(ត្បូងឃ្មុំ)៖ លោក វង សូត ប្រធានក្រុមការងារថ្នាក់ជាតិចុះជួយស្រុកពញាក្រែក ខេត្តត្បូងឃ្មុំ និងឃុំជាច ស្រុកកំចាយមារ ខេត្តព្រៃវែង បានដាស់តឿនដល់​មន្ត្រីគណបក្ស​ប្រជាជន​កម្ពុជាត្រូវមានសមត្ថភាព ចំណេះវិជ្ជា និងបទពិសោធន៍ ដើម្បីជាសេចក្តីទុកចិត្តក្នុងការបម្រើផលប្រយោជន៍ និងសេវាសាធារណៈជូនពលរដ្ឋនៅ​មូលដ្ឋានឲ្យកាន់​តែប្រសើរទៅតាមតម្រូវការ។

ការថ្លែងបែបនេះធ្វើឡើងនៅព្រឹកថ្ងៃទី១ ខែមករា ឆ្នាំ២០២២ ដែលលោក វង សូត និងលោកស្រីចូលរួមក្នុងសន្និបាតបូកសរុបលទ្ធផលការងាររយៈពេល៥ឆ្នាំ ឆ្នាំ២០១៧-២០២២ និងផ្សព្វផ្សាយគោលនយោបាយអភិវឌ្ឍន៍ឃុំអាណត្តិទី៥ ឆ្នាំ២០២២-២០២៧ របស់គណៈកម្មាធិការបក្សមូលដ្ឋានឃុំជាច ស្រុកកំចាយមារ ខេត្តព្រៃវែង។

ឆ្លៀតឱកាសនោះ លោក វង សូត បានជំរុញលើកមន្ត្រីគណបក្ស CPP ទាំងអស់ត្រូវខិតខំប្រឹងប្រែងស្វែងយល់ពីតម្រូវការរបស់​ប្រជាពលរដ្ឋលើការផ្តល់សេវា​សាធារណៈ​ប្រចាំថ្ងៃ និងការលើកកម្ពស់ជីវភាពគ្រួសាររបស់ប្រជាពលរដ្ឋនៅមូលដ្ឋានឲ្យកាន់តែល្អប្រសើរ។ លោកបានសង្កត់ធ្ងន់ថា មន្ត្រីគណបក្សប្រជាជនកម្ពុជាត្រូវរួមគ្នាសាមគ្គីភាព ដោយត្រូវយកជ័យជម្នះពីការបោះឆ្នោតខាងមុខនេះ និងត្រូវប្រឹងប្រែងត្រៀមលក្ខណៈឲ្យបានល្អ ពោលគឺត្រូវបន្តយកប្រជាប្រិយភាពនៅមូលដ្ឋានឲ្យពលរដ្ឋ ឬសមាជិក-សមាជិកា CPP និងចេះឆ្លើយតបតាមតម្រូវការរបស់ប្រជាពលរដ្ឋរស់នៅប្រចាំថ្ងៃ។

ជាមួយគ្នានេះ លោក វង សូត ក៏បានអំពាវនាវដល់មន្ត្រីគណបក្សប្រជាជនកម្ពុជា គឺត្រូវឈរលើគោលការណ៍ជ្រើសរើសបេក្ខជនដោយមានសមត្ថភាព ចំណេះដឹង បទពិសោធន៍ និងប្រមើមើលយុវជន ដើម្បីបន្តវេនតាមរយៈការបោះឆ្នោត។ ទន្ទឹមនឹងនេះដែរ លោកប្រធានបានឲ្យសមាជិកសមាជិកាជាមន្ត្រីបក្ស សកម្មជនបក្សទាំងអស់ ត្រូវបន្តរក្សាសុខសន្តិភាព និងបន្តការអភិវឌ្ឍបន្តទៀតរបស់ស្នាដៃគណបក្ស។

លោក វង សូត បានជំរុញដល់អាជ្ញាធរទាំងអស់ត្រូវយកចិត្តទុកដាក់ការពារទប់ស្កាត់ការឆ្លងរីករាលដាលជំងឺកូវីដ-១៩ ព្រោះថាកូវីដមិនភ្លេចយើងទេ ដោយត្រូវបន្តអនុវត្តបីកុំ និងបីការពារ និងត្រូវរៀនរស់តាមគន្លងថ្មី ជាពិសេសនោះត្រូវរួមគ្នាអនុវត្តគោលនយោបាយភូមិឃុំមានសុវត្ថិភាពឲ្យបានល្អប្រសើរ៕