(ក្រចេះ)៖ បុរស២នាក់បានស្លាប់ក្នុងទឹកបឹងរំលាច ដោយសារឆ្លងចរន្តអគ្គិសនី ក្នុងគ្រាដែលបានព្យាយាម តខ្សែភ្លើងឆក់ត្រីនៅតាមបឹង ប៉ុន្តែជាអកុសលក៏ភ្លាត់ស្នៀតឆក់ខ្លួនឯង។ សពត្រូវបានគេប្រទះឃើញនៅថ្ងៃទី០៤ ខែមករា ឆ្នាំ២០២២ នៅចំនុចបឹងរំលាច ភូមិរកាកណ្ដាល សង្កាត់រការកណ្ដាល ក្រុងក្រចេះ។

យោងតាមរបាយការណ៍នគរបាលក្រុងក្រចេះ បានឱ្យដឹងថា កាលពីថ្ងៃទី០២ ខែមករា ឆ្នាំ២០២២ ចន្លោះម៉ោង៣ មានករណីឧប្បទ្ទវហេតុឆ្លងចរន្តអគ្គីសនី (ដុំឆក់) កើតឡើង នៅចំណុចទីតាំងខាងលើ បណ្តាលឱ្យស្លាប់មនុស្ស ចំនួន២នាក់មានឈ្មោះ ម៉ឺន សារុន អាយុ៣៦ឆ្នាំ មានទីលំនៅភូមិទី២ សង្កាត់រកាកណ្តាល ក្រុងក្រចេះ ខេត្តក្រចេះ និងឈ្មោះ ស៊ឹម គង់ អាយុ២៧ឆ្នាំ មានទីលំនៅភូមិទី២ សង្កាត់រកាកណ្តាល ក្រុងក្រចេះ ខេត្តក្រចេះ។

តាមរបាយកាណ៍បញ្ជាក់ទៀតថា បន្ទាប់ពីទទួលបានព័ត៌មាននៅព្រឹកថ្ងៃទី៤ ខែមករា ឆ្នាំ២០២២ សមត្ថកិច្ចជំនាញសហការជាមួយអាជ្ញាធរមូលដ្ឋាន បានចុះទៅដល់កន្លែងកើតហេតុ ធ្វើការពិនិត្យសាកសព និងប្រមូលព័ត៌មាន ជុំវិញកន្លែងកើតហេតុ ដោយអះអាងថា អ្នកទាំងពីរបាននាំគ្នាយកឧបករណ៍ឆក់ត្រី (ដុំឆក់) ទៅឆក់ត្រីនៅកន្លែង កើតហេតុខាងលើ និងបានឆ្លងចរន្តបណ្តាលឱ្យឆក់ស្លាប់ទាំងពីនាក់តែម្តង។

គួរបញ្ជាក់ថា នៅខេត្តក្រចេះ គេសង្កេតឃើញបទល្មើសឆក់ត្រីមានការកើនឡើង ហើយពលរដ្ឋស្នើឲ្យស្ថាប័នមានសមត្ថកិច្ច សហការជាមួយមន្រ្តីជលផល ចុះបង្រ្កាបឧបករណ៍ផ្សេងៗ ដែលអាចបង្គុំជាឧបករណ៍ឆក់ត្រី ដាក់លក់នៅតាមទីផ្សារ តែមិនទាន់មានចំណាត់ការនោះឡើយ៕