(កំពត)៖ ដោយទទួលបានការអនុញ្ញាតពីប្រមុខរាជរដ្ឋាភិបាល រមណីយដ្ឋានទេសចរណ៍ធម្មជាតិកោះតាដា ស្ថិតក្នុងស្រុកទឹកឈូ ខេត្តកំពត ដែលមានចម្ងាយប្រមាណ១៧គីឡូម៉ែត្រ ពីខេត្តទីរួមខេត្ត បាននិងកំពុងផ្លាស់ប្តូរមុខមាត់ ជាបន្តបន្ទាប់ទៅតាមដំណាក់កាល នៃការអភិវឌ្ឍក្រោមកិច្ចខិតខំប្រឹងប្រែងដោយឆន្ទៈខ្ពស់បំផុតរបស់លោកបណ្ឌិត ញឹម វណ្ណដា ទីប្រឹក្សារាជរដ្ឋាភិបាលកម្ពុជា ដែលចង់ប្រែក្លាយតំបន់ព្រៃភ្នំមួយនេះ ឱ្យក្លាយជាកន្លែងទាក់ទាញភ្ញៀវ ទេសចរជាតិ-អន្តរជាតិ មកកម្សាន្តសប្បាយ និងមានអារម្មណ៍ថា ចង់មកកម្សាន្តម្តងហើយម្តងទៀត។

ការលើកឡើងរបស់លោកបណ្ឌិត ញឹម វណ្ណដា នាឱកាស នៃពិធីសម្ពោធស្ពានដែកបេឡេឡើងទៅកាន់ទឹកធ្លាក់តាដាសច្ចំ ដែលជាសមិទ្ធផលថ្មីមួយបន្ថែមទៀតនៅរមណីយដ្ឋានទេសចរណ៍ធម្មជាតិកោះតាដា កាលពីព្រឹកថ្ងៃទី៣០ ខែធ្នូ ឆ្នាំ២០២១។ ក្នុងពិធីនេះ មានការចូលរួមពីអាជ្ញាធរដែនដី ប្រជាពលរដ្ឋ និងបងប្អូនអាជីវករ។

លោកបណ្ឌិត ញឹម វណ្ណដា បានលើកឡើងថា ការអភិវឌ្ឍនៅតំបន់នេះ គឺពុំមានអ្វីជាការប្រែប្រួលទេ មានន័យថា លោកនឹងពុះពារគ្រប់បែបយ៉ាង ដើម្បីប្រែក្លាយតំបន់ព្រៃភ្នំដែលមានទេសភាពបៃតងខៀវស្រងាត់ និងមានទឹកធ្លាក់ ពីលើភ្នំផងនោះ ឱ្យក្លាយទៅជាតំបន់ទេសចរណ៍ដ៏មានប្រជាប្រិយភាពមួយ សម្រាប់ទឹកដីខេត្តកំពតសមតាមការផ្តល់ទំនុកចិត្តពីរាជរដ្ឋាភិបាលមកលើរូបឯកឧត្តម។

បន្ថែមពីនេះ លោកបណ្ឌិត ញឹម វណ្ណដា បានបន្តថា នៅទីនេះភ្ញៀវទេសចរជាតិ អន្តរជាតិ ក្រៅពីការគយគន់ ការថតផ្តិតយករូបភាពពីព្រៃភ្នំដ៏ស្រស់បំព្រង ការស្រូបយកខ្យល់អាកាសដ៏បរិសុទ្ធ ការហែលទឹកលេង នៅក្នុងអាងការងូតទឹកជ្រោះដែលហូរធ្លាក់មកពីលើកំពូលភ្នំដ៏សែនត្រជាក់ហើយនោះ ពួកគេក៏អាចទទួលទានអាហារ មានបាយ ទឹក នំចំណី ផ្លែឈើ ដែលលក់ជូនដោយក្រុមអាជីវករនៅក្នុងតម្លៃដ៏សមស្របមួយ ដែលត្រូវបានកំណត់ដោយគណៈគ្រប់គ្រងរមណីយដ្ឋាន។

លោកបណ្ឌិត បានគូសបញ្ជាក់ថា នៅទីនេះ បដិសណ្ឋារកិច្ចល្អ អនាម័យល្អ បរិស្ថានល្អ សន្តិសុខល្អ និងតម្លៃសមរម្យ វាគឺជាភាពចាំបាច់ និងជាការប្រកាន់យកដោយរមណីយដ្ឋានទេសចរណ៍ធម្មជាតិកោះតាដា ក្នុងគោលបំណងតែមួយគត់នោះ គឺចង់ឱ្យភ្ញៀវដែលធ្លាប់មកទីនេះម្តងហើយ គាត់ចង់មកម្តងទៀត ឬក៏គាត់ អាចណែនាំឱ្យអ្នកផ្សេងទៀតអញ្ជើញមកកម្សាន្តនៅទីនេះបានម្តងឬពីរដូចជាពួកគាត់ដែរ។ ដូច្នេះអាជីវករមិនត្រូវលក់កោរភ្ញៀវ ហើយបុគ្គលិកដែលបំរើការនៅទីនេះ ត្រូវតែធ្វើឱ្យមានបរិស្ថានល្អ និងមានសន្តិសុខ សុវត្ថិភាពល្អ សម្រាប់ភ្ញៀវជាចាំបាច់ដោយខានមិនបាន។

ឆ្លៀតក្នុងឱកាសនេះ លោកបណ្ឌិត ញឹម វណ្ណដា បានគូសបញ្ជាក់ទៅកាន់អ្នកចូលរួមថា «យើងអាចអភិវឌ្ឍជាតិបាននឹងយើងអាចអភិវឌ្ឍនៅទីនេះបាន គឺអាស្រ័យដោយប្រទេជាតិមានសុខសន្តិភាព ពេញផ្ទៃប្រទេសក្រោមនយបាយឈ្នះឈ្នះរបស់សម្តេចតេជោនាយករដ្ឋមន្ត្រី ដែលបានដាក់ចេញ និងបានបញ្ចប់សង្គ្រាម គ្មានតំបន់ត្រួតត្រាច្រើនផ្សេងគ្នា នាំមកនូវសន្តិភាពពេញលេញកាលពីឆ្នាំ១៩៩៨ ធ្វើឱ្យខ្មែរមានការប្រែមុខមាត់ថ្មីដូចពេលបច្ចុប្បន្ននេះ»។

សូមជម្រាបជូនថា ចាប់តាំងពីទទួលបានសិទ្ធិក្នុងការអភិវឌ្ឍតំបន់រមណីយដ្ឋានទេសចរណ៍ធម្មជាតិកោះតាដា មកទល់នឹងពេលនេះ លោកបណ្ឌិត ញឹម វណ្ណដា បានចំណាយថវិកាជាង ២លានដុល្លារអាមេរិកហើយ ដើម្បីប្រែក្លាយរមណីយដ្ឋានមួយនេះឱ្យមានភាពទាក់ទាញសម្រាប់ភ្ញៀវទេសចរជិតឆ្ងាយឱ្យមកកម្សាន្តសប្បាយ ដោយក្នុងនោះមានហេដ្ឋារចនាសម្ព័ន្ធនានាជាច្រើនត្រូវបានស្ថាបនា ឡើងរួមមានផ្លូវលំក្រាលគ្រួសក្រហម ផ្លូវបេតុង ស្ពានដែក ស្អានបេតុង លូបង្ហូរទឹក ទំនប់ទ្វារទឹក អាង លោតទឹក និងហែលទឹក រូបសំណាកមនុស្ស សត្វ សូនសត្វ ការដាំដើមឈើហូបផ្លែ ដើមឈើ ដើមផ្កា សម្រាប់លម្អ តូបលក់ដូរ និងទទួលទានចំណីអាហារ បន្ទប់ទឹកជាដើម។ល។

«ហើយកិច្ចការនេះនឹងនៅ តែបន្តធ្វើទៅមុខទៀត»។ នេះបើតាមការបញ្ជាក់របស់លោកបណ្ឌិត ញឹម វណ្ណដា៕