(ភ្នំពេញ)៖ រាជរដ្ឋាភិបាលកម្ពុជា បានបង្ហាញពីបំណងចង់បញ្ចប់ដំណើរការវាយតម្លៃប្រទេសទីម័រឡេស្តេ (Timor-Leste) ខាងមុខនេះ ដើម្បីឆាប់បានចូលជាសមាជិកគ្រួសារអាស៊ាន ដែលនេះគឺជាការងារអាទិភាពមួយ ក្នុងចំណោមអាទិភាពនានារបស់អាស៊ាន នៅឆ្នាំ២០២២ ក្នុងនាមកម្ពុជាធ្វើជាប្រធាន។ នេះបើយោងតាមសេចក្តីប្រកាសព័ត៌មាន របស់ក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ នៅថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២១ ដែលបណ្តាញព័ត៌មាន Fresh News ទទួលបាន។

បំណងរបស់កម្ពុជាបានបង្ហាញឡើង ក្នុងឱកាសដែលក្រសួងរៀបចំកម្មវិធីផ្ដល់ព័ត៌មាន ស្ដីពីអាទិភាពកម្ពុជាក្នុងនាមជាប្រធានអាស៊ាន ឆ្នាំ២០២២ ជូនបណ្ដាអង្គទូត និងបណ្ដាញសារព័ត៌មាន នៅថ្ងៃទី២៩ ខែធ្នូ ឆ្នាំ២០២១ ក្រោមអធិបតីភាពឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន រដ្ឋមន្ត្រីការបរទេស និងជាតំណាងជាតិសម្រាប់ក្រុមប្រឹក្សាសហគមន៍សន្តិសុខ-នយោបាយអាស៊ាន។

ក្រសួងការបរទេសបានបញ្ជាក់យ៉ាងដូច្នេះថា៖ «[ក្នុងចំណោមការងារអាទិភាពអាស៊ាន] កម្ពុជាក៏មានបំណងបញ្ចប់ដំណើរការ នៃការទទួលយកប្រទេសទីម័រឡេស្តេ ចូលជាសមាជិកគ្រួសារ អាស៊ានផងដែរ»

ការចូលជាសមាជិកអាស៊ាន របស់ទីម័រឡេស្តេ ត្រូវផ្អែកលើនីតិវិធី និងបែបបទនានា ដែលកំណត់ដោយធម្មនុញ្ញអាស៊ាន។ នីតិវិធី និងបែបបទកំណត់នោះ គឺការវាយតម្លៃអំពីលក្ខណៈត្រៀមជាស្រេចរបស់ប្រទេសមួយ ដែលត្រូវបានធ្វើតាមបេសកកម្មស្វែងរកការពិត (Fact Finding Mission) ដោយមាន ៣សសរស្តម្ភ រួមមាន នយោបាយ-សន្តិសុខ, សេដ្ឋកិច្ច និងវប្បធម៌។

ពេលធ្វើបទបង្ហាញក្នុងកម្មវិធីផ្ដល់ព័ត៌មាន ស្ដីពីអាទិភាពកម្ពុជាក្នុងនាមជាប្រធានអាស៊ាន ឆ្នាំ២០២២ ឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន ក៏បានបញ្ជាក់ថា «យើងយកចិត្តទុកដាក់ចំពោះសមាជិកភាព របស់ទីម័រឡេស្តេ នៅក្នុងអាស៊ានផងដែរ។ នៅក្នុងកិច្ចប្រជុំកំពូលអាស៊ាន លើកទី៣៩ នៅថ្ងៃទី២៦ ខែតុលា ឆ្នាំ២០២១នេះ សម្តេចតេជោនាយករដ្ឋមន្ត្រី ហ៊ុន សែន បានបង្ហាញពីការប្តេជ្ញាចិត្ត នៅក្នុងការពន្លឿនដំណើរការសមាជិកភាពរបស់ទីម័រឡេស្តេ របស់អាស៊ាន។ យើងសង្ឃឹមថា ដំណើរការចាំបាច់អាចនឹងត្រូវបានបញ្ចប់នៅក្នុងពេលឆាប់ៗនេះ ដើម្បីឲ្យទីម័រឡេស្តេ បានចូលរួមក្នុងគ្រួសារអាស៊ានផងដែរ»

កម្ពុជាបាននាំមុខច្រើនជាងគេ នៅក្នុងការគាំទ្រប្រទេសទីម័រឡេស្តេ ឲ្យក្លាយជាសមាជិកអាស៊ាន។ ដើម្បីចូលជាសមាជិករបស់អាស៊ាន ទីម័រឡេស្តេ ក៏បានខិតខំដែរ តាមរយៈការដាក់ទូតពង្រឹងទំនាក់ទំនង នៅគ្រប់ប្រទេសសមាជិកអាស៊ាន បើទោះបីជាធនធានរបស់ប្រទេសនេះមានកម្រិតក៏ដោយ។

លោក ប្រាក់ សុខុន បានគូសបញ្ជាក់ទៀតថា «[ក្នុងសសរស្តម្ភទាំង៣] សសរស្តម្ភដែលពាក់ព័ន្ធនឹងនយោបាយ-សន្តិសុខ បានធ្វើហើយ (ចំពោះទីម័រឡេស្តេ) ប៉ុន្តែសសរស្តម្ភ ២ទៀត អត់បានធ្វើ គឺសេដ្ឋកិច្ច និងសង្គមវប្បធម៌ ដោយសារតែកូវីដ។ ឥឡូវយើងសង្ឃឹមថា បើសិនជាឆ្នាំក្រោយនេះ មានលទ្ធភាពដំណើរការបេសកកម្មនេះ ចុះទៅវាយតម្លៃបានឆាប់ យើងដាក់ជូនលេខាធិការដ្ឋានពិនិត្យ គាត់នឹងវាយតម្លៃជាបន្តបន្ទាប់ រហូតដល់មេដឹកនាំកំពូលរបស់អាស៊ានដើម្បីសម្រេច»

សូមជម្រាបថា សមាគមប្រជាជាតិអាស៉ីអាគ្នេយ៍ (អាស៊ាន) ត្រូវបានបង្កើតឡើង កាលពីថ្ងៃទី០៨ ខែសីហា ឆ្នាំ១៩៦៧ គិតមកដល់ពេលនេះ រយៈពេល ៥៣ឆ្នាំកន្លងមកហើយ។ ប្រសិនបើទីម័រឡេស្តេ អាចជាសមាជិករបស់អាស៊ាន មែននោះទីម័រឡេស្តេ នឹងក្លាយទៅជាប្អូនទី១១ ដែលកំពុងមានសមាជិក ១០ប្រទេសមួយនេះ។

សាធារណរដ្ឋប្រជាធិបតេយ្យទីម័រខាងកើត (Democratic Republic of East Timor) ឬទីម័រឡេស្តេ (Timor-Leste) ជាប្រទេសដែលមាន វ័យក្មេងបំផុតមួយនៅតំបន់អាស៉ី ដែលបានទទួលឯករាជ្យទាំងស្រុង ពីប្រទេសឥណ្ឌូណេស៉ី កាលពីថ្ងៃទី២០ ខែឧសភា ឆ្នាំ២០០២។ ប្រទេសនេះមានព្រំដែនជាប់ ប្រទេសឥណ្ឌូណេស៉ីតែមួយប៉ុណ្ណោះ មានផ្ទៃក្រឡាសរុប ១៥,៤១០គីឡូម៉ែត្រ និងប្រជាជន ១,១៦៧,២៤២នាក់ (តួលេខឆ្នាំ២០១៥) ព្រមទាំងមានរដ្ឋធានីឈ្មោះ ឌីលី។

ចាប់តាំងពីឆ្នាំ ២០០៧មក ប្រទេសទីម័រឡេស្តេ បានបង្ហាញពីការព្យាយាមរបស់ខ្លួន ដើម្បីក្លាយជាសមាជិកទី១១ របស់អាស៊ាន ហើយជាក់ស្តែងសំណើសុំផ្លូវការ ដើម្បីក្លាយជាសមាជិកនេះ ត្រូវបានធ្វើឡើងកាលពីឆ្នាំ២០១១ ស្របពេលដែលកម្ពុជាប្តេជ្ញាយ៉ាងមុតមោះ ដើម្បីគាំទ្រប្រទេសនេះ៕