(កំពង់ធំ)៖ នៅព្រឹកថ្ងៃទី០១ ខែមករា ឆ្នាំ២០២២ លោកបណ្ឌិត ជា ចាន់តូ សមាជិកគណៈអចិន្ត្រៃយ៍គណៈកម្មាធិការកណ្តាលគណបក្សប្រជាជនកម្ពុជា និងជាប្រធានក្រុមការងារគណបក្សចុះមូលដ្ឋានខេត្តកំពង់ធំ និងលោក ងួន រតនៈ ប្រធានគណៈកម្មាធិការគណបក្សខេត្ត និង ជាប្រធានក្រុមការងារចុះជួយក្រុងស្ទឹងសែន បានអញ្ជើញជាអធិបតី ក្នុងពិធីសន្និបាតគណៈកម្មាធិការគណបក្សប្រជាជនកម្ពុជាអាណត្តិទី០៥ ឆ្នាំ២០២២ នៅទីស្នាក់ការគណបក្សប្រជាជនកម្ពុជា ខេត្តកំពង់ធំ។

លោក ងួន រតនៈ បានជំរុញមន្ត្រីគណបក្សខិតខំពង្រឹងចាត់តាំងគណបក្សគ្រប់ថ្នាក់ពីថ្នាក់ខេត្តដល់មូលដ្ឋាន និងកម្មវិធីនយោបាយរបស់គណបក្សដើម្បីគាំទ្រ និងចូលរួមការពារគណបក្សគ្រប់កាលៈទេសៈ ក៏ដូចជាខិតខំកសាង និងពង្រឹងគណបក្សលើវិស័យសតិអារម្មណ៍ ដោយគាំទ្រ និងចូលរួមការចាត់តាំងគណបក្សនៅមូលដ្ឋាន ក្នុងការឃោសនាអប់រំប្រជាជនពីសភាពការណ៍រីកចម្រើន។

លោកបណ្ឌិត ជា ចាន់តូ ក៏បានជំរុញមន្ត្រីគណបក្ស ត្រូវធ្វើជាស្នូលនៃសាមគ្គីភាព ឯកភាពផ្ទៃក្នុងរបស់គណបក្ស និងធ្វើជាគម្រូដល់សមាជិកគណបក្ស និងអ្នកគាំទ្រគណបក្ស ក៏ដូចមហាជនទូទៅ ក៏ដូចជាខិតខំកសាងទំនាក់ទំនងល្អជាមួយមហាជន សហការជួយឧបត្ថម្ភគាំទ្រគ្នាទៅវិញទៅមក និងធ្វើអំពើល្អជាមួយប្រជាជនគ្រប់មូលដ្ឋាន សំដៅលើកកម្ពស់ប្រជាប្រិយភាពរបស់គណបក្ស និងទទួលបានការគាំទ្របន្ថែមទៀតចំពោះ គណបក្សប្រជាជនកម្ពុជា។

ជាចុងក្រោយ លោកបណ្ឌិត ជា ចាន់តូ បានផ្ដាំផ្ញើ ក្រុមការងារចុះជួយខេត្ត ក្រុង ស្រុក ឃុំ សង្កាត់ បន្តអនុវត្តសម្រេចស្ដីពីផែនការរួមឆ្ពោះទៅកាន់ការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំសង្កាត់អាណត្តិទី០៥ ឆ្នាំ២០២២មុខនេះ។

សូមបញ្ជាក់ផងដែរថា ពិធីសន្និបាតគណៈកម្មាធិការគណបក្សសង្កាត់អាចារ្យលាក់ អាណត្តិទី០៥ ឆ្នាំ២០២២ គឺជាការចាប់ផ្តើមដំបូងនៃការរៀបចំសន្និបាតឃុំ សង្កាត់ ដែលនឹងត្រូវរៀបចំឡើងគ្រប់ឃុំ សង្កាត់ទាំងអស់ទូទាំងខេត្តកំពង់ធំ៕