(កំពត)៖ កម្លាំងនគរបាលខេត្តកំពត នៅព្រឹកថ្ងៃអាទិត្យ ទី២៤ ខែមេសា ឆ្នាំ២០១៦នេះ បានបន្តដឹកទឹកយកទៅផ្តល់ជូនប្រជាពលរដ្ឋ ជាង១០០គ្រួសារ ដល់លំនៅដ្ឋាន ស្ថិតនៅភូមិចំបុី ឃុំចំបុី ស្រុកអង្គរជ័យ ខេត្តកំពត ក្រោយពេលពួកគេបានដាច់ទឹកប្រើប្រាស់រួចមក។

ស្នងការនគរបាលខេត្តកំពត លោកឧត្តមសេនីយ៍ត្រី ម៉ៅ ច័ន្ទមធុរិទ្ធ បានប្រាប់ Fresh News ថា «នៅព្រឹកថ្ងៃអាទិត្យ ក្រោមបញ្ជាពីលោកអភិបាលខេត្ត កម្លាំងនគរបាលរបស់យើង បានយករថយន្តពន្លត់អគ្គិភ័យ ដឹកទឹកយកទៅឲ្យប្រជាពលរដ្ឋ ដល់លំនៅដ្ឋាន នៅទីនោះជាង១០០គ្រួសារ ហើយពួកគាត់បានយកធុង កាដុង មកដាក់ត្រង់ទឹកសម្រាប់យកទៅប្រើប្រាស់ប្រចាំថ្ងៃ ក្រោយពេលទឹកស្រះ ទឹកស្ទឹង អណ្តូង មានការរីងស្ងួត ជាបណ្តើរៗទៅហើយនោះ»

ប្រជាពលរដ្ឋ សប្បាយចិត្តយ៉ាងខ្លាំង ហើយថ្លែងអំណរគុណយ៉ាងខ្លាំង ដល់កងកម្លាំងនគរបាលខេត្តកំពត ដែលបានជួយអន្តរាគមន៍ពួកគាត់ទាន់ពេលវេលា៕