(ភ្នំពេញ)៖ លោក ណី សំអុល និស្សិតដែលបានទទួលការអប់រំនៅចក្រភពអង់គ្លេស និងទទួលបានសញ្ញាបត្រទាំងអនុបណ្ឌិត និងបណ្ឌិតផ្នែកច្បាប់អន្តរជាតិសារធារណៈ នៅថ្ងៃទី៣០ ខែធ្នូ ឆ្នាំ២០២១ បានចេញមុខមកការពាររឿងសញ្ញាបត្ររបស់លោក ហ៊ុន ម៉ាណែត កូនប្រុសច្បងសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា និងបានបដិសេធចំពោះការលើកឡើងរបស់លោក សម រង្ស៉ី ថា សញ្ញាបត្ររបស់លោក ហ៊ុន ម៉ាណែត ជាសញ្ញាបត្រកម្រិត២។

តាមរយៈសារមួយផ្ញើមកកាន់ Fresh News អតីតតំណាងអចិន្ត្រយ៍កម្ពុជាប្រចាំអង្គការសហប្រជាជាតិនៅទីក្រុងហ្សឺណែវ និងជាឯកអគ្គរាជទូតកម្ពុជាប្រចាំប្រទេសស្វីស ហើយបញ្ចុប្បន្នជាអគ្គនាយកនៃអគ្គនាយកដ្នានអឺរ៉ុប អាមេរិក អាហ្រ្វិក មជ្ឈឹមបូព៌ា នៃក្រសួងការបរទេស និងសហប្រតិបត្តិការអន្តជាតិ បានទាត់ចោលចំពោះការលើកឡើងទាំងងងើលរបស់លោក សម រង្ស៉ី។

លោក ណី សំអុល បានចេញមុខការពារការបញ្ជាក់របស់ លោក ហ៊ុន ម៉ាណែត ដោយលើកឡើងយ៉ាងដូច្នេះថា៖ «ក្នុងនាមជាអ្នកធ្លាប់រៀននៅចក្រភពអង់គ្លេស និងទទួលបានសញ្ញាបត្រ ទាំងអនុបណ្ឌិត និង បណ្ឌិតផ្នែកច្បាប់អន្តរជាតិសារធារណៈពីទីនោះ ខ្ញុំសូមបដិសេធទាំងស្រុង ចំពោះការណ៍ដែលបុគ្គល សម រង្សី បានលើកឡើងថា នៅអង់គ្លេសមានសញ្ញាបត្រពីប្រភេទ មួយគឺសញ្ញាបត្រយោគយល់ដែលជូនដល់សិស្សបរទេស និងមួយទៀតគឺសម្រាប់ជនជាតិអង់គ្លេស»

«ជាការពិតកូនសិស្សទាំងអស់ត្រូវឆ្លងកាត់ការរៀនសូត្រ និងបំពេញគ្រប់លក្ខណទាំងអស់ ដែលសាលាតម្រូវ ទើបអាចទទួលបានសញ្ញាបត្រ ហើយសញ្ញាបត្រទាំងអស់គឺដូចគ្នា មិនមានការបែងចែកសម្រាប់សិស្សបរទេស ឬសិស្សក្នុងស្រុកទេ»។ នេះជាការបញ្ជាក់របស់មន្ត្រីក្រសួងការបរទេស។

សូមជម្រាបថា នៅឆ្នាំ១៩៩៥ ដល់ឆ្នាំ១៩៩៩ លោក ហ៊ុន ម៉ាណែត បានសិក្សានៅសាលាបណ្ឌិតយោធា នៅទីក្រុង West Point សហរដ្ឋអាមេរិក ដោយទទួលបានសញ្ញាបត្រនៅថ្ងៃទី២៩ ខែឧសភា ឆ្នាំ១៩៩៩។ លោក ហ៊ុន ម៉ាណែត ជាជនជាតិកម្ពុជាដំបូងគេ ដែលបានចូលរៀននៅសាលា West Point ដ៏ល្បីមួយនេះ។

នៅឆ្នាំ២០០២ លោក ហ៊ុន ម៉ាណែត ទទួលបានសញ្ញាបត្រថ្នាក់អនុបណ្ឌិតសេដ្ឋកិច្ច នៅសាកលវិទ្យាល័យ New York សហរដ្ឋអាមេរិក និងនៅឆ្នាំ២០០៨ ទទួលបានសញ្ញាបត្រថ្នាក់បណ្ឌិតសេដ្ឋកិច្ច នៅសាកលវិទ្យាល័យ Bristol នៃចក្រភពអង់គ្លេស។

កាលពីព្រឹកថ្ងៃទី២៨ ខែធ្នូ ឆ្នាំ២០២១ លោក ហ៊ុន ម៉ាណែត បានចេញសារពិសេសមួយជាថ្មីម្តងទៀតផ្ញើជូន លោក សម រង្ស៉ី អ្នកនយោបាយចាស់វស្សា ដើម្បីឱ្យបញ្ជាក់ភស្តុតាង និងបបួលភ្នាល់ជុំវិញការព្យាយាមបង្ខូចកិត្តិយសសញ្ញាបត្រសាលាបណ្ឌិតសភាយោធាអាមេរិក។

រហូតដល់រសៀលថ្ងៃទី៣០ ខែធ្នូ ឆ្នាំ២០២១ លោក សម រង្ស៉ី មេក្រុមប្រឆាំងក្រៅច្បាប់ នៅតែមិនទាន់បង្ហាញប្រតិកម្មណាមួយចំពោះការបបួលភ្នាល់របស់លោក ហ៊ុន ម៉ាណែត នោះឡើយ៕