(ភ្នំពេញ)៖ ព្រះអង្គម្ចាស់ នរោត្តម ចក្រាវុធ ព្រះប្រធានស្តីទីគណបក្សហ៊្វុនស៊ិនប៉ិច ទ្រង់មានបន្ទូលថា គណបក្សហ្វ៊ុនស៊ិនប៉ិច គ្រោងនឹងធ្វើសមាជនៅពាក់កណ្តាលខែមករា ឆ្នាំ២០២២ ខាងមុខនេះ។ មុននឹងធ្វើសមាជ ព្រះអង្គមានបន្ទូលអំពាវនាវដល់ព្រឹទ្ធាចារ្យគណបក្ស និងសហជីវិន សហជីវិនី ទាំងអស់រូបរួមគ្នា សាមគ្គីគ្នា ដើម្បីលើកកម្ពស់គណបក្សឡើងវិញ ខណៈបច្ចុប្បន្នគណបក្សនេះបានកំពុងធ្លាក់ប្រជាប្រិយភាព ដោយសារតែការការលាបពណ៌គ្នា និងច្រណែនឈ្នានីសគ្នាជាដើមនោះ។

រហូតមដល់ពេលនេះ គណបក្សហ៊្វុនស៊ិនប៉ិច ដែលធ្លាប់ជាគណបក្សធំមួយ ដែលធ្លាប់ទទួលបានអសនៈក្នុងរដ្ឋសភា និងចូលរួមដឹកនាំរដ្ឋាភិបាល បានបែកបាក់ជាបន្តបន្ទាប់ និងមិនមានអសនៈទៀតឡើយ នៅក្នុងរដ្ឋសភា នាពេលបច្ចុប្បន្ននេះ។

នៅក្នុងពិធីចុះសំណេះជាមួយសហជីវិន សហជីវិនី គណបក្សនៅទូទាំងរាជធានី-ខេត្ត កាលពីយប់ថ្ងៃទី៣០ ខែធ្នូ ឆ្នាំ២០២១ ម្សិលមិញ ព្រះអង្គម្ចាស់ នរោត្តម ចក្រាវុធ បានមានបន្ទូលថា បើស្រឡាញ់ហ្វ៊ុនស៊ិនប៉ិច និងចង់ឱ្យគណបក្សដែលជាកេរ្តិ៍មរតករបស់សម្តេចតា សម្តេចតាទួត ព្រះបរមរតនកោដ្ឋឱ្យមានភាពល្អប្រសើ ឡើងវិញនោះគប្បីបញ្ឈប់ការឈ្លោះគ្នា ញុះញង់ឱ្យមានការរើសអើងគ្នាទៅវិញទៅមក ខណៈវប្បធម៌បែប នេះបានកើតជាយូរណាស់មកហើយចំពោះគណបក្សមួយនេះ។

ព្រះអង្គម្ចាស់ នរោត្តម ចក្រាវុធ មានបន្ទូលយ៉ាងដូច្នេះថា៖ «មុនយើងធ្វើសមាជ ខ្ញុំចង់ឱ្យយើងជួបគ្នាសិន អ្នកខ្លះអត់មានជួបខ្ញុំយូរណាស់ហើយ ហើយខេត្តខ្លះ ខ្ញុំបានចុះទៅជួបហើយ ហើយថ្ងៃខ្ញុំនឹងបន្តចុះទៅជួបទៀត»

នាឱកាសនោះដែរ ព្រះអង្គម្ចាស់ បានមានបន្ទួលថា តាំងពីដើមមកព្រះអង្គតែងតែឃើញ និងឮចំពោះការមិនចុះសម្រុងគ្នារវាងថ្នាក់ដឹកនាំគណបក្សជាច្រើនលើកច្រើនសារមកហើយ ប៉ុន្តែទោះជាយ៉ាងណាក៏ដោយព្រះ អង្គបានរំពឹងថា សមាជិក-សមាជិកាទាំងអស់ នឹងចាប់ផ្តើមចាប់ដៃគ្នា សាមគ្នាឡើងវិញដើម្បីភាពរីកចំរើន របស់គណបក្ស និងឈានទៅការចូលរួមបោះឆ្នោតនាពេលខាងមុខនេះ។

ព្រះអង្គម្ចាស់ នរោត្តម ចក្រាវុធ ក៏មានការតាំងចិត្ត និងមានជំនឿជឿជាក់ក្នុងការ ដឹកនាំរបស់ព្រះអង្គចំពោះ គណបក្សហ្វ៊ុនស៊ិនប៉ិច ឱ្យមានភាពល្អប្រសើឡើងវិញផងដែរ ខណៈនាពេលបច្ចុប្បន្នគណបក្សនេះ គណបក្សនេះពុំមានសំឡេងនៅក្នុងរដ្ឋសភា ដូចពីអតីតកាលក៏ដោយនោះ។

បន្ថែមពីនេះ ព្រះអង្គម្ចាស់ ទ្រង់ក៏ណែនាំដល់សហជីវិន សហជីវិនី របស់ព្រះអង្គឱ្យមានការខិតខំធ្វើការបំរើប្រជារាស្រ្ត និងប្រទេសជាតិបន្ថែមទៀត ក្នុងការរួមចំណែកជាមួយរាជរដ្ឋាភិបាលក្នុងការអភិវឌ្ឍប្រទេសជាតិ ឱ្យកាន់តែមានការរីកចំរើនបន្ថែមទៀតនោះ។

ជុំវិញការធ្វើសមាជគណបក្សនេះ លោក ញឿន រ៉ាដែន អ្នកនាំពាក្យគណបក្សហ្វ៊ុនស៉ិនប៉ិច បានបញ្ជាក់ប្រាប់បណ្តាញព័ត៌មាន Fresh News នៅព្រឹកថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២១នេះថា «គណបក្សគ្រោងនឹងជ្រើសពាក់កណ្តាលខែមករា ឆ្នាំ២០២២ ខាងមុខនេះ ដើម្បីធ្វើសមាជគណបក្ស»។

គណបក្សហ៊្វុនស៊ិនប៉ិច ដែលធ្លាប់ជាគណបក្សធំមួយ ទទួលបានអសនៈក្នុងរដ្ឋសភា និងចូលរួមដឹកនាំរដ្ឋាភិបាល បានបែកបាក់ជាបន្តបន្ទាប់ និងមិនមានអសនៈទៀតឡើយ នៅក្នុងរដ្ឋសភា នាពេលបច្ចុប្បន្ននេះ៕