស្រប សំដៅឈានទៅសម្រេចបាននូវការបង្រួបបង្រួមជាតិ សន្តិភាព និងស្ថិរភាពយូរអង្វែង និងការអភិវឌ្ឍ»

កម្ពុជាចាប់ផ្តើមបំពេញតួនាទីជាប្រធានអាស៊ាន ចាប់ឆ្នាំថ្ងៃទី០១ ខែមករា ឆ្នាំ២០២២តទៅ។ ជាមួួយនឹងការបំពេញតួនាទីជាប្រធានអាស៊ាននេះ កម្ពុជាបានបង្ហាញអំពីការប្តេជ្ញាចិត្ត ក្នុងការសម្របសម្រួលដោះស្រាយបញ្ហាមីយ៉ាន់ម៉ា និងការពង្រឹងមជ្ឈភាពរបស់អាស៊ានឡើងវិញ។ មីយ៉ាន់ម៉ា បាន និងកំពុងប្រឈមនឹងវិបត្តិនយោបាយផ្ទៃក្នុង និងភាពច្របូកច្របល់ ចាប់តាំងពីព្រឹត្តិការណ៍រដ្ឋប្រហារយោធា ទម្លាក់គណបក្សរបស់ លោកស្រី អ៊ុង សានស៊ូជី កាលពីថ្ងៃទី០១ ខែកុម្ភៈ បន្ទាប់ពីបោះឆ្នោត។

សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា និងជាប្រធានអាស៊ាន នឹងអញ្ជើញទៅបំពេញទស្សនកិច្ច នៅប្រទេសមីយ៉ាន់ម៉ា នៅថ្ងៃទី០៧ ខែមករា ឆ្នាំ២០២២ ផងដែរ។

ក្នុងអំឡុងពេលនៃកិច្ចសន្ទនាតាមទូរស័ព្ទ លោក ចូកូ វីដូដូ បានសម្ដែងនូវអំណរសាទរយ៉ាងកក់ក្ដៅចំពោះកម្ពុជា ក្នុងការចូលកាន់តំណែងជាប្រធានអាស៊ានក្នុងឆ្នាំ២០២២។ លោកបានបញ្ជាក់សាជាថ្មីម្តងទៀតនូវការគាំទ្រយ៉ាងពេញទំហឹងរបស់ឥណ្ឌូនេស៊ី ចំពោះការធ្វើជាប្រធានអាស៊ានរបស់កម្ពុជាក្នុងឆ្នាំ២០២២ ឲ្យទទួលបានជោគជ័យ ដោយលោកជឿជាក់ថា ជោគជ័យរបស់កម្ពុជា នឹងរួមចំណែកដល់ជោគជ័យរបស់ឥណ្ឌូនេស៊ីក្នុងការធ្វើជាប្រធានអាស៊ាននៅឆ្នាំ២០២៣៕