(ពោធិ៍សាត់)៖ កម្លាំងនគរបាលខេត្តពោធិ៍សាត់ រយៈពេល២ថ្ងៃ នៅថ្ងៃទី២១ និងថ្ងៃទី២២ ខែមេសា ឆ្នាំ២០១៦ ឃាត់ខ្លួនជនជួញដូរ និងប្រើប្រាស់គ្រឿងញៀនចំនួន៥នាក់ លើបទល្មើស២ករណី ដោយដកហូតថ្នាំញៀន និងសម្ភារមួយចំនួនផងដែរ។

សមត្ថកិច្ចបានឲ្យដឹងថា នៅថ្ងៃទី២១ ខែមេសា ឆ្នាំ២០១៦ កម្លាំងនគរបាលស្រុកវាលវែង បានចុះទៅព័ទ្ធចាប់អ្នកជួញដូរ និងប្រើប្រាស់គ្រឿងញៀនចំនួន៣នាក់ រួមនឹងវត្ថុតាងមួយចំនួន នៅចំណុចភូមិប្រម៉ោយ ឃុំប្រម៉ោយ ស្រុកវាលវែងខេត្តពោធិ៍សាត់ ហើយឈានទៅដល់ការឃាត់ខ្លួន មេខ្លោងបាន២នាក់បន្ថែមៀត។

បើតាមលោក ធាង ឡេង អធិការនគរបាលស្រុកវាលវែង បានឲ្យដឹងថា ក្នុងប្រតិបត្តិការបង្ក្រាបនេះ បានធ្វើការឃាត់ខ្លួនជនសង្ស័យចំនួន ៣នាក់ គឺ ទី១ឈ្មោះ ឡេង សុខលាភ ភេទប្រុស អាយុ ២៥ឆ្នាំ រស់នៅភូមិពាលញែក២ សង្កាត់ផ្ទះព្រៃ ក្រុងពោធិ៍សាត់ ទី២ឈ្មោះ ស៊ុន ភក្តី ភេទប្រុស អាយុ ៣៣ឆ្នាំ រស់នៅភូមិចំការជ្រៃខាងត្បូង ឃុំអន្លង់រាប ស្រុកវាលវែង និង ទី៣ឈ្មោះ រ័ត្ន ខេមរា ភេទប្រុស អាយុ ៣១ឆ្នាំ រស់នៅភូមិប្រម៉ោយ ឃុំប្រម៉ោង ស្រុកវាលវែង ព្រមទាំងវត្ថុតាងរួមមាន ម្សៅក្រាមព័ណ៌សថ្លា ០១ថង់ជញ្ជីញសម្រាប់ថ្លឹងគ្រឿងញៀន ០១ ថង់ផ្លាស្ទិច ០៦ដុំ រថយន្ត ០១គ្រឿង ម៉ូតូ០១គ្រឿង។

ចំនែកលោក ឈន រិទ្ធ អធិការនគរបាលក្រុងពោធិ៍សាត់ បានប្រាប់ភ្នាក់ងារ Fresh News ឲ្យដឹងព្រឹកថ្ងៃទី២នេះ៣ថាជនសង្ស័យទាំង ៣នាក់ ដែលកម្លាំងនគរបាលស្រុកវាលវែង ធ្វើការឃាត់ខ្លួន បានឆ្លើយសារភាពថាពួកខ្លួនបានយក គ្រឿងញៀនទាំងនេះ ពីឈ្មោះ អ៊ុន សិរីវត្ថិ ភេទប្រុស អាយុ ៣៥ឆ្នាំ រស់នៅភូមិពាលញែក២ សង្កាត់ផ្ទះព្រៃ ក្រុងពោធិ៍សាត់ មកចែកចាយបន្តនៅស្រុកវាលវែងពិតមែន។

លោកបានបន្តថា នាវេលាម៉ោង ៣ និង ៤៥នាទីរសៀល ថ្ងៃទី ២២ ខែ មេសា ឆ្នាំ ២០១៦កន្លងទៅនេះ កម្លាំងចម្រុះរួមមាន កម្លាំងនគរបាលក្រុងពោធិ៍សាត់ កម្លាំងកណ្តាលប្រឆាំងបទល្មើស កម្លាំងវរៈអន្តរាគមន៍ខេត្ត កម្លាំងប៉ុស្តិ៍ អាជ្ញាធរភូមិសង្កាត់ ក្រោមការសម្របសម្រួលពីលោក ឡុង ជាប ព្រះរាជអាជ្ញារង អមសាលាដំបូងខេត្ត បានចុះឃាត់ខ្លួនជនសង្ស័យចំនួន ២នាក់ទៀត ដែលមានការពាក់ព័ន្ធទៅនឹងករណីជួញដូរ និង ប្រើប្រាស់គ្រឿងញៀន គឺ ទី១-ឈ្មោះ អ៊ុន សិរីវត្ថិ ភេទប្រុស អាយុ ៣៥ឆ្នាំ រស់នៅភូមិពាលញែក២ សង្កាត់ផ្ទះព្រៃ ក្រុងពោធិ៍សាត់ និង ទី២-ឈ្មោះ អ៊ួន សុភក្រ័ ភេទប្រុស អាយុ ៣០ឆ្នាំ រស់នៅភូមិស្ពានថ្ម សង្កាត់រលាប ក្រុងពោធិ៍សាត់។

បច្ចុប្បន្នជនសង្ស័យទាំង ៥នាក់រួមជាមួយវត្ថតាង កំពុងកសាងសំណុំរឿងបញ្ជូនទៅសាលាដំបូង ចាត់ការតាមនីតិវិធី៕