(ភ្នំពេញ)៖ នៅរសៀលថ្ងៃព្រហស្បត្តិ៍ ទី៣០ ខែធ្នូ ឆ្នាំ២០២១នេះ លោកឧត្តមសេនីយ៍ឯក គឹម រស្មី អគ្គលេខាធិការរង ក្រសួងការពារជាតិ ទទួលបន្ទុកមជ្ឈមណ្ឌលបណ្តុះបណ្តាលការងាររដ្ឋបាល នៃកងយោធពលខេមរភូមិន្ទ បានដឹកនាំសិក្ខាកាមយោធាប្រមាណ ២៤០នាក់ ទៅធ្វើទស្សនកិច្ចសិក្សានៅវិមានឈ្នះ-ឈ្នះ និងទស្សនាការតាំងពិព័ណកងយោធពលខេមរភូមិន្ទ។

មុននឹងការចាប់ផ្តើមដំណើរទស្សនកិច្ចសិក្សានេះ លោកឧត្តមសេនីយ៍ឯក គឹម រស្មី បានសំដែងនូវគោរពថ្លែងអំណរគុណដ៏ជ្រាលជ្រៅ ចំពោះសម្តេចពិជ័យសេនា ទៀ បាញ់ ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងការពារជាតិ ដែលជាប្រតិបត្តិករដ៏សំខាន់មួយរូប ក្នុងការអនុវត្តនយោបាយ ឈ្នះ-ឈ្នះ និងជាប្រតិបត្តិករ ក្នុងការកសាងនូវវិមាន ឈ្នះ-ឈ្នះ ដែលជានិច្ចកាលសម្តេចពិជ័យសេនា តែងតែយកចិត្តទុកដាក់ ក្នុងការពង្រឹងសមត្ថភាពហ្វឹកហ្វឺន បណ្តុះបណ្តាល ក៏ដូចជាការអប់រំចិត្តសាស្រ្តក្នុងកងយោធពលខេមរភូមិន្ទ និងក្រោមការដឹកនាំផ្ទាល់របស់នាយឧត្តមសេនីយ៍ សំ វណ្ណថន អគ្គលេខាធិការ នៃឧត្តមក្រុមប្រឹក្សាការពារជាតិ និងជាអគ្គលេខាធិការក្រសួងការពារជាតិ អគ្គលេខាធិការដ្ឋានបានរៀបចំទស្សកិច្ចសិក្សាមួយនេះទ្បើង ដើម្បីជាការអបអរសាទរខួបលើកទី២៣ឆ្នាំ នៃការបញ្ចប់សង្រ្គាមស៊ីវិលទាំស្រុង ក្នុងការអនុវត្តក្របដោយជ័យនយោបាយ ឈ្នះ-ឈ្នះ ដែលនាំមកនូវសន្តិភាព និងឯកភាពជាតិពេញលេញ ( ២៩ធ្នូ ឆ្នាំ១៩៩៨- ២៩ធ្នូ ខែ២០២១)។

ទស្សនកិច្ចសិក្សានេះ ត្រូវបានទទួលស្វាគមន៍ដោយក្រុមសេនាតេជោ និងមគ្គុទេស ប្រចាំនៅវិមានឈ្នះ-ឈ្នះ បានពន្យល់រៀបរាប់ពីអត្ថន័យនៃផ្ទាំងសិលាចារឹក ដែលបង្ហាញពីសកម្មភាពដំណើរឆ្ពោះទៅការផ្តួលរំលំរបបប្រល័យពូជសាសន៍ ប៉ុល ពត របស់សម្តេចតេជោ ហ៊ុន សែន និងពន្យល់ពីរូបរាងសំណង់ស្ថាបត្យកម្មនៃវិមាន ឈ្នះ-ឈ្នះ ដែលមានបង្កប់នូវអត្ថន័យជ្រាលជ្រៅ និងជាប្រវត្តិសាស្រ្តសម្រាប់បច្ចុប្បន្ន និងជំនាន់ក្រោយ។

ថ្លែងចេញពីវិមាន ឈ្នះ-ឈ្នះ នាពេលនោះ លោកឧត្តមសេនីយ៍ឯក គឹម រស្មី ក្នុងនាមខ្លួនផ្ទាល់ និងជំនួសមុខឲ្យសិក្ខាកាមទាំងអស់ បានសំដែងនូវការគោរពដឹងគុណប្រកបដោយកត្តញ្ញូដ៏ជ្រាលជ្រៅបំផុត ចំពោះមគ្គុទេសឯក គឺសម្តេចតេជោ ហ៊ុន សែន ដែលបានធ្វើពលិកម្មមិនអាចកាត់ថ្លៃបាន ចំពោះជាតិ និងប្រជាជន និងសូមគោរពដល់ប្រតិបត្តិករ នៃនយោបាយ ឈ្នះ-ឈ្នះ ទាំងអស់ ដែលបានចូលរួមអនុវត្តនយោបាយ ឈ្នះ-ឈ្នះ ប្រកបដោយជោគជ័យរហូតកម្ពុជាទទួលបាននូវសន្តិភាព និងឯកភាពជាតិពេញលេញ។

លោកឧត្តមសេនីយ៍ឯក គឹម រស្មី បានបន្ថែមថា សម្តេចតេជោ មិនត្រឹមតែមានចំណេះដឹងប៉ុណ្ណោះទេ គឺសម្តេចពិតជាវីរជន ដែលមានភាពឈ្លាសវៃ និងសេចក្តីអង់អាចក្លាហាន ក្នុងការសម្រេចបេសកម្មឲ្យដល់គោលដៅជូនជាតិ និងប្រជាជន។

ទស្សនកិច្ចសិក្សានេះ គឺជាផ្នែកមួយនៃការអប់រំចិត្តសាស្រ្តកងទ័ព ជាជំនួយស្មារតីដល់នាយទាហានបន្តវេនបានយល់ច្បាស់ពីប្រវត្តិសាស្រ្តពិត ស្នាដៃពិត និងសមិទ្ធិផលពិត របស់សម្តេចតេជោ ហ៊ុន សែន ដែលមិនអាចអ្នកនយោបាយណាមកយកដណ្តើមបាន។

លោកឧត្តមសេនីយ៍ឯក គឹម រស្មី បានលើកឡើងថា ថ្វីត្បិតព្រះរាជាណាចក្រកម្ពុជា កំពុងមានសុខសន្តិភាព និងការអភិវឌ្ឈពិតមែន ប៉ុន្តែកម្ពុជានៅតែប្រឈមនឹងការជ្រៀតជ្រែកនយោបាយផ្ទៃក្នុងពីបស្ចឹមប្រទេស ដោយសារតែការដណ្តើមភូមិសាស្រ្តនយោបាយ ដូច្នេះក្នុងនាមកងយោធពលខេមរភូមិន្ទ ត្រូវត្រៀមខ្លួនជានិច្ចសម្រាប់ការពារជាតិ ត្រូវមានភាពស្មោះត្រង់ដាច់ខាតជាមួយរាជរដ្ឋាភិបាល ការពារដាច់ខាតនូវរដ្ឋធម្មនុញ្ញា ជាតិ សាសនា ព្រះមហាក្សត្រ ទោះត្រូវលះបង់ក្នុងតម្លៃណាក៏ដោយ។

ក្នុងនាមសិក្ខាកាមទាំងមូល លោកឧត្តមសេនីយ៍ គឹម រស្មី បានសំដែងនូវការអបអសាទរ និងគាំទ្រពេញទំហឹងចំពោះលោក ហ៊ុន ម៉ាណែត ជាបេក្ខភាពនាយករដ្ឋមន្រ្តីសម្រាប់ថ្ងៃអនាគត៕