(ភ្នំពេញ)៖ គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត (គ.ជ.ប) បានឱ្យដឹងថា ប្រជាពលរដ្ឋមានឈ្មោះក្នុងបញ្ជីបោះឆ្នោតដំបូង ដែលត្រូវបិទផ្សាយមានចំនួន ៩,២០៥,៦៧៥នាក់ ក្នុងនោះស្រី មានចំនួន ៤,៩០៤,៨២៥នាក់ និងមានការិយាល័យបោះឆ្នោតសរុប ចំនួន ២៣,៦០២ការិយាល័យ។

ដោយឡែកប្រជាពលរដ្ឋដែលត្រូវលុបចេញពីបញ្ជីបោះឆ្នោត ដោយមូលហេតុផ្លាស់ចេញស្លាប់ ឈ្មោះស្ទួន និងការដកសិទ្ធិបោះឆ្នោត មានចំនួន ២២៤,៩៧០នាក់។ នេះបើតាមសេចក្តីប្រកាសព័ត៌មានស្តីពីលទ្ធផលនៃកិច្ចប្រជុំផ្សព្វផ្សាយជាមួយ ភាគីពាក់ព័ន្ធតាមប្រព័ន្ធវីដេអូអនឡាញ នៅព្រឹកថ្ងៃសុក្រទី៣១ ខែធ្នូ ឆ្នាំ២០២១។

កិច្ចប្រជុំនេះបានធ្វើឡើងក្រោមអធិបតីភាពលោក ហ៉ីង ធីឫទ្ធិ សមាជិក គ.ជ.ប ដើម្បីធ្វើការផ្សព្វផ្សាយអំពី ការបិទផ្សាយបញ្ជីបោះឆ្នោតដំបូង និងបញ្ជីឈ្មោះអ្នកដែលនឹងត្រូវលុបចេញពីបញ្ជីបោះឆ្នោត នៅសាលាឃុំ សង្កាត់ទូទាំងប្រទេស ការដាក់ ការទទួល និងការដោះស្រាយពាក្យបណ្តឹងតវ៉ា ឬ/និងពាក្យបណ្តឹងជំទាស់ទាក់ទង នឹងបញ្ជីបោះឆ្នោតដំបូង និងការអញ្ជើញប្រជាពលរដ្ឋឱ្យទៅមើលឈ្មោះក្នុងបញ្ជីបោះឆ្នោតដំបូង និងបញ្ជីឈ្មោះអ្នកដែលនឹងត្រូវលុបចេញពីបញ្ជីបោះឆ្នោត។

នៅក្នុងកិច្ចប្រជុំនោះ លោក ហ៉ីង ធីឫទ្ធិ បានឱ្យដឹងថា បញ្ជីបោះឆ្នោតដំបូង និងបញ្ជីឈ្មោះអ្នកដែលនឹងត្រូវលុបចេញពីបញ្ជី បោះឆ្នោត ឆ្នាំ២០២១ នឹងត្រូវធ្វើការបិទផ្សាយព្រមគ្នានៅសាលាឃុំ សង្កាត់ទូទាំងប្រទេស នៅថ្ងៃទី៣ ខែមករា ឆ្នាំ២០២២។ បញ្ជីទាំងពីរនេះ ត្រូវបិទនៅទន្ទឹមគ្នាលើទីតាំងតែមួយ ដើម្បីឱ្យអ្នកបោះឆ្នោត ងាយស្រួលក្នុងការពិនិត្យផ្ទៀងផ្ទាត់ឈ្មោះ និងទិន្នន័យរបស់ខ្លួន។

នាឱកាសនោះដែរ លោកបន្ថែមទៀតថា ជនណាក៏ដោយមានសិទ្ធិប្ដឹងតវ៉ា ឬ/និងប្ដឹងជំទាស់ជាលាយលក្ខណ៍អក្សរ តាមទម្រង់១២០២ ទាក់ទងនឹងបញ្ជីបោះឆ្នោតដំបូង និងបញ្ជីឈ្មោះអ្នកដែលនឹងត្រូវលុបចេញពីបញ្ជីបោះឆ្នោតទៅក្រុមប្រឹក្សាឃុំ សង្កាត់ ក្នុងរយៈពេល១០ថ្ងៃយ៉ាងយូរបន្ទាប់ពីថ្ងៃបិទផ្សាយ។ បញ្ជីបោះឆ្នោតដំបូង និងបញ្ជីឈ្មោះអ្នកដែលនឹងត្រូវលុបចេញពីបញ្ជីបោះឆ្នោត នឹងត្រូវបង្ហោះផងដែរនៅលើគេហទំព័រ គ.ជ.ប។

ក្នុងកិច្ចប្រជុំនោះ គ.ជ.ប បានបំភ្លឺទៅនឹងសំណួររបស់ភាគីពាក់ព័ន្ធអំពីកម្មវិធី App (NEC) ដែលបានបង្ហោះបញ្ជីបោះឆ្នោតដំបូងនៅលើទូរស័ព្ទស្មាតហ្វូនថា បញ្ជីបោះឆ្នោតដែលបង្ហោះនៅលើទូរស័ព្ទនោះ គឺជាមធ្យោបាយផ្សព្វផ្សាយមួយផ្សេងទៀតសម្រាប់ភាពងាយស្រួលដល់អ្នកមើល ឈ្មោះក្នុងបញ្ជីបោះឆ្នោត ហើយមានខ្លឹមសារនិងទិន្នន័យដូចគ្នាទៅនឹងបញ្ជីបោះឆ្នោតដំបូង ដែល បានបិទផ្សាយនៅតាមសាលាឃុំ សង្កាត់ ឬនៅតាមទីប្រជុំជនក្នុងឃុំ សង្កាត់ ដោយស្រង់យកតែទិន្នន័យបុគ្គលនៅក្នុងបញ្ជីបោះឆ្នោតមកបង្ហាញជូនអំពី លំដាប់លេខរៀង ឈ្មោះ ភេទ ថ្ងៃខែឆ្នាំកំណើត និងទីតាំងការិយាល័យបោះឆ្នោត។

លោក ហ៉ីង ធីឫទ្ធិ បានអំពាវនាវឱ្យបងប្អូនប្រជា-ពលរដ្ឋដែលបានចុះឈ្មោះបោះឆ្នោតរួចហើយ សូមទៅពិនិត្យផ្ទៀងផ្ទាត់ឈ្មោះ និងទិន្នន័យរបស់ខ្លួនក្នុងបញ្ជីបោះឆ្នោតដំបូង និងបញ្ជីឈ្មោះអ្នកដែលត្រូវលុបចេញពីបញ្ជីបោះឆ្នោត ដែលបានបិទផ្សាយនៅតាមឃុំ សង្កាត់ ឬតាមគេហទំព័ររបស់ គ.ជ.ប (voterlist.nec.gov.kh) និង App (NEC KH)។

ភាគីពាក់ព័ន្ធដែលបានចូលរួមកិច្ចប្រជុំតាមប្រព័ន្ធវីដេអូអនឡាញ មានតំណាងក្រុមប្រឹក្សាធម្មនុញ្ញ ព្រឹទ្ធសភា រដ្ឋសភា ក្រសួងមហាផ្ទៃ ក្រសួងព័ត៌មាន អគ្គស្នងការដ្ឋាននគរបាលជាតិ ជំនាញការ JICA តំណាងគណបក្សនយោបាយ អង្គការមិនមែនរដ្ឋាភិបាល អង្គភាពសារព័ត៌មាន និងមន្រ្តី គ.ជ.ប សរុបមានចំនួនប្រមាណ ៦៦នាក់៕