(ព្រះសីហនុ)៖ នៅព្រឹកថ្ងៃទី២៤​​ ខែមេសា ឆ្នាំ២០១៦នេះ លោកឧត្តមសេនីយ៍ទោ ជួន ណារិន្ទ ស្នងការនគរបាលខេត្តព្រះសីហនុ និងសហការី បានបន្តនាំយកទឹកសុទ្ធចំនួន៥២០យួរ និងទឹកប្រើប្រាស់ ចំនួន៣ឡានយកទៅចែកជូនប្រជាពលរដ្ឋ ចំនួន២៥៤គ្រួសារ នៅភូមិតាពៅ ឃុំជើងគោ ស្រុកព្រៃនប់ ដែលកំពុងខ្វះខាតទឹកបរិភោគ និងទឹកប្រើប្រាស់ ។

លោកឧត្តមសេនីយ៍ស្នងការ បានប្រាប់ Fresh News ថា «នៅព្រឹកនេះ យើងបានបន្តដឹកទឹកទាំងទឹកសុទ្ធ និងទឹកសម្រាប់ប្រើប្រាស់ ជូនដល់លំនៅដ្ឋានប្រជាពលរដ្ឋ តែម្តង ពីព្រោះឆ្នាំនេះមានការរាំងស្ងួតខ្លាំង អណ្តូង ស្រះទឹក រីងអស់ហើយ»

ជាមួយគ្នានេះដែរ លោកស្នងការបានទិញនុំបុ័ងចំនួន៣០០ដើម មកចែកជូន កុមារៗនៅទីនោះផងដែរ។

សូមបញ្ជាក់ថា កន្លងមកសិស្សានុសិស្សនៅភូមិតាពៅ ចំនួន១៩នាក់ ដែលរៀននៅសាលាអនុវិទ្យាល័យដូងប្រេងតានៃ លោកស្នងការបានជួលរឺម៉កម៉ូតូ១គ្រឿងសំរាប់ដឹកទៅរៀនរាល់ថ្ងៃទៀតផង។

បើតាមលោកស្នងការ នៅពេលនេះ ក្រុមការងារកំពុងហូបបាយនៅព្រៃនប់​​ រួចបន្តទៅឃុំកោះខ្យងបន្តទៀត ដែលប្រជាពលរដ្ឋនៅទីនោះ ក៏ដង្ហើយការស្នើសុំទឹកពីយើងផងដែរ។

កាលពីម្សិលមិញ ស្នងការនគរបាលខេត្ត ក៏បាននាំយកទឹកទៅជូនប្រជាពលរដ្ឋ ដល់ខ្នងផ្ទះផងដែរ ស្ថិតនៅភូមិសំរុង ឃុំសំរុង ស្រុកព្រៃនប់ ចំនួន២២៣គ្រួសារផងដែរ សម្រាប់ទុកហូប និងប្រើប្រាស់ប្រចាំថ្ងៃ៕