(ភ្នំពេញ)៖ ឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្ត្រីការបរទេស និងសហប្រតិបត្តិការអន្តរជាតិ បានរៀបចំសន្និសីទកាសែតមួយ ដើម្បីផ្តល់ព័ត៌មានស្តីពីអាទិភាពកម្ពុជា ក្នុងនាមជាប្រធានអាស៊ាន ឆ្នាំ២០២២ ក្រោមមូលបទ «អាស៊ានរួមគ្នាធ្វើ៖ ដោះស្រាយបញ្ហាប្រឈមទាំងអស់គ្នា» នៅទីស្តីការក្រសួងការបរទេស។

កម្មវិធីនេះធ្វើឡើងកាលពីថ្ងៃទី២៩ ខែធ្នូ ដោយមានការចូលរួមពីសំណាក់ លោក ប៉ាន សូរស័ក្តិ រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្ម និងជាតំណាងជាតិសម្រាប់ក្រុមប្រឹក្សាសហគមន៍សេដ្ឋកិច្ចអាស៊ាន និង លោកបណ្ឌិត ឌី ខាំបូលី តំណាងរបស់ លោកបណ្ឌិតសភាចារ្យ ហង់ជួន ណារ៉ុន រដ្ឋមន្ត្រីក្រសួងអប់រំ យុវជន និងកីឡា និងជាតំណាងជាតិសម្រាប់ក្រុមប្រឹក្សាសហគមន៍សង្គម-វប្បធម៌អាស៊ាន។ កម្មវិធីផ្តល់ព័ត៌មានខាងលើ ត្រូវបានចូលរួមដោយអង្គទូត ប្រចាំកម្ពុជា ដែលមាននិវេសនដ្ឋានទាំងនៅក្នុង និងក្រៅប្រទេស និងអ្នកសារព័ត៌មាននៅក្នុងប្រទេស ហើយដែលនៅចុងបញ្ចប់កម្មវិធី គឺកម្មវធីសំណួរ-ចម្លើយ ដោយអង្គទូត និងអ្នកសារព័ត៌មាន។

លោកឧបនាយករដ្ឋមន្ត្រី បានគូសបញ្ជាក់ថា មូលបទ «អាស៊ានរួមគ្នាធ្វើ៖ ដោះស្រាយបញ្ហាប្រឈមទាំងអស់គ្នា» បង្ហាញពីការខិតខំប្រឹងប្រែង លើកកម្ពស់ស្មារតីអាស៊ានជាគ្រួសាររួបរួមគ្នាតែមួយ ដែលមានសមាជិកដប់ប្រទេសប្រកបដោយស្មារតីរឹងមាំ «ទាំងអស់រួមគ្នា» ក្នុងការធ្វើសកម្មភាពរួមគ្នា ដើម្បីសម្រេចឱ្យបាននូវគោលដៅរួមគ្នា ដើម្បីរួមចំណែកប្រកបដោយការស្ថាបនាបន្ថែមទៀតដល់ការថែរក្សា និងការលើកកម្ពស់សន្តិភាព ស្ថិរភាព និងការអភិវឌ្ឍប្រកបដោយចីរភាពនៅក្នុងតំបន់ និងសកលលោក។

លោកឧបនាយករដ្ឋមន្ត្រី ក៏បានគូសបញ្ជាក់ផងដែរអំពីចង្កោមចំនួនបួននៃបញ្ហាប្រឈម ដែលមានផលប៉ះពាល់ជាយុទ្ធសាស្ត្រមិនត្រឹមតែនៅក្នុងអាស៊ាន រួមមាន តម្រូវការចាំបាច់បន្ទាន់ដើម្បីសម្រេចបាននូវការស្តារសេដ្ឋកិច្ចឡើងវិញយ៉ាងឆាប់រហ័សពីផលប៉ះពាល់នៃជំងឺរាតត្បាតកូវីដ-១៩ សម្ពាធដ៏ធ្ងន់ធ្ងរដែលកើតចេញពីការប្រកួតប្រជែងភូមិសាស្ត្រនយោបាយ បញ្ហាប្រឈមផ្នែកសន្តិសុខ ទាំងជាប្រពៃណី និងមិនមែនជាប្រពៃណីដែលមានស្រាប់ និងបញ្ហាប្រឈមផ្ទៃក្នុង និងនៅក្នុងស្ថាប័ន របស់អាស៊ាន។

លោកឧបនាយករដ្ឋមន្ត្រី បានសង្កត់ធ្ងន់ថា អាទិភាពនានារបស់អាស៊ាន នៅឆ្នាំ២០២២ ត្រូវបានកំណត់ដើម្បីដោះស្រាយបញ្ហាប្រឈមទាំងនេះ។ នៅក្នុងន័យនេះ លោកឧបនាយករដ្ឋមន្ត្រី បានគូសបញ្ជាក់ពីអាទិភាពសំខាន់ៗ ក្រោមសសរស្តម្ភសហគមន៍សន្តិសុខ-នយោបាយអាស៊ាន សម្រាប់អាស៊ាន សម្រាប់ឆ្នាំ២០២២ ដែលរួមមាន ការថែរក្សា និងពង្រឹងមជ្ឈភាពអាស៊ាន សម្រាប់សន្តិភាព និងវិបុលភាព ការលើកកម្ពស់ការចូលរួមចំណែកតំបន់ចំពោះសន្តិភាពពិភពលោក និងបង្កើនសន្ទុះ និងពង្រីកភាពជាដៃគូជាមួយដៃគូខាងក្រៅ។ លោកឧបនាយករដ្ឋមន្ត្រី បានលើកឡើងបន្ថែមទៀតថា ការយកចិត្តទុកដាក់ជាបន្ទាន់នេះ គឺដើម្បីបន្ធូរបន្ថយស្ថានការណ៍នៅក្នុងប្រទេសមីយ៉ាន់ម៉ា ដោយផ្អែកលើការព្រមព្រៀងជាឯកច្ឆន្ទ ៥ចំណុចរបស់អាស៊ាន ដែលត្រូវបានឯកភាពនៅក្នុងកិច្ចប្រជុំថ្នាក់ដឹកនាំអាស៊ាន ក្នុងខែមេសា ឆ្នាំ២០២១ និងគោលការណ៍តម្រង់ទិសនៃធម្មនុញ្ញអាស៊ាន។

កម្ពុជា ក៏មានបំណងបញ្ចប់ដំណើរការនៃការទទួលយកប្រទេសទីម័រឡេស្តេ ចូលជាសមាជិកគ្រួសារ អាស៊ានផងដែរ។ លោកឧបនាយករដ្ឋមន្រ្តី ក៏បានប្រកាសអំពីផែនការរៀបចំព្រឹត្តិការណ៍អមធំៗចំនួនពីរ រួមមាន កិច្ចសន្ទនាជាសកលរបស់អាស៊ាន ស្តីពីការស្តារឡើងវិញគ្រប់ជ្រុងជ្រោយក្រោយវិបត្តិជំងឺកូវីដ-១៩ និងកិច្ចប្រជុំកំពូលថ្នាក់ដឹកនាំស្រ្ដីអាស៊ានលើកទី២ ស្តីពីសហគ្រិនភាព។

អាទិភាពសំខាន់ៗមួយចំនួនក្រោមសរសរស្តម្ភសេដ្ឋកិច្ច និងសង្គម-វប្បធម៌ ដែលត្រូវបានគូសបញ្ជាក់នៅក្នុងកម្មវិធីការផ្តល់ព័ត៌មាន មានដូចជា ការធានាបាននូវការអនុវត្តប្រកបដោយជោគជ័យ នូវគំនិតផ្តួចផ្តើមនានាសម្រាប់ការឆ្លើយតបទៅនឹងជំងឺកូវីដ-១៩ ការដាក់ឱ្យអនុវត្តភាពជាដៃគូសេដ្ឋកិច្ច គ្រប់ជ្រុងជ្រោយក្នុងតំបន់ និងជំរុញកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីដែលមានស្រាប់ លើកកម្ពស់សេដ្ឋកិច្ចឌីជីថល ការពង្រឹងសមត្ថភាពសហគ្រាសខ្នាតមីក្រូ តូច និងមធ្យម និងការលើកកម្ពស់សហគ្រិនភាពក្នុងចំណោមស្ត្រី ជំរុញការតភ្ជាប់ឌីជីថល និងកិច្ចសហប្រតិបត្តិការនៅក្នុងវិស័យ វិទ្យាសាស្រ្ត និងបច្ចេកវិទ្យា ពង្រឹងការការពារសុខភាព សុខុមាលភាព និងសង្គមរបស់ប្រជាជនអាស៊ាន៕

ខាងក្រោមនេះជាសេចក្តីប្រកាសរបស់ក្រសួងការបរទេស៖