(ភ្នំពេញ)៖ ធនាគារជាតិនៃកម្ពុជា បានចេញសារាចរណែនាំស្តីពីការអនុវត្តចំពោះមូលបត្ររដ្ឋដែលកាន់កាប់ដោយគ្រឹះស្ថានធនាគារ និងហិរញ្ញវត្ថុ។ នេះបើតាមសារាចរដែលបណ្តាញព័ត៌មាន Fresh News ទទួលបាននៅថ្ងៃទី៣០ ខែធ្នូនេះ។

ក្នុងគោលបំណងរួមចំណែក ក្នុងការអភិវឌ្ឍមូលបត្ររដ្ឋ សំដៅអភិវឌ្ឍទីផ្សារហិរញ្ញវត្ថុ ជំរុញការធ្វើពិពិធកម្ម ការកៀរគរប្រភពទុនក្នុងស្រុក និងពង្រឹងការអនុវត្តគោលនយោបាយរូបិយវត្ថុ ធនាគារជាតិនៃកម្ពុជា សូមណែនាំការអនុវត្ត ចំពោះមូលបត្ររដ្ឋដែលកាន់កាប់ដោយគ្រឹះស្ថានធនាគារ និងហិរញ្ញវត្ថុដូចខាងក្រោម៖

១៖ ទទួលស្គាល់ការថ្លឹងហានិភ័យ០% (សូន្យភាគរយ)ចំពោះមូលបត្ររដ្ឋដែលចារឹកជា។ រូបិយវត្ថុជាតិ ឬជារូបិយបណ្ណ ក្នុងការគណនាអនុបាតសាធនភាព។

២៖ ទទួលស្គាល់ជាទ្រព្យសកម្មសន្ទនីយដែលមានគុណភាពខ្ពស់ ចំពោះមូលបត្ររដ្ឋដែលចារឹក ជារូបិយវត្ថុជាតិ ឬ ជារូបិយបណ្ណ នៅក្នុងការគណនាអនុបាតក្របខ័ណ្ឌសន្ទនីយភាព។

សារាចរណែនាំនេះមានប្រសិទ្ធភាពអនុវត្តចាប់ពីថ្ងៃចុះហត្ថលេខានេះតទៅ៕