(បន្ទាយមានជ័យ)៖ កម្លាំងសមត្ថកិច្ចចំរុះ របស់ខេត្តបន្ទាយមានជ័យ រួមមាន សាខាកាំកុងត្រូល ស្នាក់ការច្រកព្រំដែនម៉ាឡៃ នគរបាលប៉ុស្តិ៍ម៉ាឡៃ នគរបាលប្រឆាំងបទល្មើសេដ្ឋកិច្ចខេត្ត នគរបាលប្រឆាំងបទល្មើសសេដ្ឋកិច្ច ក្រសួងមហាផ្ទៃ មន្រ្តីពាណិជ្ជកម្មខេត្ត និងអាវុធហត្ថស្រុកម៉ាឡៃ នៅព្រឹកថ្ងៃទី២៣ ខែមេសា ឆ្នាំ២០១៦នេះ បានចុះត្រួតពិនិត្យ ទំនិញដែលដាក់តាំងលក់នៅ ក្នុងផ្សារម៉ាឡៃ ដើម្បីរកឲ្យឃើញតើទំនិញណាខ្លះខូចគុណភាព។

លោក ហុង លៀង អនុប្រធានទី១ទទួលបន្ទុក ស្ថិតិទីផ្សារទូទាំងខេត្តបន្ទាយមានជ័យ ដែលដឹកនាំកម្លាំងចុះធ្វើការងារនេះ បានថ្លែងប្រាប់ Fresh News ថា ដោយសារមានការណែនាំជាប្រចាំរបស់លោក ស៊ាន ស៊ីណាត ប្រធានសាខាកាំកុងត្រូលខេត្តបន្ទាយមានជ័យមកនោះ នៅថ្ងៃនេះ លោកនិងកម្លាំងសមត្ថកិច្ចពាក់ព័ន្ធបន្តចុះត្រួតពិនិត្យ ដែលដាក់តាំងលក់ នៅក្នុងផ្សារម៉ាឡៃ រហូតធ្វើការរឹបអូសទំនិញមួយចំនួនផងដែរ។

បើតាមលោក ហុង លៀង ក្រោយធ្វើការត្រួតពិនិត្យរួចមកកម្លាំងសមត្ថកិច្ច បានធ្វើការដកហូតមុខទំនិញមួយចំនួនរួមមាន ត្រីខ១២៤កំប៉ុង ស្មើនឹង២៥kg ទឹកខ្មេះ៣០ដប ស្មើនឹង១៥លីត្រ សសៃគុយទាវ៥ថង់ ស្មើនឹង៥kg និងចាហ៊ួយកែវ៧យួរ ស្មើនឹង៧kg ទឹកត្រី៨ដប ស្មើនឹង៧លីត្រ ទឹកសៀង១០ដប ស្មើនឹង៥kg កំទេចមី ស្មើនឹង៥kg។ លោក ហុង លៀង ជាថ្មីម្តងទៀត បានអំពាវនាវដល់ក្រុមអាជីវករ និងប្រជាពលរដ្ឋទាំងឡាយដែលរកស៊ីលក់ទំនិញ ផ្សេងៗ ត្រូវចូលរួមពង្រឹងនូវគុណភាពឲ្យបានខ្លាំង ដើម្បីទប់ស្កាត់ការប៉ះពាល់ដល់សុខភាព របស់ប្រជាពលរដ្ឋខ្មែរទូទៅ៕